លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបើកផ្លូវឱ្យតុលាការអាចដាក់ទោសបន្ថែមលើអំពើឃាតកម្មបាញ់ប្រហារដ៏សាហាវ។
ការបញ្ជារបស់នាយករដ្ឋមន្រ្តី ក្រោយមានការបាញ់ប្រហាររបស់អតីតឧកញ៉ាម្នាក់ ឈ្មោះ ស្រី ស៊ីណា សម្លាប់មនុស្ស ២ នាក់ និងរបួស ២ នាក់ នៅក្នុងផ្ទះនៅបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ហើយអយ្យការនៃតុលាការរាជធានីភ្នំពេញបានចោទប្រកាន់ត្រឹមតែអំពើឃាតកម្ម ការប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធខុសច្បាប់ ដែលអាចជាប់ពន្ធនាគារខ្ពស់បំផុតត្រឹម ១៥ ឆ្នាំ មិនមែនអស់មួយជីវិត។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារថា មានការផ្តល់យោបល់ពីអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់លើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ ដែលលោកថា ជាយោបល់ «មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេសការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្នដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវ...»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងយុត្តិធម៌ដែលកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយបញ្ចូលការដាក់ទោសទណ្ឌធ្ងន់ចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវមួយនេះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ «យើងមិនអាចផ្ដន្ទាទោសជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត។ យើងអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ»។
នៅថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលរបស់លោកមិនអាចលូកដៃចូលក្នុងកិច្ចការរបស់តុលាការឡើយ ប៉ុន្តែលោកអំពាវនាវឱ្យស្ថាប័នតុលាការ និងអយ្យការយកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីបាញ់ប្រហារព្រៃផ្សៃនេះឱ្យបានហ្មត់ចត់។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លោកយល់ថា ការធ្វើវិសោធនកម្មច្បាប់គួរតែធ្វើឡើង ដោយមានការសិក្សាឱ្យបានច្បាស់លាស់។
លោក នី សុខា ប្រាប់វីអូអេថា៖ «ការធ្វើវិសោធនកម្មច្បាប់នីមួយៗគួរតែមានការសិក្សាឱ្យបានស៊ីជម្រៅទៅលើបញ្ហានៃបទល្មើស ឬក៏បញ្ហាឆ្លើយតបចំពោះមាត្រាផ្សេងៗទៅលើការអនុវត្ត ក៏ដូចជាការប្រព្រឹត្តជាក់ស្ដែងនៅក្នុងសង្គម គឺត្រូវតែមានការសិក្សាចៀសវាងកុំឱ្យយើងមានការកែប្រែច្បាប់ ដោយផ្ដោតលើករណី ១ ឬករណី ២ ដែលវាកើតមានឡើងត្រូវតែមានការសិក្សាស្វែងយល់បញ្ហាសង្គម វិបត្តិសង្គម តើវាកើតមកពីស្អីឱ្យច្បាស់លាស់អាហ្នឹង យើងអាចធ្វើវិសោធនកម្ម»។
លោក នី សុខា បន្ថែមថាកន្លងមកអង្គការសង្គមស៊ីវិលក៏ធ្លាប់ស្នើឱ្យមានការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ បទល្មើសញុះញង់ និងបទល្មើសបរិហារកេរ្ដិ៍ជាដើម ដើម្បីជៀសវាងធ្វើឱ្យមានការចោទប្រកាន់សកម្មជន ឬបុគ្គលដែលពួកគេគ្រាន់តែបញ្ចេញមតិរបស់ពួកគេតែប៉ុណ្ណោះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា គួរតែមានការផ្តន្ទាទោសអស់មួយជីវិតលើជនល្មើស ដោយសារនេះជាការបាញ់ប្រហារសាហាវព្រៃផ្សៃ និងអមនុស្សធម៌។ ទោះជាយ៉ាងណា លោកថា កម្ពុជាមិនដាក់ទោសទណ្ឌប្រហារជីវិតឡើយ ដោយសាររដ្ឋធម្មនុញ្ញចែងថាទោសប្រហារជីវិតមិនមានឡើយនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងការចោទប្រកាន់អតីតឧកញ៉ានេះក្នុងអំពើបាញ់ប្រហារដ៏សហាវនេះ តុលាការរាជធានីភ្នំពេញបានបញ្ជាក់ថា តំណាងអយ្យការបានសន្និដ្ឋានថា អំពើនេះជាអំពើឃាតកម្ម «ដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃច្បាប់»នោះទេ ព្រោះថា នៅមុនពេលបាញ់ប្រហារទៅលើជនរងគ្រោះ គឺមានការជជែកឈ្លោះប្រកែកគ្នាភ្លាមៗ ដោយពុំមានភស្តុតាងនិងការរៀបចំផែនការសម្លាប់មនុស្សឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការបញ្ជាក់ថា៖ «ការចោទប្រកាន់របស់តំណាងអយ្យការ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់នគរបាលយុត្តិធម៌ និងអយ្យការ»។
តុលាការបញ្ជាក់បន្ថែមថាចៅក្រមស៊ើបសួរនឹងបន្តស្រាវជ្រាវបន្ថែមទៀត ហើយក្នុងករណីរកឃើញភស្តុតាងថ្មីបន្ថែម ដើម្បីដាក់បន្ទុក ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់នេះ៕