គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ចិន​​លើ​ដង​​ទន្លេ​មួយ​នៅ​អាស៊ី​ភាគ​ខាងត្បូង បង្ក​ឲ្យ​ឥណ្ឌា​និង​បង់ក្លាដែស​ព្រួយបារម្ភ

  • Anjana ​Pasricha

រូបឯកសារ៖ សកម្មជន​ឥណ្ឌា​បាន​ស្រែក​ពាក្យស្លោក និង​កាន់ផ្ទាំងក្រដាស​ក្នុង​អំឡុង​ពេល​បាតុកម្ម​ប្រឆាំងនឹង​ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ចិន​នៅលើ​ដងទន្លេ Brahmaputra ឬ Yarlung នៅ​ទីក្រុង Guahati ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២។

គម្រោង​សាងសាង់ទំនប់វារីអគ្គិសនី​ដ៏​មហិមា​របស់ចិន​នៅ​លើ​ដងទន្លេ​ធំ​មួយ ដែល​ហូរចូល​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ និង​បង់ក្លាដេស​ កំពុង​បង្ក​ជាហានិភ័យ​នៃ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ក៏ដូចជា ​ការ​ព្រួយបារម្ភ​ផ្សេងៗ​នៅ​បង់ក្លាដេស ដែល​ពឹង​ផ្អែក​យ៉ាងខ្លាំងលើ​ទន្លេនេះ​សម្រាប់​ការផ្គត់ផ្គង់​ទឹក​សាប។ ​

គម្រោងទំនប់​វារី​អគ្គិសនី​ខ្នាត​ធំ​នៅ​លើ​ដងទន្លេ Yarlung Tspangpo ដែល​ត្រូវ​បាន​ស្គាល់​តាម​ឈ្មោះ​ថា Brahmaputra នៅឥណ្ឌា ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដោយ​ក្រុមហ៊ុន Power Construction Corporation របស់ចិន បើ​ទោះ​បី​គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ក៏​ដោយ។

ក្រុម​អ្នក​វិភាគ​នៅ​ឥណ្ឌា​បាន​លើកឡើង​ពី​ចំណុចព្រួយបារម្ភ​មួយ​ចំនួន​ ដោយ​ពួកគេភ័យខ្លាចថា គម្រោងវារីអគ្គិសនី​នោះ​នឹង​បង្ក​ឲ្យ​មាន​ទឹកជំនន់ ឬកង្វះ​ខាត​ទឹក។ ​ហើយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​និយាយ​ថា គម្រោង​ទំនប់វារីអគ្គិសនី​នៅ​ជិត​តំបន់ព្រំដែន ​ដែល​មាន​ការ​ពង្រាយយោធា​ជា​ច្រើន​ជាមួយ​នឹង​ឥណ្ឌា​ នឹងផ្តល់​ការ​ចំណេញ​ផ្នែក​យុទ្ធសាស្រ្ត​ដល់រដ្ឋាភិបាល​ក្រុង​ប៉េកាំង ខណៈ​ការខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ទាំងពីរ​នឹង​ដាក់​សម្ពាធ​លើ​ជម្លោះព្រំដែន​នៅ​តំបន់​ភ្នំ​ហិមាល័យ។ ​

គម្រោងទំនប់​វារីអគ្គិសនីខាង​លើ​នេះ ​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ត្រូវ​សាងសង់​នៅ​ទី​បេ ត្រង់​ចំណុច​របត់​ទន្លេ​មួយ​នៅ​តំបន់​រដ្ឋ Arunachal Pradesh ភាគ​ឦសាន​ប្រទេស​ឥណ្ឌា ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាង​ថា​ជា​ តំបន់ទីបេ​ភាគ​ខាង​ត្បូង។ គម្រោង​វារី​អគ្គិសនី​នេះ​អាច​ផលិត​អគ្គិសនី​បាន​រហូតដល់ ៦០​ហ្គីហ្គាវ៉ាត់។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​សារព័ត៌មាន​ក្នុង​ស្រុកចិន។ ហើយចំនួន​នេះ​គឺមាន​បី​ដង​ច្រើន​ជាង​ទំហំ​អគ្គិសនី​ផលិត​ចេញ​ពី​វារីអគ្គិសនី​ Three Gorges Dam នៅ​លើ​ដង​ទន្លេ Yangtze ដែល​ជា​វារីអគ្គិសនី​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

លោក Jagannath Panda នៃវិទ្យាស្ថាន​ Manohar Parrikar សម្រាប់​ការ​សិក្សា​អំពី​ការការពារ​ជាតិ​និង​អ្នកវិភាគ​ក្នុងក្រុង​ញូវដេលី ​បាន​និយាយ​ថា៖ «សម្រាប់​ប្រទេស​ឥណ្ឌា ការ​ព្រួយបារម្ភ​ចម្បង​គឺ​សកម្មភាព​ឯកត្តោភាគី​របស់​ចិន​នៅ​ក្នុង​ការ​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​គម្រោង​វារី​អគ្គិសនី​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​គ្រប់គ្រង​លើ​លំហូរ​ទឹក​ពី​ទន្លេ​ដែល​ហូរ​ឆ្លង​រវាង​ប្រទេស»។

ដោយ​លើកឡើង​ថា ផែនការ​សម្រាប់​គម្រោង​វារីអគ្គិសនី​នេះ​ត្រូវ​បាន​លាតត្រដាង​នៅ​ពេល​ដែល​ការ​ប្រឈម​ផ្នែក​យោធា​ជុំវិញ​ជម្លោះ​ព្រំដែនបាន​ធ្វើ​ឲ្យ​ទំនាក់ទំនងរវាង​ចិន​និង​ឥណ្ឌា​កាន់​តែ​ចុះ​ដុនដាប។ លោក Panda ​បាន​ថ្លែងថា៖ «ចិន​កំពុង​ព្យាយាម​ផ្សារភ្ជាប់​បញ្ហា​ទឹក​ជាមួយ​នឹង​ជម្លោះ​ព្រំដែន​ដែល​មាន​លក្ខណៈធំ​ទូលាយ​ជាង​នេះ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​ប្រទេស​ឥណ្ឌា»។

អគ្គិសនី​ដែល​ផលិត​បាន​នឹង​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រេច​គោលដៅ​ថាមពល​ស្អាត​របស់​ខ្លួន និង​ពង្រឹង​សន្តិសុខផ្នែក​ធនធាន​ទឹក។ នេះ​បើ​យោង​ទៅ​តាម​លោក Yan Zhiyong នាយក​ក្រុមហ៊ុន​ Power Construction Corporation of China ដែល​បាន​ហៅ​គម្រោង​នេះ​ថា​ជា «ឱកាស​ជា​ប្រវត្តិសាស្រ្ត»។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ជំនាញ​ផ្នែក​យោធា​នៅ​ក្រុង​ញូវដេលី បាន​សង្កត់​ពី​អ្វី​ដែល​ពួកគេ​យល់ឃើញ​ថា​ជា ផលវិបាក​ផ្នែក​សន្តិសុខ​សម្រាប់​ប្រទេស​ឥណ្ឌា​ពី​វត្តមាន​វារីអគ្គិសនី​ខ្នាតធំ​នៅ​ជិត​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ។

លោក​ឧត្តមសេនីយ៍ទោ Arun Sahgal នៃ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​ Delhi Policy Group មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវដេលី​ បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ចិន​បង្កើត​ជា​ទ្រព្យសម្បត្តិ​ដ៍​មហិមា​ដូចនេះ ចិននឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​សព្វាវុធ​តាម​អាកាស និង​សាងសង់​ផ្លូវ ហើយ​ទីប្រជុំជនថ្មី​នឹង​លេច​ឡើង»។

លោក​បាន​បន្ត​ថា៖ «ប្រសិន​បើ​អ្នក​នាំ​យក​នូវ​ការ​អភិវឌ្ឍ​ដូចនេះ​មក​ជិត​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ វា​នឹង​ក្លាយ​ជា​បន្ទាត់​ក្រហម​ដ៏​ធំ​មួយ ហើយ​នឹង​ដាក់​សម្ពាធ​មក​លើ​ឥណ្ឌា​នៅ​ក្នុង​ស្ថានភាព​យោធា​ណា​មួយ​»។

ស្ថានទូត​ចិន​នៅ​ក្រុង​ញូវដេលី​បាន​ព្យាយាម​សម្រាល​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​គម្រោងវារីអគ្គិសនី​ថ្មី ដោយ​និយាយ​ថា គម្រោង​អភិវឌ្ឍន៍​នេះ​កំពុងស្ថិតនៅ «ដំណាក់កាល​រៀបចំ​ផែនការ​ និង​សាកល្បង​ជា​បឋម» ប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍​ពី​ស្ថានទូត​ចិន​បាន​លើកឡើងកាល​ពី​ខែ​មុន​ថា ចិន​ «តែងតែ​ប្រកាន់​យក​អាកប្បកិរិយា​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​អភិវឌ្ឍ​និង​ការប្រើប្រាស់​ទន្លេ​ឆ្លង​ព្រំដែន»។

សេចក្តីថ្លែងការណ៍​បាន​បន្ត​ថា៖«រាល់​គម្រោង​ណាក៏​ដោយ​នឹង​ត្រូវ​មាន​ការ​រៀបចំ​ផែនការ និង​សាកល្បង​តាម​លក្ខណៈ​វិទ្យាសាស្រ្ត​ជាមួយ​នឹង​ការ​គិតគូរ​ពេញលេញ​ពី​ផលប៉ះពាល់​មក​លើ​តំបន់​ផ្នែក​ខាង​ក្រោម​ទន្លេ និង​ផល​ប្រយោជន៍​របស់បណ្តា​ប្រទេស​ទាំង​នៅ​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោម​ទន្លេ»។

​ទោះបីយ៉ាង​ណា​ក៏​ដោយ សេចក្តី​ថ្លែងការណ៍នេះ​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ស្ងប់ចិត្ត​នោះ​ទេ។

លោក Jagannath Panda ប្រចាំវិទ្យាស្ថាន​ Manohar Parrikar បាន​និយាយ​ថា៖ «រាល់​សេចក្តីថ្លែងការណ៍​ណាមួយ​ បែប​វោហារសាស្ត្រ​នេះ​នឹង​មិន​ជួយ​អ្វី​នោះ​ទេ» ដោយលោក​បន្ថែម​ថា អំឡុងពេល​ការ​ប្រឈម​ផ្នែកយោធា​ដ៏​តាន​តឹង​រវាង​ឥណ្ឌា និង​ចិនតាមបណ្តោយ​ព្រំដែន​កាល​ពី​ឆ្នាំ ២០១៧ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនបាន​ចែករំលែក​ទិន្នន័យ​វារីអគ្គិសនី​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ញូវដេលី​នោះ​ទេ ដែលទិន្នន័យ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​សារៈសំខាន់​សម្រាប់​ព្យាករណ៍​ពី​គ្រោះ​ទឹកជំនន់​នៅ​ភាគនិរតី​ប្រទេស​ឥណ្ឌា។

លោក​បាន​បន្ត​ថា ការណ៍​នេះ​កាន់​តែ​ធ្វើ​ឲ្យ​មានព្រួយបារម្ភកាន់​តែ​ខ្លាំង​ថា ចិន​អាច​ប្រើប្រាស់​ទីតាំង​របស់​ខ្លួន​នៅ​ផ្នែក​ខាង​លើ​ទន្លេ​ជា​យុទ្ធសាស្ត្រ​មួយ​។

​ខណៈ​ឥណ្ឌា និង​ចិន​មិនមាន​កិច្ចព្រមព្រៀង​ផ្លូវ​ការ​ណា​មួយ​លើ​ការ​ចែករំលែក​ទឹក​ប្រើប្រាស់​ ប្រទេស​ជិត​ខាង​នឹង​គ្នា​ទាំង​ពីរនេះ​មាន​កិច្ចព្រមព្រៀង​លើ​ការ​ចែករំលែក​ទិន្នន័យ​លើ​លំហូរ​ទឹក។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សាងសង់​វារីអគ្គិសនី​ទំហំ​តូច​និង​មធ្យម​ចំនួន​ប្រមាណ ១២​នៅ​លើ​ដង​ទន្លេ Yarlung Tsangpo។

បន្ទាប់​ពី​ការ​ប្រកាស​របស់​ចិន​ពីគម្រោង​វារីអគ្គិសនី​ចុងក្រោយ​បង្អស់​របស់​ខ្លួន​ មន្រ្តី​ឥណ្ឌាមួយ​រូប​បាន​ប្រាប់​ទៅ​ក្រុម​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុង​ញូវដេលី​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​សម្រេច​នូវ​គម្រោងសាងសង់​វារីអគ្គិសនី​មួយ​នៅ​លើ​ដង​ទន្លេ Brahmaputra ផង​ដែរ។

លោក T.S. Mehra មន្រ្តី​ជាន់ខ្ពស់​នៅ​ក្រសួងធនធាន​ទឹក​ឥណ្ឌា​បាន​ប្រាប់​ទៅ​សារព័ត៌មាន​ Press Trust of India កាល​ពី​ខែ​មុន​ថា៖ «គម្រោង​វារីអគ្គសនីនេះ​នឹង​ជួយ​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​គម្រោង​វារីអគ្គិសនី​របស់​ចិន»។

​អត្ថបទ​មួយ​ចុះ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ Lowy នៅ​ប្រទេស​អូស្រ្តាលី​កាល​ពី​ខែ​កក្កដា បាន​លើកឡើងថា ឥណ្ឌា​ត្រូវវាយតម្លៃ​ពី​ការ​ដែល​ចិន​អាច​យក​ការមាន​ប្រៀប​របស់​ខ្លួន​ជា «រដ្ឋ​នៅ​ផ្នែក​ខាង​លើ​ទន្លេ»ប្រើប្រាស់​ជា​ «អាវុធ» យុទ្ធសាស្ត្រ​ជាមួយ​នឹងបណ្តា​ប្រទេសដទៃ​ទៀត​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ។

គម្រោង​វារីអគ្គិសនី​របស់​ចិន​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​បង់ក្លាដេស ដែល​ភ័យ​ខ្លាច​ថា ​ខ្លួន​អាច​នឹង​ត្រូវ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​ប្រទេស​ឥណ្ឌា​ថែមទៀត។

​ក្រុម​អ្នក​ជំនាញ​ព្រួយបារម្ភ​ថា វារីអគ្គិសនី​ ដែល​គ្រោង​នឹង​សាងសង់​នេះ នឹង​បង្ក​ការ​រំខាន​ដល់​លំហូរ​ទឹក​ ដែល​មាន​សារៈសំខាន់​សម្រាប់​ទ្រទ្រង់​ជីវភាព និង​កសិកម្ម​ប្រទេស​បង់ក្លាដេស​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​កកកុញ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិភាក្សា​ជាមួយ​នឹង​បណ្តា​ប្រទេសនៅ​ផ្នែក​ខាង​ក្រោម​ទន្លេ មុន​ពេល​គម្រោងវារីអគ្គិសនី​នេះ​ត្រូវ​បាន​អនុវត្ត។

លោក Malik Fida Khan នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សេវាកម្ម​ព័ត៌មាន​បរិស្ថាន និង​ភូមិសាស្រ្ត​នៅ​ក្រុង​ដាកា​បាន​និយាយ​ថា​៖ «នៅ​រដូវ​ប្រាំង​ ទន្លេ​ Brahmaputra បានជួយយ៉ាងខ្លាំង​ទៅ​ដល់ប្រទេស​បង់ក្លាដេស»។

​លោក​បាន​លើកឡើង​ថា វារីអគ្គិសនីអាច​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ខ្លាំង​ជាង​ការណ៍​គ្រាន់​តែ​ប៉ះពាល់​ទៅ​លើ​លំហូរ​ទឹក​ទៅ​ទៀត។

លោក​បាន​ថ្លែង​ថា៖ «អ្នក​កំពុង​តែ​បង្អាក់​លំហូរ​ដី​សណ្ត​បាត​ទន្លេ និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ​ដែល​ហូរ​ពី​ផ្នែក​ខាង​លើ​ទន្លេ ហើយ​នេះ​មានផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ប្រព័ន្ធ​អេកូឡូស៊ី»។

​នេះ​មិនមែន​ជា​គម្រោង​ទំនប់វារីអគ្គិសនី​ដំបូង​របស់​ចិន​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​នោះ​ទេ។

នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ចិន​បាន​ប្រឈមនឹង​ការ​ចោទប្រកាន់​ថា វារីអគ្គិសនី​ជា​បន្តបន្ទាប់របស់​ខ្លួន​នៅ​លើ​ដង​ទន្លេ​មេគង្គ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ខ្វះខាត​ទឹក​កាន់​តែ​អាក្រក់​នៅ​តាម​បណ្តា​ប្រទេសនៅ​ផ្នែក​ខាង​ក្រោម​ទន្លេ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រានចោល​របាយការណ៍​ដែល​បាន​លើកឡើង​ដូចនេះ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា