ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជូន​ដំណឹង​ដល់​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ ពី​ការ​​បង្ខាំង​ទឹក​ទុក​​​​នៅ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន


រូបឯកសារ៖ អ្នក​នេសាទ​​កំពុង​នេសាទ​ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ នៅ​ខេត្ត Nakhon Phanom ប្រទេស​ថៃ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។​
រូបឯកសារ៖ អ្នក​នេសាទ​​កំពុង​នេសាទ​ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ នៅ​ខេត្ត Nakhon Phanom ប្រទេស​ថៃ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។​

ប្រទេស​ចិន​បាន​ជូន​ដំណឹង​ដល់​ប្រទេស​ខ្សែទឹក​ខាង​ក្រោម​ដង​ទន្លេមេគង្គ​ថា ខ្លួន​បាន​បង្ខាំង​ទឹក​ទន្លេ​នេះ នៅ​ក្នុង​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​ចំនួន​២០​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចែក​រំលែក​ទិន្នន័យ​ថ្មី​អំពី កម្រិត​ទឹក​នោះ។ នេះ​បើ​តាមការ​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ របស់​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​និង​ប្រទេស​ថៃ​នោះ។

សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ថ្មី​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិកនោះ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចិនបាន​ខក​ខានក្នុង​ការ​ជូន​ដំណឹង​ដល់​បណ្តាប្រទេសនៅ​តាម​ដងទន្លេ​មេគង្គ​ខាង​ក្រោម ដែល​បានបង្ខាំង​ទឹក​ទុកចាប់​តាំង​ពី​ថ្ងៃ​ទី៣១​ ខែធ្នូ​កន្លង​ទៅ​នេះ​។

ប្រទេស​ចិន​កាល​ពីខែ​តុលា​កន្លង​ទៅ បាន​យល់​ព្រម​ចែក​រំលែក​ទិន្នន័យ​អំពីកម្រិត​ទឹក​ជាមួយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ដែល​ជា​ស្ថាប័ន​ប្រឹក្សា​មួយ​ ទៅ​ឲ្យប្រទេស​ថៃ​ ឡាវ កម្ពុជា​ និងប្រទេស​វៀតណាម​ ដែល​បាន​ស្វែង​រកជា​យូរ​មក​ហើយ​នូវទិន្នន័យ​អំពី​កម្រិត​ទឹក​នេះ​សម្រាប់​ធ្វើ​ផែនការ​នានា។​ ​

ប្រជា​ជន​សរុប​ប្រមាណ​ជាង​៦០លាន​នាក់ នៅ​តាម​បណ្តា​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម​ទន្លេ​មេគង្គ​ រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​របរ​នេសាទ​ និង​ការធ្វើ​កសិកម្ម។

មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ទឹករបស់​ប្រទេស​ថៃ​ បាន​ឲ្យដឹង​ថា ប្រទេស​ចិន​បាន​ជូន​ដំណឹង​ដល់​ខ្លួន​ កាល​ពី​ថ្ងៃ​អង្គារ​ថា​ ទំនប់​វារីអគ្គិសនី​របស់​ចិន​ Jinghong ចាប់​ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​២៤​ មករា​ នឹងកាត់​បន្ថយ​អត្រា​បញ្ជូន​ទឹក​ចេញ​ពី​ចំនួន១.៩០៤​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី​ ទៅ​ត្រឹម​១.០០០​ម៉ែត្រគីប​ ក្នុង​មួយ​វិនាទី​វិញ​ ដែល​ការ​កាត់​បន្ថយ​បរិមាណ​នៃ​ការ​បើក​ទឹក​ចេញ​នេះ​ មាន​ចំនួន​ប្រមាណ​៤៧%៕

XS
SM
MD
LG