អ្នកស្រីវេជ្ជបណ្ឌិត Karin Lourens ដែលជាពេទ្យសត្វមួយរូបបានក្លាយជាទៅជា «វេជ្ជបណ្ឌិតព្យបាលសត្វពង្រូល» នៅអាហ្វ្រិកដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះសត្វប្រភេទនេះចេញពីការធ្វើជំនួញសត្វព្រៃខុសច្បាប់។
វិធីសាស្ត្របញ្ចុកចំណីតាមទុយោ និងការធ្វើតេស្តឈាមដែលណែនាំដោយអ្នកស្រីវេជ្ជបណ្ឌិតជួយសង្គ្រោះជីវិតសត្វដែលជិតផុតពូជនេះបានច្រើន។
អ្នកស្រីវេជ្ជបណ្ឌិត Karin Lourens ដែលព្យាបាលសត្វពង្រូលបានថ្លែងថា៖ «ប្រសិនបើអ្នកមើលជើងរបស់សត្វពង្រូលនេះ យើងអាចដឹងថា វាជាប់នៅក្នុងទ្រុងយូរប៉ុនណា...»។
សត្វពង្រូលជិតផុតពូជនេះ ជាអំបូរមួយប្រភេទដែលរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងអាហ្វ្រិកខាងកើត ហើយវាជាសត្វដែលមានសំណាង។
សត្វពង្រូលនេះស្ថិតក្នុងចំណោមសត្វពង្រូល៥០ក្បាល ដែលត្រូវបានជួយសង្គ្រោះនៅឆ្នាំនេះ ចេញពីអ្នកជួញដូរសត្វព្រៃ និងត្រូវបានអ្នកស្រីវេជ្ជបណ្ឌិត Karin Lourens មើលថែទាំ។
វិធីសាស្ត្រថែទាំផ្នែកវេជ្ជសាស្ត្រដ៏ថ្មីស្រឡាងរបស់អ្នកស្រីសម្រាប់សត្វពង្រូលនេះនឹងជួយធ្វើឲ្យវាអាចត្រឡប់ទៅទីជម្រករបស់វាវិញបានក្នុងពេលឆាប់ៗ។
សូមទស្សនាវីដេអូខាងក្រោម៖
Your browser doesn’t support HTML5
អ្នកស្រីវេជ្ជបណ្ឌិត Karin Lourens បានថ្លែងថា៖ «យើងដឹងពីសត្វពង្រូលអំបូរ Temminck តិចណាស់។ មានការប្រម៉ាញ់យកសត្វនេះជាច្រើន និងយូរយារមកហើយនៅក្នុងទ្វីបអាស៊ី។ ដូច្នេះក្រុមអ្នកស្រាវជ្រាវបានចំណាយពេលច្រើនដើម្បីសិក្សាស្រាវជ្រាវអំពីអំបូរសត្វប្រភេទនេះ។ ចំណែកពួកយើងវិញ យើងអាចជួយសង្គ្រោះបានម្តងមួយៗ។ សត្វពង្រូលនៅអាស៊ីស៊ីចំណីនៅលើចាន ប៉ុន្តែសត្វពង្រូលនៅទីនេះអត់ស៊ីទេ។ យើងត្រូវយកវាទៅដាក់នៅកន្លែងដែលវារស់នៅតាមធម្មជាតិវិញ និងត្រូវតាមដានមើលវារាល់ពេលយើងឲ្យចំណីវាស៊ី»។
ក្រុមការងាររបស់អ្នកស្រីវេជ្ជបណ្ឌិត Lourens បានបង្កើតវិធីសាស្ត្របញ្ចុកចំណីតាមទុយោ ដោយប្រើអាហារមានជាតិខ្លាញ់តិច និងប្រូតេអ៊ីនច្រើន ដើម្បីជួយឲ្យសត្វពង្រូលដែលត្រូវបានសង្គ្រោះទាំងនោះ នៅរស់ និងអាចជាសះស្បើយ។
ការស្រាវជ្រាវរបស់អ្នកស្រីវេជ្ជបណ្ឌិតលើការធ្វើតេស្តឈាមបានធ្វើឲ្យមានភាពងាយស្រួលក្នុងការរៀបចំគម្រោងព្យាបាលសត្វពង្រូលនីមួយៗ។
លោកសាស្ត្រាចារ្យ Leith Meyer គឺជានាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រពេទ្យសត្វនៃសាកលវិទ្យាល័យ Pretoria។ លោកនិយាយថាការស្រាវជ្រាវរបស់អ្នកស្រីវេជ្ជបណ្ឌិត Lourens មានសារៈសំខាន់ខ្លាំងណាស់។ លោកបានថ្លែងថា៖
«អ្នកស្រីវេជ្ជបណ្ឌិតរកឃើញវិធីព្យាបាលដ៏មានសារៈសំខាន់មួយ។ អ្នកស្រីបានរកឃើញរឿងដ៏សំខាន់មួយអំពីទម្លាប់រស់នៅធម្មតារបស់សត្វពង្រូល និងអំពីដំណើរការរបស់រាងកាយពួកគេ។ ការរកឃើញទាំងនេះបានធ្វើឲ្យអ្នកស្រី និងមនុស្សផ្សេងទៀតនៅក្នុងពិភពលោកអាចថែទាំសត្វពង្រូលបានល្អជាងមុន»។
អ្នកស្រី Nicci Wright ធ្វើការឲ្យអង្គការក្រុមការងារការពារសត្វពង្រូលអាហ្វ្រិក និងការពារការជួញដូរសត្វអន្តរជាតិ ឬ African Pangolin Working Group and Humane Society International។ អ្នកស្រីបាននិយាយថា វាច្បាស់ណាស់ថាការអភិរក្សសត្វអង្រូលនៅទ្វីបអាហ្វ្រិកមិនមែនគ្រាន់តែអាចបញ្ចប់ការប្រម៉ាញ់សត្វពង្រូលប៉ុណ្ណោះទេ។
អ្នកស្រី Wright និយាយថា «យើងត្រូវការវិធីសាស្ត្រផ្សេងៗ។ អ្វីដែលសំខាន់បំផុតគឺការព្យាបាលដោយពេទ្យសត្វ»។
លោកសាស្ត្រាចារ្យ Raymond Jansen គឺជាប្រធានអង្គការការពារសត្វពង្រូលអាហ្វ្រិក ឬ African Pangolin Working Group។ លោកនិយាយថា សត្វពង្រូលដែលទទួលបានការព្យាបាលពីអ្នកជំនាញនៅអាហ្វ្រិកខាងត្បូងមានសុខភាពល្អ។
លោកនិយាយថា «ប្រសិនបើយើងអាចសង្គ្រោះពួកវាបានលឿននោះ យើងអាចយកវាចេញពីមន្ទីរពេទ្យបានជាង៩០%។ យើងតាមដានពួកវារយៈពេល១ឆ្នាំបន្ទាប់ពីយើងដោះលែងពួកគេចូលទៅក្នុងព្រៃ។ អត្រាជោគជ័យរបស់ពួកវាគឺមានប្រមាណជា ៧៥%»។
សត្វអង្រូលគឺជាសត្វមួយប្រភេទក្នុងចំណោមសត្វនានាដែលត្រូវបានពួកឈ្មួញជួញដូរច្រើនបំផុត។
វិធីសាស្ត្រថែទាំថ្មីរបស់អ្នកស្រីវេជ្ជបណ្ឌិត Lourens គឺគ្រាន់តែជាវីធីសាស្ត្រមួយអាចជួយទប់ស្កាត់មិនឲ្យសត្វប្រភេទនេះផុតពូជទាំងស្រុងចេញពីភពផែនដី៕