រដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទនេះ បានទទួលវត្ថុបុរាណចំនួន៧៧ពីប្រទេសអង់គ្លេស ដែលត្រូវបានចាត់ទុកថាជា«ព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា»។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយនាថ្ងៃចន្ទនេះ។
វត្ថុបុរាណទាំងនេះជាប្រភេទគ្រឿងអលង្ការបុរាណខ្មែរ ដែលទទួលបានពីក្រុមគ្រួសាររបស់លោក Douglas Latchford អ្នករក្សាទុកវត្ថុបុរាណជនជាតិអង់គ្លេស ដោយអនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរដ្ឋាភិបាលកម្ពុជា និងគ្រួសាររបស់លោក Douglas Latchford។ កិច្ចព្រមព្រៀងនោះបញ្ជាក់ថារាល់វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក Douglas Latchford នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។
គ្រឿងអលង្ការបុរាណខ្មែរនេះ ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជាក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួន។
ក្រសួងវប្បធម៌បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលមានសុឆន្ទៈ ខ្នះខ្នែង និងសហការបានល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលប្រគល់វត្ថុបុរាណទាំងនេះជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ ដែលសបញ្ជាក់ពីយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសនានាក្នុងសកលលោក»។
អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថាវត្ថុបុរាណទាំងនេះ គឺជា«ព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ»។
អ្នកស្រីបន្ថែមថា៖ «ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ជាតិទាំងនេះ បានបើកទំព័រថ្មីមួយទៀត ក្នុងការស្វែងយល់ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិកភណ្ឌ ទាំងនោះសម្រាប់ពិភពលោក»។ អ្នកស្រីក៏លើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារមន្ទីរ ក៏ដូចជាស្ថាប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។
គួរបញ្ជាក់ថាក្រោយមានការឯកភាពពីកូនស្រីរបស់អ្នកជំនាញវត្ថុបុរាណម្នាក់ គឺលោក Douglas Latchford ដែលបានស្លាប់កាលពីឆ្នាំ២០២០ វត្ថុបុរាណនានាត្រូវបានបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់។
កាលពីចុងឆ្នាំ ២០១៩ Douglas Latchford ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាអាមេរិកថា «រត់ពន្ធវត្ថុបុរាណ» ដែលត្រូវបានគេលួចចេញពីប្រទេសកម្ពុជា និងការសម្រួលឲ្យវត្ថុបុរាណនោះងាយស្រួលលក់នៅលើទីផ្សារវត្ថុសិល្បៈអន្តរជាតិដោយសារលោកបានជួយលាក់បាំងប្រវត្តិបាត់បង់វត្ថុទាំងនោះតាមរយៈការចេញឯកសារក្លែងក្លាយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានNew York Times (ញូវយ៉កថែមស៍)កាលពីកន្លងទៅ។
លោក Douglas Latchford ដែលមានសញ្ជាតិថៃ និងអង់គ្លេស ត្រូវបានចោទប្រកាន់ពីបទធ្វើជា«បណ្តាញ»អស់រយៈពេលជាច្រើនទសវត្សរ៍សម្រាប់វត្ថុបុរាណកម្ពុជា ដែលត្រូវបានគេលួចជីកដោយខុសច្បាប់ពីប្រាសាទបុរាណនៅក្នុងព្រៃក្នុងអំឡុងពេលប្រទេសកម្ពុជាជួបសង្គ្រាមស៊ីវិល ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សរ៍ទី៦០។
លោក ធុយ ចាន់ធួន អ្នកស្រាវជ្រាវវត្ថុបុរាណកម្ពុជាជិត៣០ឆ្នាំមកហើយ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាវត្ថុបុរាណខ្មែរភាគច្រើនដែលបានបាត់បង់ទៅ គឺក្នុងពេលប្រទេសមានសង្រ្គាម ដែលជាហេតុធ្វើឱ្យអ្នកឆ្លៀតឱកាសនាំយកទៅប្រទេសរបស់ពួកគេ។
លោកបន្តថា៖ «អ្នកដែល លួចច្រើនជាងគេ អ្នកដែលយកទៅលក់ច្រើនជាងគេ គឺស្រុកសៀមហ្នឹង អ៊ីចឹងគឺប្រទេសក្បែរខាងទាំងពីរហ្នឹង ជាអ្នកយករបស់យើងច្រើនជាងគេ ហើយដែលច្រើនជាងគេគឺស្រុកសៀម គឺសុទ្ធតែពួកមូលធននិយម គេសំបូរលុយ គេជះទឹកលុយធ្វើការខាងហ្នឹងច្រើន បាទ»។
គួរបញ្ជាក់ថាកាលពីកន្លងទៅ រដ្ឋាភិបាលអាមេរិកក៏បាននាំវត្ថុបុរាណដែលលាក់ទុកនៅអាមេរិកមកកម្ពុជាជាបន្តបន្ទាប់ផងដែរ៕