ពិព័រណ៍​រូបថត រំឭក​ដល់​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

កងទ័ព KPAF ឈាន​ទៅ​បញ្ឈប់​ការវាយលុក​ចុងក្រោយ​របស់​ខ្មែរក្រហម នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ខេត្ត​កំពង់ធំ ឆ្នាំ១៩៩២។ (រូបថតដោយ៖ Tim Page)

ការ​តាំង​ពិព័រណ៍​ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា Resilience ឬ​ជា​ភាសា​ខ្មែរ​ថា​ការ​វិល​មក​វិញ​នូវ​សន្តិភាព រៀប​ចំ​ឡើង​ដោយ​សហ​ការ​គ្នា​រវាង​វិចិត្រសាល​សិល្បៈ ខន់​ស្ទេ​បល (Constable at Large Gellery)​ និង មជ្ឈ​មណ្ឌល​សិក្សា​អំពី​ជម្លោះ និង​សន្តិភាព (Center for Peace and Conflict Studies)។ ​​

នៅ​ដើម​ខែ​តុ​លា​ខាងមុខ​នេះ​នៅ​ឯ​ខេត្ត​សៀមរាប នឹង​មាន​ការ​តាំង​ពិព័រណ៍​រូបភាព​មួយ​ដែល​រៀប​ចំ​ឡើង​ដើម្បី​រំលឹក​ដល់​អនុស្សាវរីយ៍​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​

សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ ត្រូវ​បានបង្កើត​ឡើង​កាល​ពី​ថ្ងៃទី២៣​ តុលា ឆ្នាំ១៩៩១។

ការ​តាំង​ពិព័រណ៍​ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា Resilience ឬ​ជា​ភាសា​ខ្មែរ​ថា​ការ​វិល​មក​វិញ​នូវ​សន្តិភាព រៀប​ចំ​ឡើង​ដោយ​សហ​ការ​គ្នា​រវាង​វិចិត្រសាល​សិល្បៈ ខន់​ស្ទេ​បល (Constable at Large Gellery)​ និង មជ្ឈ​មណ្ឌល​សិក្សា​អំពី​ជម្លោះ និង​សន្តិភាព (Center for Peace and Conflict Studies)។

ការ​តាំង​ពិព័រណ៌​នេះ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១​ ខែ​តុលា រហូត​ដល់​ដាច់​ខែ​វិច្ឆិកា និង​បើក​ឲ្យ​ទស្សនា​ដោយ​សេរី​សម្រាប់​ប្រជាជន​កម្ពុជា​ សិស្ស​និស្សិត​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​ប្រវត្តិ​សាស្ត្រ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ជាដើម។

ជនភៀសខ្លួន​កំពុង​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ថៃ តាម​ផ្លូវ​ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ​តាម​រយៈ​រថភ្លើង​ដំបូង​ដែល​បាន​រៀបចំ​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន នៅ​ខែមីនា ឆ្នាំ១៩៩៣។ (រូបថតដោយ៖ Tim Page)

រូបថត​ទាំង​អស់​ នឹង​ដាក់​តាំង​ក្នុង​វិចិត្រ​សាល​សិល្បៈ ខន់​ស្ទេ​បល (Constable at Large Gellery)។​

រូបថត​ដែល​ដាក់​បង្ហាញ​ទាំងអស់​ក្នុង​កម្មវិធី គឺ​ជា​ស្នាដៃ​របស់​អ្នក​ថត​រូប​បរ​ទេស​៣ រូបគឺ​លោក Tim Page, George Nickels និង John Rodsted។​

ចំណែក​នៅ​ថ្ងៃទី២៣​ តុលា​តែ​ម្តង នឹង​មាន​កម្មវិធី​សម្ពោធ​ជា​ផ្លូវ​ការ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ម្ចាស់​រូបថត ដែល​នឹង​ធ្វើ​ជា​វាគ្មិន​ក្នុងកម្មវិធី​នេះ​ដើម្បី​បង្ហាញ​ពី​ទស្សនៈ​ខ្លួន​ទៅ​កាន់​អ្នកចូលរួម។​

ម្ចាស់​វិចិត្រសាល​សិល្បៈ ខន់​ស្ទេបល​ ដែល​ជា​អ្នក​វិចិត្រ​សិល្បករ​ជនជាតិ​អង់គ្លេស អ្នកស្រី Sasha Constable បាន​ប្រាប់​VOA​តាមរយៈ​សារ​អេឡិចត្រូនិក​ថា គោល​បំណង​ដែល​សំខាន់​នៃ​កម្ម​វិធី​តាំង​ពិព័រណ៍​នេះ​គឺ​រំលឹក​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​វា​ជា​ផ្លូវ​សម្រាប់​ការ​ផ្លាស់ប្ដូរ​នៃ​ប្រទេស​មួយ​ដែល​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ដោយសារជម្លោះ ឲ្យ​ទៅ​ជា​ប្រទេស​ដែល​មាន​ស្ថេរ​ភាព​ និង​សន្តិ​ភាព។ ហេតុ​ដូច​នេះ​ អ្នក​ស្រី​និយាយ​ថា វា​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំ​ខាន់​ដែលត្រូវ​រលឹក។​

អ្នក​ស្រី Sashaបញ្ជាក់​បន្ថែម​ថា​ Risilence Exhibition (ឬ ការ​តាំង​ពិព័រណ៍ ការ​វិល​មក​វិញ​នូវ​សន្តិ​ភាព)​ គឺ​ជា​ការ​តាំង​ពិព័រណ៍​បែប ប្រវត្តិសាស្ត្រ​ និង​អប់រំ​ដែល​ច្បិច​យក​នូវ​ទិដ្ឋភាព និង​រឿង​រ៉ាវ​របស់​កម្ពុជា​ ដែល​បន្សល់​ក្រោយ​ជម្លោះ​ជា​ប្រវត្តិសាស្រ្ត។

កងទ័ព​សមុទ្រ​នៃ​ចក្រភព​អង់គ្លេស​នៃ​អ៊ុនតាក់ និង​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​ស្រុក​កំពុង​ពិភាក្សា​ពី​ដំណើរការ​នៃ​ការបោះឆ្នោត ភាគខាងត្បូង​នៃ​ខេត្តក្រចេះ ខែឧសភា ឆ្នាំ១៩៩៣។ (រូបថតដោយ៖ Tim Page)

រឿង​រ៉ាវ​ដែល​សេស​សល់​ពី​សង្គ្រាម ​នឹង​ត្រូវ​គេ​លាត​ត្រដាង​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ​រួមមាន​ការ​ចូល​មក​បំពេញបេសកកម្ម​របស់​អាជ្ញាធរ​អន្តរ​កាល​នៃ​អង្គការសហប្រជាជាតិ ឬ​ហៅ​កាត់​ថា​អ៊ុន​តាក់ ក្នុង​ចន្លោះ​ឆ្នាំ១៩៩២ និង១៩៩៣ បេសកកម្ម​សប្បុរស​ធម៌​នៃ​កម្មវិធី​ដោះ​មីន​របស់​ស្ថាប័នCMAC​ក្នុង​ពាក់​កណ្ដាល​នៃ​ទសវត្ស​ឆ្នាំ១៩៩០​ និង​ការ​ប្រើ​ប្រាស់​សត្វ​កណ្ដុរ​ដើម្បី​ដោះ​មីន​ក្នុង​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤ ព្រម​ទាំង​រូបភាព​ភ្ជាប់​ជាមួយ​អត្ថបទ​មួយ​ចំនួន​បង្ហាញ​អំពី​ការ​ធ្វើ​មាតុភូមិ​និវត្ត​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោយ​ពី​ការ​រស់​នៅ​ដោយ​ទុក្ខ​វេទនា​ក្នុង​ជំរំ​ប្រទេស​ថៃ។​ នេះ​បើ​តាម​ការ​រៀប​រាប់​ដោយ​អ្នកស្រី Sasha ។

«យើង​ទទួល​ស្គាល់​ភាព​លំបាក​ទាំងឡាយ​ដែល​ប្រជាជន​ឆ្លងកាត់​ក្នុង​វដ្តិ​នៃ​ភាពក្រីក្រ និង​ស្ថាន​ភាព​ទាំង​ឡាយ​ដែល​កើត​ឡើង​ជាអកុសល»។

លោក Tim Page ដែល​ជា​អ្នក​សារព័ត៌មាន និង​អ្នក​ថត​រូប​ជន​ជាតិ​អង់គ្លេស​មួយ​រូប​ដែល​មក​ដល់​កម្ពុជា​ដំបូង​តាំង​ពី​ឆ្នាំ​១៩៦៤​ បាន​ប្រាប់​VOA ​តាម​ទូរស័ព្ទ​ថា រូបថត​របស់​លោក​ដែល​នឹង​ត្រូវ​ដាក់​តាំង​ពិព័រណ៍​នា​ពេល​ខាង​មុខ មាន​សារ​សំខាន់​ដល់​យុវជន​ដែល​កើត​ក្រោយ​ជំនាន់​សង្គ្រាម​និង​ពុំ​ទាន់​ដឹង​ច្រើន​នៅ​ឡើយ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

«ប្រជាជន​កម្ពុជា​ភាគច្រើន​ជា​ក្មេងៗ​ដែល​មាន​តែ​អតីតកាល​ ដែល​ពួកគេ​គ្រាន់​តែ​អាច​សម្លឹង​មើល​ទៅ​ក្រោយ​បាន។ ​ពួកគេ​មិន​បាន​នៅ​ទី​នោះ​ទេ​នៅ​ពេល​នោះ (នៅ​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​សង្គ្រាម)។​ ដូចនេះ ខ្ញុំ​យល់​ថា វា​មាន​សារប្រយោជន៍​ដែល​យើង​មាន​កម្រង​រូបភាព ការ​តាំង​ពិព័រណ៍​ និង​កម្មវិធី​វប្បធម៌​នានា​(សម្រាប់​ពួកគេ)»។

«វា​ជា​រឿង​ដ៏​ស្មុគស្មាញ។​ ខ្ញុំ​មាន​ន័យ​ថា តើ​យើង​អាច​ពន្យល់​អំពី​នយោបាយ​ក្នុង​ពេល​៥​នាទី​បាន​ឬ​ទេ? សម្រាប់​អ្នកនិពន្ធ និង​អ្នក​ថត​រូប នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍។ ការ​បង្ហាញ​រឿង​រ៉ាវ​តាម​រយៈ​រូបថត​ គឺជា​វិធី​ដែល​ល្អ​បំផុត។ រូបថត​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នក។​ រូប​មួយ​សន្លឹក បង្កប់​រាប់​ពាន់​អត្ថន័យ»។

ព្រះមហាក្សត្រ​ព្រះបាទ សម្តេច ព្រះនរោត្តម​សីហនុ បាន​យាង​ត្រឡប់​មក​វិញ សម្រាប់​ការបោះឆ្នោត ឆ្នាំ១៩៩៣។ (រូបថតដោយ៖ Tim Page)

រូបថត​មួយ​ចំនួន​របស់ លោក Tim Page និង​អ្នក​ថត​រូប​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ក្នុង​កម្ម​វិធី​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ឯ​ខេត្ត​សៀមរាប នៅ​ល្ងាច​ថ្ងៃ​ទី២២ ​ខែ​តុលា​ផង​ដែរ។

កម្ម​វិធី​ជួប​ជុំ​គ្នា​ពេល​ល្ងាច​ឬ Peace Museum Masquerade Gala គឺ​ជា​កម្មវិធី​ក្រោម​ប្រធាន​បទ​ Resilence ដូចគ្នា តែ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រមូល​វិភាគទាន​សាងសង់ សារ​មន្ទីរ​សន្តិភាព​កម្ពុជា ឬ ​ Cambodia Peace Museum ដែល​នឹង​មាន​ទីតាំង​ក្នុង​ខេត្ត​សៀមរាប។ សារ​មន្ទីរ​នេះ គ្រោង​កសាង​ឡើង​ក្នុង​ឆ្នាំ ២០១៨។​

អ្នកស្រី Nikki Singer គឺ​ជា​ប្រធាន​ក្រុម​គម្រោងកសាង​ សារ​មន្ទីរ​សន្តិភាព​កម្ពុជា របស់​មជ្ឈ​មណ្ឌល​សិក្សា​អំពី​ជម្លោះ និង​សន្តិភាព (Center for Peace and Conflict Studies)​ មាន​ប្រសាសន៍​ថា៖

«កម្ម​វិធី​ជួបជុំ​គ្នា​ពេល​ល្ងាច Gala Night និង ការ​តាំង​ពិព័រណ៍ សុទ្ធតែ​ជា​ផ្នែក​នៃ​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ​នៃកិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ដែល​យើង​អាច​មើល​ទៅ​លើ​សារសំខាន់​ក្នុង​ការ​លើក​តម្កើង​កិច្ច​ព្រមព្រៀង​មួយ​នេះ។ ក៏ប៉ុន្តែ ​យើង​ក៏​ត្រូវ​មើល​ទៅ​លើ​អ្វី​ដែល​កើតឡើង​ក្រោយ​កិច្ចព្រមព្រៀង​នេះ​ដែរ»។​

លោកស្រី Nikki បន្ត​ថា​ការ​បង្កើត​សារ​មន្ទីរ​សន្តិភាព​កម្ពុជា​ នឹង​អាច​ឲ្យ​ប្រជាជន​ទូទៅ​មើល​ឃើញ​នូវ​រឿងរ៉ាវ​ទាំងនេះ។

«វា​ជា​ការចាំបាច់​ណាស់​សម្រាប់​យើង​ដែល​ត្រូវ​ប្រាប់​ប្រជាជន​ទាំង​អ្វី​ដែល​បាន​កើតឡើង និង​បង្កើត​គំនិត​ឲ្យ​គេ​ពិចារណា​ថា ហេតុអ្វី​បាន​ជា​រឿង​នោះ​កើតឡើង​ ហើយ​អ្វី​ដែល​យើង​ត្រូវ​រៀន​អំពី​ជម្លោះ​និង​សន្តិភាព​ទាំងនោះ ពោល​គឺ​ជួយ​ឲ្យ​ប្រជាជន​អាច​ត្រិះ​រិះ​ដោយ​មើល​អតីតកាល និង​គិត​ថា​តើ​យើង​អាច​ធ្វើ​បែប​ណា​ដើម្បី​បន្ត​ចិរភាព​នៃ​ផល​វិជ្ជមាន​មួយ​សម្រាប់​អនាគត​របស់​កម្ពុជា»។

ការ​តាំង​ពិព័រណ៍Risilence Exhibition (ឬ​ការ​វិល​មក​វិញ​នូវ​សន្តិ​ភាព) ក៏នឹង​រៀបចំ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែរ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ២០១៦ រហូត​ដល់​ដាច់​ខែ​មករា​ឆ្នាំ ២០១៧ នៅ FCC។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ​រៀបចំ​ការ​តាំង​ពិព័រណ៍​នេះ៕