គ្រូ​បង្រៀន​ម្នាក់​ថតរូប​អគារ​និង​ផ្ទះ​បុរាណ​ដើម្បី​ចូល​រួមអភិរក្ស​សំណង់​ចាស់ៗ

កម្រងរូបភាព VOA៖ ពិព័រណ៍​រូបថត​​ «អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង» ​

ក្នុង​ពេល​នេះ​សំណង់ចាស់ៗ​មួយ​ចំនួន​ក្នុង​រូប​ថត​របស់​លោក​ ត្រូវ​ជំនួស​វិញ​ដោយ​អគារ​​ធំៗ ហើយ​ភាគច្រើន​សម្រាប់​ហេតុផល​ពាណិជ្ជកម្ម។ ​

នៅ​ក្នុង​បន្ទប់​មួយ​នៃអាគារ​ The Factory Phnom Penh ក្នុង​សង្កាត់ចាក់​អង្រែ ​រូប​ថតនៃ​សំណង់​ចាស់​ៗ​រួម​មាន​ចំនួន៥៥​ផ្ទាំងត្រូវព្យួរ​នឹង​ជញ្ជាំងក្នុ​ងការ​តាំង​ពិព័រណ៍មួយ​ដើម្បី​រំឭកដល់សំណង់​ទាំង​នេះ​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ក្នុង​ពេល​ខាងមុខ។

ពិព័រណ៍​រូបថតដែល​មាន​ឈ្មោះ​ថា «អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង» ​បាន​បង្ហាញ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ ប្រក់​ក្បឿង​ស្រកាលិញ​ស្លែកាន់​ឡើង​ខ្មៅ ផ្ទះថ្មសង់​បែប​រចនាបទ​សម័យ​អាណា​និគម​បារាំង​ដែល​មាន​ស្នាម​ទឹក​ភ្លៀង​ហូរ​កាត់​ជញ្ជាំង​ឡើង​ពណ៌ស្រអាប់ រូបថត​ពី​ខ្លោង​ទ្វារ រូប​អគារ​និង​ព្រះវិហារ​។

លោក ស្រ៊ិន សុខមាន ​បាន​ចំណាយ​ពេល​ដប់​ឆ្នាំ​ដើម្បីថត​ប្រមូលយក​ទិដ្ឋ​ភាព​សំណង់​វ័យ​ចំណាស់​ទាំង​នេះ។​ គ្រូ​បង្រៀន​ភាសាអង់គ្លេស អាយុ​២៦​ឆ្នាំ​រូប​នេះ​ បាន​ឲ្យដឹង​ថា​ការ​រៀបចំ​ពិព័រណ៍​រូបថត​ «អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង» នេះ​ធ្វើ​ឡើងដោយ​សារ​លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​ និង​ស្គាល់​ពី​រចនាបថ​ស្ថាបត្យកម្ម​អគារ ឬ​សំណង់​កាល​ពី​បុរាណ ដែល​អាច​ប្រឈម​នឹង​ការ​បាត់បង់​នា​ថ្ងៃ​អនាគត។

«ស្ថាបត្យកម្ម​ដែល​យក​មក​បង្ហាញ​ហ្នឹង គឺ​មាន​រឿងរ៉ាវច្រើន​។ ទី​មួយ​ ខ្ញុំ​ស្រឡាញ់។​ ទី​ពីរ​ អគារ​ខ្លះគេ​កំពុង​វាយ​ចោល ឬ​វាយចោលថ្មីៗ ឬ​គ្រោង​នឹង​វាយ​ចោល។ អញ្ចឹង​យើង​ដឹង​ទាន់​ យើង​ទៅ​ថត​ឲ្យ​ហើយ។ ថត​ឲ្យ​ហើយ​ទៅ​ យើង​ចងក្រង​ជា​ឯកសារ​អញ្ចឹង​ទៅ»។

លោក ស្រ៊ិន សុខមាន ម្ចាស់រូបថតនៅក្នុង កម្មវិធីពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» នៅ The Factory Phnom Penh ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

​នៅ​ពី​ក្រោម​រូបថតទាំង​៥៥​ផ្ទាំង​ ​មាន​ការ​សរសេរ​រៀបរាប់​ពី​ឈ្មោះ​ ទីតាំង ឆ្នាំ​សាងសង់ និង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ផងដែរ។

លោក ​ស្រ៊ិន សុខមាន​ បន្ថែម​ថា ​លោក​មាន​គោលបំណង​ផ្តល់​ចំណេះ​ដឹង​បន្ថែម​ពី​រចនា​បថ​ស្ថាបត្យកម្ម​កាល​ពី​ពេល​អតីតកាល​នៅ​ប្រទេស​កម្ពុជា។

ក្នុង​ពេល​នេះ​សំណង់ចាស់ៗ​មួយ​ចំនួន​ក្នុង​រូប​ថត​របស់​លោក​ ត្រូវ​ជំនួស​វិញ​ដោយ​អគារធំៗ ហើយ​ភាគច្រើន​សម្រាប់​ហេតុផល​ពាណិជ្ជកម្ម។ ​

លោក​ ខៀវ កញ្ញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ ដែល​បាន​ធ្វើ​ជា​ធិបតី​ក្នុង​ការ​បើក​សម្ភោធ​ពិព័រណ៍​រូបថត​នេះបាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​យុវជនឲ្យ​ព្យាយាម​ធ្វើ​ការ​ស្រាវជ្រាវ​ដូចគ្នានេះ។

«ប៉ុន្តែ​ការ​យល់​ពី​រចនាបថ​នេះ​ គឺ​ការ​សំខាន់។ ខ្ញុំ​ចង់​ឃើញ​យុវជន​ខ្មែរ​យើង​ចេះ​គិត​ ចេះ​គូរ​ ហើយ​គឺ​អាច​ចំណាយ​ពេល​មួយ​ចំនួន​របស់​ខ្លួន​ហ្នឹង​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​អ្វី​ដែល​ជា​ការ​សំខាន់។ ប៉ុន្តែ​គេ​មិន​ចាប់​ភ្លឹក​ទេ ប៉ុន្តែ​ការ​ទាំងអស់​នេះ​ហើយ​ធ្វើ​ឲ្យ​យើង​យល់​ថា ម៉េច​ហៅ​ថា ខ្មែរ? ខ្មែរ​ខុស​គេ​កន្លែង​ណា​ខ្លះ?» ។

រូបថតមួយនៅក្នុងកម្មវិធីពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» នៅ The Factory Phnom Penh ក្នុងក្រុងភ្នំពេញ និងធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

​លោក ហ៊ុន ចាន់សាន ស្ថាបត្យករ ​និង​ស្ថាបនិក​ក្រុមហ៊ុន​ Re-Edge Architecture កត់​សម្គាល់​ថា​រូប​ថត​ទាំង​នេះ​មាន​លក្ខណៈជា​កេរ្តិ៍​ដំណែល​និង​ប្រវត្តិសាស្ត្រ។

«បើ​សិន​ជា​យើង​និយាយ​អំពី​អគារ​ Heritage ហ្នឹង​ បើ​យើង​និយាយ​ថា វា​មាន​តម្លៃ​គឺ​វា​មាន​តម្លៃ​ហើយ ពី​ព្រោះ​ វា​ឆ្លុះ​បញ្ចាំង​។ វា​មិន​ត្រឹម​តែប្រាប់​ជនបរទេស​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​រីកចម្រើន​ប៉ុណ្ណា រីកចម្រើន​អ្វី​ខ្លះ មាន​ស្រទាប់​នៃប្រវត្តិសាស្រ្ត​»។

ពិព័រណ៍​រូបថត​រយៈ​ពេល​បីថ្ងៃ​ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃទី​១២​ខែ​សីហា​នេះ បាន​ទាក់​ទាញ​អ្នក​ចូល​ទស្សនា​ជា​ច្រើន។​

លោក Pawel Szewczyk ជនជាតិ​ប៉ូឡូញ និង​ជា​អ្នក​ជំនាញ​ផ្នែក​ថតរូប​ម្នាក់​ ​ចាប់​អារម្មណ៍​ទៅ​លើ​រចនាបថ​ចម្រុះ​នៃ​ស្ថាបត្យកម្ម​នៅ​កម្ពុជា ដោយសារ​តែ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​របប​អាណានិគម​ និង​ទទួល​ឥទ្ធិពល​ពី​បរទេស​កាល​ពី​អតីតកាល។

«វា​កំពុង​តែ​កើត​ឡើង​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ វា​ជា​រឿង​ល្អ ឬ​អាក្រក់​ទេ។ ខ្ញុំ​គិត​ថា គួរ​តែ​រក្សា​កន្លែង​ទាំង​នោះ ឬ​ប្រហែលផ្លាស់ប្តូរ​ទៅ​ជា​អ្វី​មួយ​ផ្សេង ដូចជា កន្លែង​ Factory នេះ»។

សំណង់​បុរាណខ្មែរ​ធ្វើអំពីឈើ សំណង់​រឹង​ធ្វើ​អំពី​ស៊ីម៉ង់ក្នុង​រួប​ថត​ទាំង​៥៥​ផ្ទាំង​នេះ ភាគ​ច្រើន​ត្រូវ​សាង​សង់​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០។ លោក ស្រ៊ិន សុខមាន បាន​ថត​រូប​សំណង់វ័យ​ចំណាស់​ទាំង​នេះ​នៅរាជ​ធានីភ្នំពេញ នៅ​ខេត្ត​បាត់​ដំបង កំពង់​ធំ ​សៀមរាប និង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត។

កញ្ញា Anna Blandlord គ្រូ​បង្រៀន​ម្នាក់​នៅ​សាលាអន្តរជាតិភ្នំពេញ ISPP បាន​ប្រាប់​ VOA ថា ការ​តាំង​ពិព័រណ៍​នេះ​ធ្វើ​ឲ្យ​កញ្ញា​យល់ដឹង​ពី​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា។

កញ្ញា​បាន​បន្ថែម​ដោយ​ភាព​ងឿយ​ឆ្ងល់​ថា​តើ​នា​ថ្ងៃ​ខាង​មុខ «សំណង់ថ្មី​ៗ​នឹង​លុប​ពី​លើ​សំណង់​ទាំង​នោះ​ឬ​ទេ»។ កញ្ញា​បាន​បន្ត​ថា «សំណង់ថ្មី​មាន​លក្ខណៈ​ធំ ប៉ុន្តែ​សំណង់ចាស់​មាន​លក្ខណៈ​ស្រស់ស្អាត»។

រូបថតមួយនៅក្នុងកម្មវិធីពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» នៅ The Factory Phnom Penh ក្នុងក្រុងភ្នំពេញ និងធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

កញ្ញា​ ស៊ុន សុម៉ាលី និស្សិត​ផ្នែក​សា្ថបត្យកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាភ្នំពេញ​ បាន​និយាយ​ថា រចនាបថ​ស្ថាបត្យ​កម្ម​នៃ​សំណង់​ និង​អគារ​ ដែល​ត្រូវ​បាន​យក​តាំង​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​កញ្ញា​យ៉ាង​ខ្លាំង។

«ពី​មុន​គឺ ការ​សាងសង់​មួយគឺ វា​ច្បាស់លាស់។ ហើយ​សំណង់រឹងមាំ​ល្អ។ ឥឡូវ​ដូច​យើង ដឹង​ថា​ អត់​ដឹង​ថា អត់ធានា​ដូច​មុន​អញ្ចឹង»។

និស្សិត​អាយុ​២៤​ឆ្នាំ​រូប​នេះ​ក៏​បាន​សំណូម​ពរ​ឲ្យ​មាន​ការ​ជួយផ្សព្វផ្សាយ​ពី​ស្នាដៃ​ស្ថាបត្យ​កម្ម​ពី​បុរាណ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​យល់​ដឹង​បន្ថែម​ផង​ដែរ។

ជាមួយ​គ្នា​នេះ​លោក ស្រ៊ិន សុខមាន អ្នក​រៀប​ចំ​ការ​តាំង​ពិព័រណ៍​រូបថត​សំណង់​បុរាណ​ គ្រោង​នឹង​ចង​ក្រង​រូប​ថត​ដែល​លោក​ថត​សន្សំ​បាន​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​ដើម្បី​បោះពុម្ពជា​សៀវភៅ​កម្រង​រូប​ថត​អគារចាស់ៗ​ទាំង​នេះ​ផង​ដែរ៕