ការតាំងពិព័ណ៌រូបថតថ្មីមួយបង្ហាញពីរឿងរ៉ាវជាច្រើននៃការរំលោភបំពានដែលពលករចំណាកស្រុកបានជួបប្រទះ។
អ្នកកាសែតជនជាតិអាមេរិកាំង Karen Emmons និងអ្នកថតរូប Steve McCurry បានចំណាយពេល១៨ខែ សម្ភាសនិងថតរូបស្រ្តី២៥នាក់មកពីប្រទេសចំនួនបួនក្នុងទ្វីបអាស៊ី អំពីរឿងរ៉ាវដែលពួកគេបានឆ្លងកាត់ការរំលោភបំពានដូចជា ពលកម្មកុមារ ការធ្វើការដោយបង្ខំ ការជួញដូរមនុស្ស ការរំលោភនិងការបង្អត់បាយទៅលើអ្នកបម្រើការងារតាមផ្ទះ។
ការតាំងពិព័ណ៌រូបថតដែលមានចំណងជើងថា «មិនមានអ្នកណាម្នាក់គួរធ្វើការបែបនេះទេ» កំពុងត្រូវដាក់តាំងបង្ហាញនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេស(Foreign Correspondents Club) ក្នុងទីក្រុងភ្នំពេញ។
នៅក្នុងរូបថតមួយ មានស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ ស៊ីតា ដែលរងការរំលោភបំពានពេលដែលនាងបានធ្វើការជាអ្នកបម្រើតាមផ្ទះនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត អូម៉ង់ និងហុងកុង។ នាងអង្គុយនៅលើជណ្តើរ មើលចំមកកាមេរ៉ា។ ក្នុងកែវភ្នែករបស់នាងបង្កប់នូវភាពទុក្ខសោក។
អក្សរដែលនៅពីក្រោមរូបថតនោះសរសេរពីអ្វីដែលនាងបានរៀបរាប់អំពីរឿងដែលបានកើតឡើងលើរូបនាង។ «មកនេះសត្វឆ្កែ មកនេះ។ ឯងពិតជាឡប់។ ឯងជាសត្វឆ្កែ។ មកនេះអ្នកបម្រើ»។
នាង Emmons ដែលបានចំណាយពេលជាង២០ឆ្នាំនៅក្នុងទ្វីបអាស៊ីនោះ បានប្រាប់ថានាងបានឮរឿងរ៉ាវនៃការរំលោភបំពាននោះជាច្រើនតាមរយៈរបាយការណ៍ ពីមិត្តភក្តិ និងប្រភពជាច្រើនទៀត ហើយវាធ្វើឲ្យនាងមានអារម្មណ៍ខឹង។
គម្រោងនេះបានកើតឡើងក្រោយពេលដែលនាងត្រូវបានស្នើឲ្យសរសររបាយការណ៍មួយសម្រាប់អង្គការពលកម្មអន្តរជាតិ ហើយពេលនោះនាងបានជួបស្រ្តី២៥នាក់ដែលរងការរំលោភបំពានផ្លូវកាយ។
នាងEmmonsនិយាយថា៖ «ខ្ញុំគិតថាប្រាកដជាមានមនុស្សច្រើនជាងនេះទៀត»។ វាមានការលំបាកសម្រាប់ Emmons ដើម្បីបង្ហាញអំពីរឿងរ៉ាវរបស់អ្នកដែលត្រូវបានរំលោភបំពានដោយកំបាំងក្នុងផ្ទះ។
នៅពេលដែលនាងបានដឹងថាស្រ្តីទាំងនោះបានត្រឡប់មកផ្ទះរបស់ខ្លួនវិញ នាងនិយាយថា៖
«ខ្ញុំគិតថាយើងត្រូវបង្ហាញអំពីសម្លាក។ វាជារបៀបដែលយើងនឹងប្រាប់អំពីរឿងនេះតាមរយៈរូបភាព។ ពួកគេបានត្រឡប់មកផ្ទះវិញ។ ពួកគេមិននៅក្នុងផ្ទះអ្នកណាម្នាក់ផ្សេងទៀតឡើយ។ ហើយសម្លាកទាំងនោះគឺជាភស្តុតាងនៃរឿងដែលបានកើតឡើង»។
លោកស្រី Marisa Tan នាយិការគ្រប់គ្រងនៃអង្គការ Maid in Cambodia ដែលជាអង្គការផ្តល់វគ្គបំប៉នដល់អ្នកបម្រើការងារតាមផ្ទះសម្រាប់ជនជាតិកម្ពុជា បានឲ្យដឹងថា មិនមែនមានតែប្រទេសកម្ពុជាឡើយដែលរងការរំលោភបំពាននេះ។ បញ្ហានេះក៏ជាបញ្ហារបស់អន្តរជាតិ។
នាងបាននិយាយថា «ពេលខ្លះមនុស្សទាំងនោះមានអារម្មណ៍ថាឯកោ ព្រោះវាបានកើតឡើងតែលើខ្លួនគេ តាមពិតគឺមិនមែនតែខ្លួនគាត់នោះទេ»។
នាងសយ សូលីដា ដែលជាបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានមកទស្សនារូបថតនៅក្នុងការតាំងពិព័ណ៌នេះ ហើយបាននិយាយថា រូបថតនិងរឿងរបស់ស្រ្តីទាំងនោះបានជួយនាងឲ្យយល់ដឹងបន្ថែមទៀតពីបញ្ហាទាំងនេះ បន្ទាប់ពីនាងបានដឹងតាមរយៈសារព័ត៌មាន។
«សម្រាប់ខ្ញុំជាប្រជាពលរដ្ឋមួយ ខ្ញុំគិតថាវាសំខាន់ណាស់ដែលយើងត្រូវយល់ដឹងពីរឿងហ្នឹង មូលហេតុនេះបានជាខ្ញុំសុខចិត្តចំណាយពេលមួយល្ងាចមកចូលរួមកម្មវិធីនេះ ដើម្បីឲ្យយល់ដឹងច្បាស់ពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកធ្វើការតាមផ្ទះ»។
នាង Emmons និយាយថា នាងសង្ឃឹមថានឹងមានការរាយការណ៍អំពីបញ្ហានេះបន្ថែមទៀត ហើយនៅថ្ងៃណាមួយមនុស្សគ្រប់គ្នានឹងដឹងអំពីវា ដូចដែលគេបានដឹងអំពីបញ្ហាអំពើហិង្សាក្នុងគ្រួសារដែរ។
«មានមនុស្សជាច្រើនបានដឹងអំពីរឿងនេះ ប្រហែលជាពួកគេដឹងថាអ្នកជិតខាងរបស់ពួកគេមិនមែនជាម្ចាស់ផ្ទះល្អម្នាក់ ហើយកំពុងធ្វើបាបអ្នកនៅបម្រើផ្ទះរបស់គាត់ ហើយពួកគេនៅស្ងៀមស្ងាត់។ ខ្ញុំគ្រាន់តែចង់ព្យាយាមបង្កើតបរិយាកាសមួយ ដែលពួកគេនឹងមានទំនោរតិចក្នុងការនៅស្ងៀមស្ងាត់» ។
នាងEmmonsនិយាយថា ការហាមឃាត់មិនឲ្យពលករចាកចេញទៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១១ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពេលមានការរាយការណ៍ជាច្រើននៃរឿងរំលោភបំពាននោះ មិនមែនជាដំណោះស្រាយឡើយ។
នាង Emmonsបញ្ជាក់ថា«ស្រ្តីទាំងនោះនៅតែរកវិធីដើម្បីចេញទៅ។ សុវត្ថិភាពសម្រាប់ពលករគឺជាចម្លើយទៅនឹងបញ្ហានោះ»។
ក្នុងនោះរួមមានការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ILO លេខ១៨៩។
នាងបានបន្ថែមថា៖«ខ្ញុំចង់ឃើញកម្ពុជាធ្វើការដឹកនាំនៅក្នុងតំបន់ ហើយជំរុញឲ្យមានយន្តការបន្ថែមដើម្បីការពារពលករទាំងនោះ»៕