អាជ្ញាធរចាប់ផ្តើមត្រួតពិនិត្យការបើកបរមានជាតិស្រវឹង ក្រោយមានគ្រោះថ្នាក់ស្លាប់មនុស្សជាបន្តបន្ទាប់នៅទីក្រុងភ្នំពេញ

មន្ត្រីមានសមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​​និង​រឹតបន្តឹង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបថតដោយ​អគ្គស្នងការ​នគរបាលជាតិ)

អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​និង​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នា​ពេល​យប់ ​ស្រប​ពេល​ដែល​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាបន្ត​បន្ទាប់ ​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។​

កាល​ពី​ចុង​ឆ្នាំ​ ២០២៣ ​និង​ដើម​ឆ្នាំ​ ២០២៤ ​មាន​គ្រោះ​ថ្នាក់ចរាចរ​ណ៍​រវាង​រថយន្ត​បុក​ម៉ូតូ ​យ៉ាង​តិច​ចំនួន​ ៣ ​ករណី ​ដែល​បណ្តាល​ឱ្យ​មនុស្ស​សរុប​ ៧ ​នាក់​ស្លាប់ ​ហើយ​អ្នក​បើក​បរ​ត្រូវ​បាន​រាយ​ការណ៍​ថា ​ពិសា​គ្រឿង​ស្រវឹង។​

លោក ​សំ វិច្ឆិកា ​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​និង​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នៅ​ពេល​យប់ គឺ​ជា​យុទ្ធនាការ​បន្ថែម​លើ​គោល​ការណ៍​ចាស់​ដែល​អាជ្ញាធរ​តែង​តែ​អនុវត្ត។​

លោក​ថា ​យុទ្ធនា​ការ​នេះ​នឹង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត​ ជាពិសេស​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​កើត​ឡើងដោយ​សារ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។​

លោក​ថ្លែង​ថា៖​ «ទី ១ ​នៅ​រាជ​ធានី​ភ្នំពេញ ​បញ្ហា​ប្រឈម​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​រង​របួស​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​យប់។ ​យប់​ភាគ​ច្រើន​ចន្លោះ​ម៉ោង​៩ ម៉ោង​១០​ ម៉ោង​១១ ​ម៉ោង១២​[យប់] ​គឺ​ថា​ ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ដោយ​សារ​ស្ថាន​ភាព​ស្រវឹង»។​

បើ​តាម​លោក ​សំ វិច្ឆិកា ​នៅ​ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​និង​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ជា​យប់ទីមួយ​នៃ​យុទ្ធនាការ ​នគរបាល​ខណ្ឌ​ទាំង ១​៤ ​ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​ត្រួត​ពិនិត្យ​ និង​រក​ឃើញ​អ្នក​បើកបរ​យានយន្ត​ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ​សរុប​ ២៣ ​គ្រឿង។​

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បន្ថែម​ថា​ អ្នកបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាង​ ២០ ​នាក់​នេះ ​ត្រូវ​បាន​អាជ្ញាធរផាក​ពិន័យ​ទៅ​តាម​ច្បាប់ និង​មិន​មាន​ការ​បញ្ជូន​ទៅ​តុលាការ​ទេ​ ហើយ​អាជ្ញាធរ​ក៏​បាន​ហៅ​ក្រុម​គ្រួសារ​របស់​ពួកគេ​មក​ទទួល​ទៅ​ផ្ទះ​ដើម្បី​សុវត្ថិភាព។​

លោក​បន្ត​ថា៖ ​«កិច្ចការ​ងារ​នេះ ​យើង​គ្រាន់​តែជា​ការ​ផាក​ពិន័យ​ ហើយ​នៅ​ពេល​ដែល​គាត់​ទទួល​ទាន​គ្រឿង​ស្រវឹង​ យើង​មិន​ឱ្យ​គាត់​ធ្វើដំណើរ​ទៅ​មុខ​ទៀត​នោះ​ទេ ​គឺ​យើង​ឱ្យ​គ្រួសារ​គាត់​មក​ទទួល​ ដើម្បី​ឱ្យ​គាត់​ទៅ​គេហដ្ឋាន​សម្រាន្ត»។​

លោក​ក៏​ស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ។​

អនុក្រឹត្យ​លេខ​ ០៣៩ ​ស្តី​ពី​ការ​ពិន័យ​អន្តរ​កាល​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រង់​មាត្រា​ ៦ ​ថ្មី កំណត់​ថា​ អ្នក​បើកបរ​ដែល​ស្ថិត​ក្នុង​ភាព​ស្រវឹង​ ដែល​មាន​អាត្រា​ជាតិ​អាកុល​ចាប់ពី ​០,២៥ ​ទៅ ០,៣៩ ​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ ២៥០.០០០ ​រៀល និង​ត្រូវ​បញ្ឈប់​មិន​ឱ្យ​បើកបរ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ​ចំណែក​មាត្រា ​១០ ​ថ្មី​កំណត់​ថា ​អ្នក​បើកបរ​ដែល​ស្ថិត​ក្នុង​ភាព​ស្រវឹង​ដែល​មាន​អាត្រា​ជាតិ​អាល់កុល​ចាប់​ពី ​០,៤០ ​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ​ឬ​ ០,៨០​ មីលីក្រាម​ក្នុង​មួយ​លីត្រ​ឈាម ​ត្រូវ​ពិន័យ​ជាប្រាក់​ចំនួន ​១​លាន​រៀល ​សម្រាប់​ទោចក្រ​យាន​យន្ត ​ឬទោចក្រ​យាន​យន្ត​សណ្តោង​រ៉ឺម៉ក ​ឬ​ត្រី​ចក្រ​យាន​យន្ត ​ឬម៉ូតូ​កង់​បួន ​ហើយ​ត្រូវ​បញ្ឈប់​មិន​ឱ្យ​បើកបរ​បន្ត​ដំណើរ​ទៅមុខ​ទៀត។​

ក្រោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​បន្ត​បន្ទាប់ ​ដោយ​សារ​តែ​ការ​សេព​គ្រឿង​ស្រវឹង​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​កាល​ពី​ថ្ងៃ​ទី ​២៣ ខែ​មករា ​ក៏​បានបញ្ជា​ឱ្យ​អាជ្ញាធរពង្រឹង​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​នៅ​ពេល​យប់​ឡើង​វិញ។​

លោក ​ហ៊ុន ម៉ាណែត ​កត់​សម្គាល់​ថា គ្រោះ​ថ្នាក់​ធំ​ជាង​គេ​គឺគ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​បណ្តាល​មក​ពី​ការ​សេព​គ្រឿង​ស្រវឹង ​ត្រូវ​តែ​ចាត់​វិធាន​ការ ​ដើម្បី​កុំ​ឱ្យ​មាន​សោក​នាដ​កម្ម។​

ចំណែក​អ្នក​តាមដាន​ក៏​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​និង​ថា ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​សេដ្ឋកិច្ច​ជាង ​៤០០ ​លាន​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ឆ្នាំ ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មានពិការ​ភាព​ បន្សល់​ទុក​នូវ​ក្មេង​កំព្រា ​ស្ត្រី​មេម៉ាយ ​និង​ពោះ​មាយជាដើម។​

លោក ​គង់ រតនៈ ​អ្នក​ជំនាញ​ និង​អ្នក​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវ​គោក ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ចុះ​ត្រួត​ពិនិត្យ​អ្នក​បើក​បរ​ក្រោម​ឥទិ្ធពល​គ្រឿង​ស្រវឹង ​គ្រឿង​ញៀន ​និង​អ្នក​មិន​ពាក់​មួក​ពេល​ធ្វើ​ដំណើរ​ពេល​យប់​នៅ​តាម​ដង​ផ្លូវ ​គឺ​ជា​រឿង​ល្អ​ប្រសើរ។​ លោក​ថា ​ការ​អនុវត្តវិធាន​ការ​នេះ​ជា​រៀង​រាល់​ថ្ងៃនឹង​អាច​កាត់​បន្ថយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក​បន្ត​ថា ​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ សូម​ធ្វើ​ដោយ​ត្រឹមត្រូវ ​និង​មាន​តម្លាភាព ​បូក​ផ្សំ​ជាមួយ​ការ​ចុះ​ណែនាំ ​អប់រំ ​ផ្សព្វផ្សាយ​ពី​បញ្ហា​ចរាចរណ៍​ទៅ​កាន់​ពលរដ្ឋ​ដែល​ត្រូវ​អនុវត្ត​ឱ្យ​បាន​ជា​ប្រចាំ​ដូច​គ្នា។​ ​

លោក ​គង់ រតនៈ ​ថ្លែង​ថា៖ ​«អ៊ីចឹង​សម្រាប់​ខ្ញុំ ​ដោយ​សារ​ករណី​ស្រវឹង​ យើង​ធ្វើ​តែ​រឿង​ស្រវឹង​មួយ​ បំភ្លេច​កត្តា​ហានិភ័យ​ផ្សេងៗ​ទៀត​ក៏​អត់​កើត​ដែរ។ ​អ៊ីចឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ពេល​ដែល​យើង​ទាំង​អស់​គ្នា​ជជែក​ពី​គ្រឿង​ស្រវឹង អ្នក​អនុវត្ត​ច្បាប់​គាត់​ឆែក​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង ​អ៊ីចឹង​អ្នកដែល​ពិសា​ក៏​អត់​សូវ​ហ៊ាន​ពិសា​ទេ។ ​ប៉ុន្ដែ​យើង​កុំ​អាល​ភ្លេច​ខ្លួន ព្រោះ​អី​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដូច​ជា​ការ​បើកបរ​លើស​ល្បឿន​កំណត់ ​ការ​អត់​ចេះ​ច្បាប់​ចរាចរណ៍ ​ការ​មិន​ត្រួត​ពិនិត្យ​យានយន្ដ​ក៏​អាច​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ដែរ ​ហើយ​អ៊ីចឹង​គឺ​សុំ​ឱ្យ​ធ្វើ​ទាំង​អស់​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​អ្នក​ស្លាប់​ត​ទៅ​ទៀត»។​

លោក ​ព្រំ វន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្នុង​ឆ្នាំ​ ២០២៣​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ ​មនុស្ស​យ៉ាង​តិច ​៥ ​នាក់បាន​ស្លាប់ ​និង​ជាង​ ១០ ​នាក់​រង​របួស​ធ្ងន់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស។​

បើ​តាម​លោក ​ព្រំ វន្ថា ​ក្នុង​ឆ្នាំ ​២០២៣ ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ជាង​៣.០០០ ​ករណី ​ដែល​កើន​ឡើង​ ១១% ​បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​មុន។ ​ចំណែក​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ជាង​ ១.៥០០​នាក់​ ដែល​ថយ​ចុះ​ ៧%។​ ចំណែក​អ្នក​រង​របួស​ធ្ងន់​មាន​ជាង​ ២.៧០០​នាក់ ​ដែល​កើន​ឡើង​ ៧%។ ​អ្នក​រង​របួស​ស្រាល​មាន​ជាង​ ១.៧០០​នាក់​ ដែល​កើន​ឡើង​ ២១%៕​