ប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញសម្តែងក្តីបារម្ភចំពោះភាពស្រពិចស្រពិលនៃការពន្យល់របស់មន្ត្រីទទួលបន្ទុកព្រំដែននៃរដ្ឋាភិបាលកម្ពុជាអំពីផែនទីដែលត្រូវបានប្រទេសវៀតណាមជួយបោះពុម្ពឡើងវិញដើម្បីកំណត់ការបោះបង្គោលព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសក្បែរខាង។
ពួកគេបារម្ភថា ផែនទីដែលវៀតណាមបោះពុម្ពនោះបានធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម។
ពួកគេក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលកម្ពុជាមិនមានជំហររឹងមាំក្នុងការចរចាជាមួយរដ្ឋាភិបាលវៀតណាមដើម្បីកែតម្រូវការបោះបង្គោលព្រំដែននាពេលកន្លងមក ដែលពួកគេជឿជាក់ថា មិនមានសុក្រិត្យភាព ដោយសារតែរដ្ឋាភិបាលកម្ពុជាយកផែនទីដែលបោះពុម្ពដោយរដ្ឋាភិបាលវៀតណាមមកប្រើប្រាស់។
អង្គុយក្នុងរឺម៉កកងបីរបស់ខ្លួនចតនៅលើផ្លូវមួយក្នុងខណ្ឌដូនពេញ លោកប៊ុន ធឿនបានប្រាប់ VOA ថា លោកមិនពេញចិត្តសោះឡើយចំពោះផែនទីប្រទេសកម្ពុជាដែលបោះពុម្ពដោយវៀតណាមនោះ។ លោកយល់ថា ទឹកដីកម្ពុជាបានបាត់ទៅវៀតណាម ដោយសារផែនទីនេះ នៅគ្រាដែលរដ្ឋាភិបាលមានភាពទន់ខ្សោយក្នុងការតវ៉ាដោះស្រាយទំនាស់ព្រំដែនជាមួយវៀតណាម។
«បើប្រើផែនទីហ្នឹងនោះ វាប្រាកដជាបាត់ហើយ។ បើប្រើផែនទីពីវៀតណាមវាបាត់មែនហ្នឹង។ ប្រហែលជាអ្នកដឹកនាំយើងក្រោមឥទ្ធិពលគេហើយ បើគាត់មិនដែលមានដូចថា ជាមួយវៀតណាមនិយាយទៅ មិនដែលមានឃើញមានបកស្រាយអីជាមួយគេផង។ គេធ្វើអីក៏ដោយ ស្រេចតែអំពើចិត្តលើគេ ដូចថា គាត់ខឹងក្រោធអីជាមួយប្រទេសគេ»។
លោក ប៊ុន ធឿនសង្កត់ធ្ងន់ថា លោកបារម្ភក្រែងប្រទេសកំណើតរបស់លោកជួបវាសនាដូចនគរចាមហៅថា«នគរចម្ប៉ា»ដែលបានបាត់បង់ទឹកដីទាំងស្រុងទៅប្រទេសវៀតណាម។
«ហ្នឹងហើយ គិតរឿងអនាគតទៅមុខហ្នឹងបានចេះតែបារម្ភ ចេះតែភ័យ។ កូនយើងតាំងពីតូចតាចមកអត់ដឹងអីផង។ អញ្ចឹងខ្លាចអនាគតទៅដូចជនជាតិចាម នៅតាមទឹកដីគេអញ្ចឹង»។
ដោយមិនប្រាប់ឈ្មោះពេញ កញ្ញាម៉ូនីសានិយាយប្រាប់ VOA ថា ការជួបពិភាក្សាគ្នារបស់គណៈកម្មការព្រំដែនចម្រុះវៀតណាម និងកម្ពុជានឹងពុំបានផ្តល់ប្រយោជន៍អ្វីដល់ប្រទេសកម្ពុជាទេ ដោយសាររដ្ឋាភិបាលក្រុងភ្នំពេញនៅរងឥទ្ធិពលនយោបាយរបស់រដ្ឋាភិបាលទីក្រុងហាណូយ។ នាងនិយាយដោយមិនប្រើឈ្មោះពេញ ព្រោះបារម្ភខ្លាចប៉ះពាល់ដល់អាហារូបករណ៍របស់នាងនៅមហាវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ។
«ខ្ញុំគិតថា និយាយទៅគ្មានបានប្រយោជន៍អីទេ»។
កញ្ញាបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកម្ពុជាអាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយវិវាទព្រំដែននេះ។
«ខ្ញុំថា បើទៅលើទៀត វាសាំញ៉ាំ។ តែបើឲ្យគេជួយក៏ល្អដែរ មានសាក្សីហើយនិយាយទៅ តុលាការគេមកជួយដោះស្រាយហ្នឹង គេមានច្បាប់ក្រិត្យក្រមត្រឹមត្រូវ ហើយមានប្រទេសជាច្រើនដែលគេផ្តល់យោបល់ល្អៗ ហើយគេវែកញែក»។
ទាក់ទិននឹងការបកស្រាយកន្លងមករបស់មន្រ្តីព្រំដែនកម្ពុជាដែលថា ផែនទីកម្ពុជាចាស់រិចរិល ហើយត្រូវបោះឡើងវិញដោយវៀតណាមនោះ កញ្ញា ម៉ូនីសា និយាយថា ការបកស្រាយនេះមិនអាចទទួលយកបានទេ។
«ដូចអត់សូវយល់ស្របជាមួយរដ្ឋាភិបាល ព្រោះអីរបស់ចាស់របស់យើង ព្រំដែនចាស់ដែលសម្តេចតាបាននិយាយហ្នឹងតាំងពីយូរយារមកហើយ ឥឡូវចង់ឲ្យវៀតណាមមកនេះអញ្ចឹង វាអត់សូវល្អ។ និយាយទៅរឿងដីដូចអត់សូវច្បាស់ដែរ។ បើខាងវៀតណាមគេស្មោះត្រង់ជាមួយយើង គេផ្គុំឡើងវិញ អញ្ចឹងអត់បាត់ដី។ បើគេអត់ស្មោះត្រង់ អញ្ចឹងវាអាចបាត់បង់ខ្លះដែរ»។
កញ្ញាម៉ូនីសាឲ្យដឹងទៀតថា កម្ពុជាបានបាត់បង់ខេត្តមួយចំនួនទៅប្រទេសវៀតណាម រួចទៅហើយកាលពីអតីតកាល ហើយថា រដ្ឋាភិបាលកម្ពុជាត្រូវរៀបចំផែនទីដោយខ្លួនឯង មិនចាំពឹងទៅលើវៀតណាមទេ។
«ទឹកដីយើង យើងត្រូវរៀបចំដោយខ្លួនឯង។ ចាំបាច់ឲ្យគេមករៀបចំយ៉ាងម៉េច? បើគេរៀបចំមានន័យថា ពេលខ្លះគេជួយយើង។ អញ្ចឹងទាល់តែឲ្យអីទៅគេមួយបានគេមកជួយយើងកើត»។
និមន្តចេញពីពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ព្រះភិក្ខុហង់ ថានមានសង្ឃដីការថា ព្រះតេជព្រះគុណមិនជឿថា ផែនទីប្រទេសកម្ពុជាចាស់ជ្រុល ប្រើមិនកើតនោះឡើយ។
«អ្ហេ! អាត្មាមិនជឿទេ បើរក្សាទុក្ខបានល្អ។ បើយើងគិតទៅ បោះពុម្ពផែនទីថ្មី បើបោះពុម្ពទៅ វាមិនអាចនឹងត្រូវធាតុដើមវិញទេ។ មិនត្រូវដូចថា ពីសម័យបារាំងដែលរក្សាទុកឲ្យ។ តាមអាត្មាគិតទៅ បើគេចង់កែផែនទី មុខជាគេចង់បំបាត់ បំបាត់កន្លែងអ្វីមួយ ដូចថា កន្លែងព្រំដែនដីមួយកំណាត់ត្រង់ណាមួយអញ្ចឹងទៅណា»។
ព្រះតេជព្រះគុណហង់ ថានស្នើឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយបញ្ហាព្រំដែននេះឲ្យបានឆាប់ ដើម្បីបញ្ជៀសការបាត់បង់ទឹកដីដែលដូនតាខ្មែរបន្សល់ទុកមក។
«អាត្មាចង់សំណូមពរឲ្យរដ្ឋាភិបាលគិតគូរដោះស្រាយបញ្ហាព្រំដែនហ្នឹងឲ្យវាឆាប់រហ័ស រួសរាន់។ កុំឲ្យថា ល្អៀងទៅវៀតណាម។ យើងសំខាន់ទឹកដីខ្មែរយើងតាំងពីដូនពីតាមកកំណត់ព្រំដែនឲ្យប៉ុន្មានៗអញ្ចឹងទៅណា»។
ទាក់ទិននឹងការចរចាជាមួយប្រទេសវៀតណាមដើម្បីដោះស្រាយទំនាស់ព្រំដែន ព្រះតេជព្រះគុណពុំមានជំនឿថា វៀតណាមនឹងធ្វើតាមសំណើរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាដែលត្រូវបានលើកបន្តុបដោយប្រទេសកុម្មុយនីស្តមួយនេះទេ។
«បើតាមអត្មាគិតទៅ បើចរចា វាអាចនឹងមិនទៅរួចជាមួយវៀតណាម។ បើវៀតណាម វាមានដូចថា នៅស្រុកខ្មែរយើង វាមានមេ វាគោលៗធំៗណាស់ ដោយសារមេដឹកនាំយើងត្រូវគេលើបន្តុបទេណា។ សំខាន់វៀតណាមលើកបន្តុបឲ្យធ្វើធំទេ»។
ក្តីបារម្ភរបស់ប្រជាពលរដ្ឋខ្មែរកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលក្រុងភ្នំពេញនៃប្រទេសកម្ពុជាគ្រោងជួបពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងហាណូយនៃប្រទេសវៀតណាមទាក់ទងនឹងវិវាទព្រំដែនដែលបានកក្រើកឡើងវិញក្នុងរយៈពេលពីខែចុងក្រោយនេះ។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលបន្ទន់ឲ្យភាគីវៀតណាមធ្វើអ្វីតាមតែចិត្តនោះទេ។ លោកបញ្ជាក់ថា បើរដ្ឋាភិបាលកម្ពុជាខ្សោយមែន ម៉្លេះទឹកដីខ្មែរបាត់បង់អស់ទៅហើយនៅក្នុងឆ្នាំ១៩៧៩។
«ជំហររបស់រាជរដ្ឋាភិបាលគឺជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋដែលកើតតាមការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាជន។ អញ្ចឹងហើយរដ្ឋាភិបាលមានកាតព្វកិច្ចមានអាណត្តិដែលប្រគល់ពីប្រជាជនក្នុងការថែរក្សាបូរណភាពទឹកដី ឯករាជ្យជាតិ ហើយបើចុះរដ្ឋាភិបាលមិនថែរក្សាបូរណភាពទឹកដី ឯករាជ្យជាតិមានន័យរដ្ឋាភិបាលថា យ៉ាងម៉េច? អាហ្នឹងមួយ។ មួយទៀត បើថា យើងទន់ជ្រាយដើម្បីឲ្យវៀតណាមឈ្លានពានយកទឹកដីយើង។ បើវាឈ្លានពានយក យកតាំងពីឆ្នាំ១៩៧៩ ពេលដែលយើងមិនទាន់មានកម្លាំងនោះ។ អាហ្នឹងបានវាត្រូវ! តែឥឡូវ២៥ឆ្នាំ ៣០ផ្លាយឆ្នាំមកហើយ អាហ្នឹងសួរថា តើយើងមានមន្ទិលសង្ស័យទេ ដែលគេថា គេយកទឹកដីហ្នឹង»។
ដោយឡែក លោកសម រង្ស៊ី មេគណបក្សជំទាស់ក្នុងប្រទេសកម្ពុជានឹងស្នើឲ្យរដ្ឋាភិបាលប្រើប្រាស់បច្ចេកវិជ្ជាកំព្យូទ័រថ្មីរបស់ប្រទេសបារាំងដើម្បីសើរើវាស់វែងបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមឡើងវិញ។
«ខ្ញុំបានសើ្នហើយថា ឲ្យមានគណៈកម្មការចម្រុះទៅណ៎ា! យើងនឹងជួយគ្នាទៅវិញទៅមកគឺខ្មែរជួយខ្មែរ។ មិនមែនរឿងគណបក្សណាទេ។ នេះជាទឹកដីប្រទេសកម្ពុជា ទឹកដីរបស់ប្រទេសយើងទាំងអស់គ្នា។ អញ្ចឹង ឯកសារទាំងប៉ុន្មាន ជំនាញទាំងប៉ុន្មាន ខ្ញុំនឹងដាក់ជូន ដាក់ជូនតំណាងខាងរាជរដ្ឋាភិបាល។ យើងធ្វើការជាមួយគ្នាទៅ! យើងផ្ទៀងផ្ទាត់ទៅ! យើងមានគំនិត យើងមានបច្ចេកទេសយ៉ាងម៉េចៗ។ បើខ្ញុំរកឃើញហើយ ឃើញថាច្បាស់ប្រកែក។ អត់បានទេ ពីព្រោះផែនទីនេះផែនទីបារាំង សម័យបារាំងកាលពីដើមទសវត្ស១៩៥០ ហើយមានតែមួយទេ។ ទោះអ្នកណាយកទៅចម្លងអីត្រូវចម្លងឲ្យដូច ហើយបច្ចេកទេសថ្មីនេះគេអាចបញ្ជាក់ថា ផែនទីហ្នឹងគឺចម្លងត្រឹមត្រូវ ឬក៏អត់»។
លោកបន្ថែមថា វាជារឿងមិនអាចទទួលយកបានទេ ដែលកម្ពុជាត្រូវប្រើប្រាស់ផែនទីដែលវៀតណាមបោះពុម្ពឲ្យ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន លោកផែន ប៊ុនធឿន ប្រធានអង្គការ C-Rights ស្ថិតក្នុងខេត្តស្វាយរៀង ត្រូវបានកសិករវៀតណាមពីរនាក់វាយធ្វើបាប និងបញ្ជូនទៅបុស្តិ៍ព្រំដែនក្នុងទឹកដីប្រទេសវៀតណាម ខណៈដែលរូបលោកនាំកូនសិស្សមួយក្រុមចុះទៅមើលបង្គោលព្រំដែនលេខ២០២ បែងចែកព្រំដែនរវាងប្រទេសវៀតណាមកម្ពុជាក្នុងខេត្តស្វាយរៀង និងខេត្តឡុងអានប្រទេសវៀតណាម។ ក្រោយការធ្វើអន្តរាគមន៍ពីអាជ្ញាធរខេត្តស្វាយរៀង លោកត្រូវបានដោះលែងពីប្រទេសវៀតណាមមកវិញ នៅព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ៕