បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​និពន្ធ​នាយក​របស់​ខ្លួន

លោក កៃ គឹមសុង (ពាក់វែនតា) និពន្ធនាយកកាសែតឌឹ​ភ្នំពេញ​ប៉ុស្តិ៍ និយាយទៅកាន់អ្នកសារព័ត៌មានក្រោយពីរូបលោកត្រូវបានបណ្តេញចេញពីការងារ​ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

ក្រុម​អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​នេះ លើកឡើង​ថា បុគ្គលិក​ជាច្រើន បាន​សម្រេច​ចិត្ត​លាលែង​ពី​ការងារ​រួច​ទៅ​ហើយ ដើម្បី​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​នេះ។

ក្រុម​បុគ្គលិក​ជាតិ​និង​អន្តរជាតិ​ជាង​២០​នាក់​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​របស់​ពួកគេ​ចំពោះ​ទង្វើ​របស់​ម្ចាស់ថ្មី​នៃ​កាសែត​នេះ ដែល​បាន​បណ្ដេញនិពន្ធ​នាយក​របស់​ខ្លួន​គឺ​លោក កៃ គឹមសុង ចេញ​ពី​ការងារ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ចន្ទ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​របស់​ក្រុម​បុគ្គលិក​ទាំង​នេះ ដែល​បាន​ចេញ​ផ្សាយ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ការ​បណ្ដេញ​ចេញ​នេះ។

សេចក្ដី​ថ្លែងការណ៍​ដដែល​ បាន​លើកឡើង​ថា បុគ្គលិក​ជាច្រើន​នាក់ បាន​លាលែង​ចេញ​ពី​ការងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​រួច​ទៅ​ហើយ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញនេះ។

លោក Andrew Nachemson អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​នេះ​ដែរ បាន​ប្រាប់​ VOA ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា ការ​បណ្ដេញ​បុគ្គលិកនេះ គឺ​ជា​រឿង​អយុត្តិធម៌។

«យើង​គ្រាន់តែ​មាន​អារម្មណ៍​ថា ការ​បញ្ឈប់​បុគ្គលិក​នេះ ពី​ការងារ គឺ​មិន​យុត្តិធម៌​និង​ផ្ទុយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​យើង ចំពោះ​វិជ្ជាជីវៈ​សារព័ត៌មាន​ឯករាជ្យ»។

ការ​បណ្ដេញ​បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភ្លាមៗ​នេះ​កើត​ឡើង បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​នៃ​កាសែត​នេះ​គឺលោក​ Brendan O'Byrne ​និង​លោក​ Ananth Baliga​ បាន​សរសេរ​អត្ថបទ​មួយ​អំពី​ការ​លក់​កាសែត​នេះ ទៅ​ឱ្យ​អ្នក​វិនិយោគ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ ​Sivakumar S. Ganapathy​ កាល​ពី​ថ្ងៃ​អាទិត្យ ដោយបង្ហាញ​ព័ត៌មាន​អំពី​ទំនាក់​ទំនង​ដែល​អាច​មាន​រវាង​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ ទៅ​នឹង​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ផង​ដែរ។

រូបឯកសារ៖ កុមារាម្នាក់កំពុងព្យួរកាសែតឌឹភ្នំពេញប៉ុស្តិ៍នៅកន្លែងលក់កាសែតមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។

ក្រុម​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​ ក្រោម​ការ​គ្រប់គ្រង​របស់​ម្ចាស់​ថ្មី ​តំណាង​ថ្នាក់​ដឹកនាំ​ថ្មី បាន​បង្គាប់​ឱ្យ​ក្រុម​ព័ត៌មាន ដក​អត្ថបទ​របស់​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នោះ​ចេញ​ពី​គេហទំព័រ​របស់​កាសែត​នេះ ប៉ុន្តែ ការ​បង្គាប់​នេះ ត្រូវ​បាន​បុគ្គលិក​ខាង​ព័ត៌មាន​ បដិសេធ​មិន​ព្រម​ធ្វើ​តាម។

ជា​លទ្ធផល និពន្ធ​នាយក​នៃ​កាសែត​នេះ ដែល​ទទួល​ខុសត្រូវ​លើ​ការ​អនុញ្ញាត​ឱ្យ​ចេញ​ផ្សាយ​អត្ថបទ​ព័ត៌មាន​គឺ​លោក កៃ គឹមសុង ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ភ្លាមៗ។

លោក កៃ គឹមសុង បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​ឧសភា​ ក្រោយ​ពី​ការ​បណ្ដេញ​ចេញ​នោះ​ថា ក្រុម​ហ៊ុន​របស់​លោក ក្រោម​ការ​ដឹកនាំ​របស់​ម្ចាស់​ថ្មី មិន​ពេញចិត្ត​នឹង​ការណ៍​ដែល​លោក​បាន​អនុញ្ញាត​ឱ្យ​ចេញ​ផ្សាយ​អត្ថបទ​នោះ។

«តាម​ ​owner[ម្ចាស់] ​ថ្មី​ ​គាត់​គិត​ថា​ ​បង​បាន​សាង​កំហុស​ដ៏​ធំ​មួយ​ គឺ​អនុញ្ញាត​ឲ្យ​អត្ថបទ​មួយ​ចេញ​នៅ​ទំព័រ​មុខ​ គឺ​អត្ថបទ​ពាក់​ព័ន្ធ​រឿង​លក់​ភ្នំពេញ​ប៉ុស្តិ៍​ ហើយ​ក្នុង​នាម​ជា​ ​editor-in-chief ​ ​[និពន្ធ​នាយក] គេ​គិត​ថា​មិន​គួរ​ឲ្យ​ចេញ​អត្ថបទ​ហ្នឹង​ទេ​ កាលណា​ចេញ​អត្ថបទ​ហ្នឹង​គឺ​ គឺ​ជា​ការ​សាង​កំហុស​ដ៏​ធំ​មួយ។​ អ៊ីចឹង​ក្រុមហ៊ុន​មិន​អាច​ទទួល​យក​បាន​ ក្រុមហ៊ុន​ថ្មី​មិន​អាច​ទទួល​យក​បាន​ទេ»។

លោក Sivakumar S. Ganapathy​ បាន​សរសេរ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​មួយ​ចុះ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨​ ដោយ​រៀបរាប់​ពី​កំហុស​ជា​ច្រើន​នៅ​ក្នុង​របាយការណ៍​របស់​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ ​ហើយបាន​ទាមទារ​ឱ្យ​បញ្ឈប់​ការងារ​អ្នក​កាសែត​ទាំង​ពីរ​នាក់ ព្រមទាំង​និពន្ធ​នាយក​ដែល​បាន​អនុញ្ញាត​ឱ្យ​ចេញ​ផ្សាយ​អត្ថបទ​នោះ។​

ប៉ុន្តែ លោក Andrew ​ដែល​បាន​រាយការណ៍​ព័ត៌មាន​ខាង​នយោបាយ​ឱ្យ​កាសែតភ្នំពេញ​ប៉ុស្តិ៍​នេះ អស់​រយៈ​ជិត​២​ឆ្នាំ​ បាន​ប្រាប់​ VOA ​ថា ក្រុម​បុគ្គលិក​ព័ត៌មាន ជឿ​ថា ព័ត៌មាន​ដែល​អ្នក​កាសែត​ទាំង​ពីរ​នាក់​បាន​រាយការណ៍​ គឺ​ជា​រឿង​ពិត។

«‍អត្ថបទ​ដែល​ត្រូវ​បាន​សរសេរ​ ហើយ​ឈាន​ទៅដល់​ការ​បណ្ដេញ​ពួកគេ​ចេញ​នោះ គឺ​តាម​ពិត​ត្រឹមត្រូវ​ទាំងអស់។ មាន​ការ​បង្ហាញ​ពី​ទំនាក់ទំនង​ដែល​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ មាន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​យើង​គិត​ថា មាន​ការ​ជាប់​ទាក់ទង​គ្នា​ទៅ​នឹង​តួនាទី​របស់​ពួកគេ​ក្នុង​នាម​ជា​ម្ចាស់​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​យើង​គិត​ថា គ្មាន​នរណា​ម្នាក់​គួរ​ត្រូវ​បាន​ដាក់ទោស​ ដោយសារ​តែ​រាយការណ៍​ពី​ការ​ពិត​នោះ​ទេ»។

លោក Andrew ​បន្ត​ថា ខ្លួន​លោក​ផ្ទាល់ នឹង​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​នៅ​កាសែត​នេះ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​បុគ្គលិក​ភ្លាមៗ​នេះ។

«‍ខ្ញុំ​គិត​ថា យើង​នឹង​លែង​មាន​ឯករាជ្យ​ភាព​ពេញលេញ​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​ការ​ផ្សាយ​រឿង​របស់​យើង។ ខ្ញុំ​គិត​ថា យើង​នឹង​មិន​អាច​មាន​សុចរិត​ភាព​និង​ឯករាជ្យ​ភាព​ ដូច​ដែល​យើង​ធ្លាប់​មាន​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាស់​នោះ​ទេ»។

ដូច​លោក Andrew ដែរ​ កញ្ញា យន់ ស៊ីនាត អ្នក​យក​ព័ត៌មាន​ជាតិ​ម្នាក់​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ប្រាប់​ VOA ​ថា ការ​បណ្ដេញ​និពន្ធ​នាយក​ លោក កៃ គឹមសុង ចេញ​ពី​ការងារ​ភ្លាមៗ ដែល​បាន​ធ្វើ​ឱ្យ​បុគ្គលិក​ជាច្រើន​ទៀត លាឈប់ពី​ការងារ​ដែរ​នោះ គឺជា​ការ​ប្រហារ​ទៅ​លើ​សេរីភាព​សារព័ត៌មាន។

«‍យើង​យល់​ថា នេះ​គឺ​ជា​ការ​គំរាមកំហែង​មែនទែន​ដល់​សេរីភាព​សារព័ត៌មាន ហើយ​ពួក​យើង​មាន​ការ​ព្រួយបារម្ភ​ថា ពួក​យើង​មិន​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​យើង ហើយមិន​បាន​សរសេរ​ ដោយ​គោរព​ទៅ​នឹង​ក្រម​សីលធម៌​ឬ​ក៏​សរសេរ​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត»។

​ក្រុម​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​បញ្ជាក់​ថា បុគ្គលិក​បរទេស​ផ្នែក​សរសេរ​ព័ត៌មាន​ជាច្រើន​នាក់ ​ព្រម​ទាំង​នាយក​ប្រតិបត្តិ​របស់​កាសែត​នេះ​ផង បាន​ដាក់ពាក្យ​សុំ​ឈប់​ពី​ការងារ​ ក្រោយ​ពី​ការ​បណ្ដេញ​និពន្ធ​នាយក​កាសែត​នេះ។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​បាន​ហៅ​ការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​ឱ្យ​វិនិយោគិន​ម៉ាឡេស៊ីនេះ ថា​ជា​ទីបញ្ចប់​នៃ​សេរីភាព​និង​ពហុភាព​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​សរសេរ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​ការ​បណ្ដេញ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ដូច្នេះ​ថា៖

​«‍ក្រោយ​ពី​ការ​បិទ​វិទ្យុ​អាស៊ី​សេរី និង​កាសែត​ Cambodia Daily កាសែត​ភ្នំពេញ​ប៉ុស្តិ៍ គឺ​ជា​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុងក្រោយ​បំផុត​មួយ​របស់​កម្ពុជា។ នៅ​មុន​ការ​បោះឆ្នោត​សាកល ដែលនឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ត​ការ​បង្ក្រាប​ដ៏​គួរ​ឱ្យ​រន្ធត់​របស់​គាត់ ទៅលើស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ធ្វើ​តាម​មាគ៌ា​របស់​រដ្ឋាភិបាល»។

VOA មិន​ទាន់​អាច​ទាក់ទង​លោក សុខ ឥសាន ដើម្បី​ស្នើសុំ​ការ​អធិប្បាយ​សម្រាប់​រឿង​នេះ​បាន​ទេ គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ លោក​បាន​ប្រាប់​វីអូអេ កាល​ពី​ថ្ងៃ​ចន្ទ​ថា រឿង​ទិញ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ មិន​ទាក់ទង​នឹង​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

យ៉ាងណាក៏ដោយ បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​១០​ថ្នាក់ ហើយ​បច្ចុប្បន្ន​ ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ លើ​ពិភពលោក៕