អ្នកស្រីឡាយ ស្រ៊ីមិត និងក្រុមគ្រួសាររបស់គាត់បានរស់នៅលើក្បាលដីតូចមួយនៅបឹងទំពុនក្នុងរាជធានីភ្នំពេញរយៈពេលបីទសវត្សរ៍ ចិញ្ចឹមជីវិតដោយការនេសាទ និងធ្វើស្រែ។
ក៏ប៉ុន្តែមិនយូរប៉ុន្មានក្រោយពីអាជ្ញាធរបានសម្រេចបូមខ្សាច់ និងភក់ លុបបឹងកាលពី១០ឆ្នាំមុនដើម្បីសាងសង់ផ្សារទំនើប និងអគារស្នាក់នៅ ពួកគេមិនអាចនេសាទ ឬធ្វើស្រែទៀតទេ។
ឥឡូវនេះដោយសារបឹងនៅសល់តែពីរបីកន្លែងនោះ អ្នកស្រី ឡាយ ស្រ៊ីមិត និងអ្នកជិតខាងភ័យខ្លាចបាត់បង់ផ្ទះសម្បែងដោយសារតែពួកគេមិនមានប័ណ្ណកម្មសិទ្ធិ។អគារធំមួយដែលកំពុងសាងសង់បានធ្វើឲ្យទ្រុឌទ្រោមផ្ទះឈើប្រកស័ង្កសីក្នុងសហគមន៍ជាង៦០គ្រួសារនេះ។ ទឹកជំនន់បានកើនឡើងក្នុងអំឡុងរដូវវស្សា និងបានបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមអ្នកស្រីឡាយ ស្រ៊ីមិត។ អ្នកស្រីបានថ្លែងថា៖ «ដីនេះទំនេរនៅពេលយើងមក ហើយយើងអាចរស់នៅយ៉ាងងាយស្រួល និងទទួលបានអាហារគ្រប់គ្រាន់ ប៉ុន្តែឥឡូវនេះយើងត្រូវធ្វើការរោងចក្រ និងបើករ៉ឺម៉កកង់បី និងទិញអាហារ»។
អ្នកស្រីបានបន្ថែមថា «យើងបានរស់នៅទីនេះអស់រយៈពេលយូរមកហើយ ប៉ុន្តែ យើងមិនអាចមានអារម្មណ៍សុវត្ថិភាពទេ ដោយដឹងថា យើងអាចត្រូវគេបណ្តេញចេញនៅពេលណាមួយ»។
ក្រុមអ្នកអភិរក្ស Wildfowl and Wetlands Trust និយាយថា ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើបឹង និងតំបន់ដីសើមដោយសារប្រជាជនជិតពាក់កណ្តាលធ្វើការ និងនៅលើដីដែលជន់លិចតាមរដូវហើយពឹងផ្អែកលើការធ្វើស្រែ និងរកត្រី។ ប៉ុន្តែការអភិវឌ្ឍយ៉ាងឆាប់រហ័សធ្វើឲ្យដីចង្អៀត ហើយមានតម្លៃខ្ពស់។
អង្គការ Wildfowl and Wetlands Trust បានឱ្យដឹងថា នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះតំបន់ដីសើមនៅប្រទេសកម្ពុជាបាត់បង់ប្រហែលពាក់កណ្តាល។
អង្គការការពារសិទិ្ធដីធ្លីគឺសមាគមធាងត្នោតបានឱ្យដឹងថា ជាក់ស្តែងក្នុងរាជធានីភ្នំពេញ បឹងចំនួន១៥ក្នុងចំណោម២៥ បឹងត្រូវបានចាក់ដីលុប និងខ្លះទៀតត្រូវលុបមួយផ្នែក ឬមាននៅក្នុងគម្រោងអភិវឌ្ឍ៕