មិនបានប៉ុន្មានថ្ងៃក្រោយពីការឃាត់ខ្លួនអតីតបុគ្គលិកពីររូបនៃវិទ្យុអាស៊ីសេរី សមត្ថកិច្ចរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះសម្រេចបញ្ជូន អតីតបុគ្គលិកវិទ្យុអាស៊ីសេរី RFA ទាំងពីររូបនោះ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ទៅកាន់តុលាការដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតុលាការ ក្រោយពីដាក់ការសង្ស័យ លើអ្នកសារព័ត៌មានទំាងពីររូបនេះក្នុងបទ «ផ្តល់ព័ត៌មានសម្ងាត់ទៅបរទេស»។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរនិងមន្ត្រីតុលាការ។
យោងតាមក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជាមាត្រា៤៤៥ ស្តីពីបទ «ផ្តល់ព័ត៌មានសម្ងាត់ទៅបរទេស» ឱ្យដឹងថា ជនដែលជាប់ទោសពីបទនេះ អាចប្រឈមនឹងទោសដាក់ពន្ធនាគារពី ៧ ទៅ១៥ឆ្នាំ។
លោក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនសន្តិសុខ បានប្រាប់ VOA ក្រោយពីបញ្ជូនអ្នកសារព័ត៌មានទំាងពីររូបនោះទៅតុលាការថា៖
«អ៊ឺ! ហ្អាហ្នឹងគឺស្រេច លើតុលាការ ហើយបងណា! ដល់ពេលហ្នឹងគឺដល់ដៃតុលាការហើយ គេនេះហើយ។ ប៉ុន្តែយើងបានបញ្ជូនឯកសារគ្រប់គ្រាន់ហើយ មានវត្ថុតាងដែលយើងឆែក និយាយរួមគឺថា គ្រប់គ្រាន់អស់ហើយពីផែនការសកម្មភាពរបស់គាត់ ពីការទំនាក់ទំនង ពីចម្លើយសារភាពដែលមានទំនាក់ទំនងជាមួយខាងវិទ្យុនិងបរទេសនៅក្រៅប្រទេស ហើយនឹងមួយចំនួនទៀត ដែលយើងអាចកំណត់ថា ជាសកម្មភាពឃុបឃិត ដែលលួចលាក់»។
ស្នងការរងនគរបាលរាជធានីភ្នំពេញដដែលបញ្ជាក់ថា តាមការពិនិត្យនិងស្រាវជ្រាវភស្តុតាង សមត្ថកិច្ចជឿជាក់ថា អតីតបុគ្គលិកវិទ្យុអាស៊ីទាំងពីររូបនៅតែផ្តល់ព័ត៌មានទៅដល់វិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិក ហើយសមត្ថកិច្ចបានដាក់ការសង្ស័យលើអ្នកសារព័ត៌មានទំាងពីរពីបទ«ផ្តល់ព័ត៌មានសម្ងាត់ទៅបរទេស» ក្នុងមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌ។
លោក ស៊ឹម វុទ្ធី បញ្ជាក់ក្នុងន័យដើមថា៖
«ក្នុងមាត្រា៤៤៥ គឺចោទពីបទ ការផ្តល់ព័ត៌មានសម្ងាត់ដល់បរទេស»។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបប្រចាំរាជធានីភ្នំពេញ នោះមានលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារ នៅសណ្ឋាគារមួយឈ្មោះ ម៉ារឌី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបញ្ជូនទៅកន្លែងដើមវិញ ដើម្បីសាកសួរនិងពិនិត្យភស្តុតាងបន្ថែមនៅថ្ងៃបន្ទាប់។ ទោះយ៉ាងណាក៏ដោយអ្នកសារព័ត៌មានទាំងពីររូបបានបដិសេធថា មិនមានពាក់ព័ន្ធ ឬបញ្ជូនព័ត៌មានទៅឱ្យវិទ្យុអាស៊ីសេរី ដែលមានទីតំាងនៅឯសហរដ្ឋអាមេរិកនោះទេ។
វិទ្យុអាស៊ីសេរីជាសារព័ត៌មានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិក និងផ្សាយចេញពីសហរដ្ឋអាមេរិក ក្នុងគោលការណ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ។ វិទ្យុនេះភាគច្រើនរាយការណ៍ព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាដីធ្លីជាដើម។ នៅដើមខែកញ្ញាកន្លងទៅ នេះវិទ្យុនេះបានប្រកាសថា ខ្លួនផ្អាកដំណើរការការិយាល័យព័ត៌មាននៅរាជធានីភ្នំពេញមួយរយៈទាំងបង្ខំ ដោយចោទថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
ក្រោយការប្រកាសផ្អាកដំណើរការការិយាល័យនៅភ្នំពេញ ក្រសួងព័ត៌មានក៏បានប្រកាសថា អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងអស់នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេនៅបន្តចុះយកព័ត៌មាន និងរាយការណ៍ពីប្រទេសកម្ពុជា។
ក្រោយពីការឃាត់ខ្លួនអតីតបុគ្គលិក អាស៊ីសេរីទាំងពីររូប វិទ្យុអាស៊ីសេរីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធបញ្ជាក់ថា ខ្លួនមិនបានបន្តកិច្ចសន្យាឬទទួលព័ត៌មានអ្វីពីអតីតបុគ្គលិកទាំងពីររូបនេះទេ។
លោក រ៉ូហ៊ីត មាហាចាន់ (Rohit Mahajan) អ្នកនាំពាក្យវិទ្យុអាស៊ីសេរីប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់ VOA ក្នុងន័យដើមថា៖
«សូមបញ្ជាក់ឱ្យច្បាស់ថា [ពួកគេ]មិនមានទំនាក់ទំនងអ្វីជាកិច្ចសន្យា ឬអ្វីដទៃទៀតជាមួយនឹងវិទ្យុអាស៊ីសេរីក្នុងការផ្តល់សេវាព័ត៌មាន ឬសេវាអ្វីផ្សេងទៀតឡើយ»។
លោក រ៉ូហ៊ីត មាហាចាន់ បានបន្ថែមថា វិទ្យុអាស៊ីសេរីនៅមិនទាន់ទទួលបានការចោទប្រកាន់ណាជាក់លាក់ពីរដ្ឋាភិបាលកម្ពុជានៅឡើយទេ ហើយបន្ថែមថា ស្ថានីយវិទ្យុនេះកំពុងតែតាមដានមើលការវិវត្តសភាពការណ៍នេះ «ប្រកបដោយការព្រួយបារម្ភ»។
លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់និងជាមេធាវីចាស់វស្សា បញ្ជាក់ពីមន្ទិលចំពោះការចាប់ខ្លួននិងការដាក់ការសង្ស័យរបស់ក្រុមសមត្ថកិច្ច លើរូបអ្នកសារព័ត៌មានទាំងពីរ។ មេធាវីរូបនេះបន្តថា ការដាក់ការសង្ស័យលើ បទ«ផ្តល់ព័ត៌មានសម្ងាត់ទៅបរទេស» ក្នុងមាត្រា៤៤៥ គឺវៀរលែងតែ ព័ត៌មាននោះជាព័ត៌មានសម្ងាត់ហើយត្រូវបញ្ជូនទៅឱ្យប្រទេសបច្ចាមិត្ត។
លោកមេធាវី សុក សំអឿន បញ្ជាក់បន្ថែមថា៖ «ហើយបើយើងថាបញ្ជូនព័ត៌មានទៅបរទេសសុទ្ធតែនេះ អ៊ីចឹងហ្វេសប៊ុក សុទ្ធតែផ្ញើទៅបរទេស មិនគេឃើញពាសពេញពិភពលោក អ៊ីចឹងយើងមិនជាប់គុកអស់ហើយចឹង»។
ការឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូបនេះ គឺធ្វើឡើងចំពេលដែលមានការបង្រ្កាបដ៏ធំនៅកម្ពុជាទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងស្រុក អង្គការសង្គមស៊ីវិល និងបក្សជំទាស់ដែលហ៊ានទិតៀនរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
បើទោះជាមានការបដិសេធពីអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា និងការបដិសេធពីតំណាងវិទ្យុអាស៊ីសេរីក្នុងទទួលយកព័ត៌មានពីអ្នកសារព័ត៌មានទំាងពីរនេះយ៉ាងណាក៏ដោយ ក៏នីតិវិធីតុលាការលើនៅតែបន្ត។
នៅថ្ងៃព្រហស្បតិ៍ដដែលនេះ លោក លី សុផាន់ណា ព្រះរាជអាជ្ញា និងជាអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានបណ្តាញសង្គម តេឡេក្រាមក្នុងន័យដើមថា៖
«អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលសំណុំរឿង និងជនសង្ស័យនាល្ងាចថ្ងៃនេះ ហើយនឹងបន្តចំណាត់ការតាមនីតិវិធី»។
មកទល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ VOA មិនទាន់ទទួលបានដំណឹងណាមួយទាក់ទិននឹងការចោទជាផ្លូវការរបស់តុលាការដំបូង លើរូបលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា នៅឡើយនោះទេ៕