តុលាការ​កាត់ទោស​លោក ស៊ុន ចន្ធី ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ពី​បទ​ញុះញង់​និង​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ

រូបឯកសារ៖ លោក ស៊ុន ចន្ធី​ សហស្ថាបនិក​និង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ចូលរួមក្នុងកម្មវិធីមួយរបស់គណបក្ស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Facebook/National Power Party)

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៍បាន​សម្រេច​ផ្តន្ទាទោសដោយ​កំបាំងមុខ​លើប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ​ស៊ុន​ ចន្ធី ឲ្យជាប់ពន្ធនាគារ​រយៈពេល ​២ ឆ្នាំ​ ពីបទ​ញុះញង់​ ហើយ​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​រូបនេះ។

លោក​ ស៊ុន​ ចន្ធី ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ «ញុះ​ញង់​បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពីត្រូវបាន​ចាប់ខ្លួន​កាលពី​ដើមខែឧសភា​ ឆ្នាំ ២០២៤ នៅពេល​លោកបានវិល​ត្រឡប់​ពីប្រទេស​ជប៉ុនវិញ​ ទីដែល​លោកបានលើកឡើងនៅចំពោះមុខក្រុមអ្នកគាំទ្រ​អំពី​ការ​រើស​អើង​ខាង​នយោបាយ​នៅកម្ពុជា និង​ភាព​លម្អៀង​ខាង​នយោបាយ​នៅ​ក្នុងការ​ទទួល​បានបណ្ណក្រីក្រ​។

បន្ទាប់​ពីការ​ប្រកាស​សាលក្រមនៅព្រឹកថ្ងៃព្រហស្បតិ៍​ ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក ​រ៉ុង​ ឈុន បាន​ចាត់​ទុក​ការ​ផ្តន្ទាទោស​លោក ​ស៊ុន ចន្ធី​ ថា​អយុត្តិធម៌​ ហើយអ្វីដែល​ធ្ងន់ធ្ងរ​នោះ ​គឺ​សិទ្ធិធ្វើ​នយោបាយរបស់​លោក ​ស៊ុន​ ចន្ធី​ ត្រូវ​បាន​ដក​ហូត។

លោក រ៉ុង ឈុន ​ប្រាប់​អ្នកសារព័ត៌មាន​នៅក្រៅ​របង​តុលាកា​រ​ថា​៖ «មិន​ត្រឹម​តែ​ដាក់​ទោស​ ២ ឆ្នាំ​ ថែម​ទាំង​ដក​សិទ្ធិ ដក​សិទ្ធិ​របស់​គាត់​ មិន​ឲ្យបោះឆ្នោត​ មិន​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​ពិន័យ ​៤លាន រៀល។ យើង​ឃើញ​ថា​ វាធ្ងន់​ធ្ងរ​ដែល​មនុស្ស​ពុំមាន​កំហុស​អ្វី​សោះ​ គ្រាន់តែ​ប្រើ​ប្រាស់​សិទ្ធិមូលដ្ឋាន ​ត្រូវ​ទទួល​ទោស​។ យើង​មាន​ការ​សោក​ស្តាយ​ ហើយ​ការ​សម្រេច​របស់​តុលាការ​ យើង​មើល​ទៅ​ វាគឺ​ថា សម្រេច​ទៅ​តាម​ឥទ្ធិពល​នយោបាយ»។

លោក ​រ៉ុង ឈុន ក៏​យល់ថា រឿង​ក្តីក្តាំរបស់​លោក ​ស៊ុន ចន្ធី​ ទំនង​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ ដែល​តុលាការ​មិនអាច​រក​ខុស​ត្រូវ​ក្នុង​រឿង​ក្តីនេះបាន​ទេ។ លោក​ក៏​បាន​លើកឡើង​ថា រាល់​អ្នកទោស​នយោបាយ​គួរ​តែ​ត្រូវបាន​ដោះ​លែង ដើម្បី​ស្តារមុខមាត់ និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា។

​លោក ស៊ុន ចន្ធី ត្រូវបាន​ចាប់ខ្លួននៅ​អាកាសយានដ្ឋានអន្តរ​ជាតិ​ភ្នំពេញ កាល​ពីថ្ងៃទី ​៩ ខែ​ឧសភា ឆ្នាំ ​២០២៤ វេលាម៉ោង ​៩ ​ព្រឹក គ្រា​ដែល​លោក​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ។ ក្រោយ​ការ​ចាប់​ខ្លួន​ តុលាការបាន​បញ្ជាក់​ថា លោក ស៊ុន ​ចន្ធី​ «បាន​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត ​ចំពោះ​រាជ​រដ្ឋាភិបាល​លើ​ការ​ចែក​បណ្ណ​ក្រីក្រ​ ថាមាន​ការ​រើស​អើង ​និង​មាន​ភាព​លម្អៀង​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ​ព្រម​ទាំង​បាន​មួល​បង្កាច់​អំពី​ការ​អភិវឌ្ឍ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន​ នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ ​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​និង​សណ្តាប់​ធ្នាប់​សាធារណៈ»។

លោក ​ជូង ជូងី​ មេធាវីការ​ពារក្តីរបស់​លោក ស៊ុន ចន្ធី ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​ផ្តន្ទាទោស​នាពេល​ថ្មីៗនេះមាន​សភាពធ្ងន់ធ្ងរចំពោះកូនក្តី​ ដែល​បាន​ត្រឹមតែ​បញ្ចេញ​មតិក្នុង​ន័យ​ស្ថាបនា​ នៅពេល​លោកបានជួបអ្នកគាំទ្រ​នៅប្រទេស​ជប៉ុន។

លោក ជូង ជូងី ថ្លែងថា៖ «ខ្ញុំមើល​ឃើញថា​ ធ្ងន់ធ្ងរ​ពេក​សម្រាប់​លោក​ ស៊ុន ចន្ធី​ បើប្រៀបធៀប​ទៅ​នឹង​អ្វីដែល​គាត់​និយាយ​កន្លងមក​ហ្នឹង ​គឺ​សម្រាប់​ខ្ញុំ​ជា​មេធាវី​។ យើង​ឃើញ​ថា​ អ្វីដែល​លោក ​ស៊ុន​ ចន្ធី​ បាននិយាយ​នៅ​ប្រទេស​ជប៉ុន​ គឺ​គាត់មិនមែន​ជា​កំហុស​ទេ​ គឺ​ជា​ការ​រិះគន់​ដើម្បីស្ថាបនា»។

មេធាវីការពារក្តី​រូបនេះ​បាន​ឲ្យដឹង​ទៀតថា​ កូនក្តីរបស់​លោក​បាន​បដិសេធ​មិនចូលរួម​សវនាការ​ ដោយសារ​ផលវិបាក​ក្នុង​ការ​ធ្វើ​ដំណើរពីពន្ធនាគារ​ខេត្តពោធិ៍សាត់ មកកាន់​ទីក្រុង​ភ្នំពេញ និង​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន។​

លោក ជូង ជូងី ថ្លែងថា៖ «ពីមុន​មក​ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​សុំ​មិនចូល​រួម​សវនាការ​ទេ​ដោយ​ហេតុថា​ គាត់​ចាញ់​ឡាន​។ ហើយ​ម្យ៉ាង​ទៀត​ ការ​ធ្វើ​ដំណើរ​ដឹកគាត់ទៅមក​ហ្នឹងជិត​៦០០គីឡូ​ ដូច្នេះ​ធ្វើ​ឲ្យគាត់​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​ដៃ​ជាប់ខ្នោះ​នៅ​ក្នុង​ឡានផង​ គឺ​ហាក់​ដូច​ជា​ទារុណ​កម្ម​សម្រាប់​គាត់​ក្នុង​ការ​ដឹក​គាត់​មក​សវនាការ​។ ដូច្នេះ​ពីមុនមក គាត់​ប្រាប់​ខ្ញុំថា​ គាត់​សុំមិនចូលរួម​សវនាការ​ទេ។ ដោយឡែក​ការ​ប្រកាស​សាលក្រម​ថ្ងៃនេះ​ ខ្ញុំអត់​មាន​ទទួល​បាន​ដំណឹង​អ្វី​ពីលោក​ ស៊ុន ចន្ធី​ ទេ​ ដោយសារ​តែ​គាត់​នៅឆ្ងាយ ហើយ​ខ្ញុំ​ក៏អត់បាន​ទៅ​ជួប​គាត់​ដែរ​។ ប៉ុន្តែ​ តាម​ខ្ញុំក្តាប់បាន​ពី​ជំហរគាត់​ គាត់សុំមិនចូលរួម​ ដោយ​មានការ​ប្រកាស​សាលក្រម​ដោយកំបាំងមុខ​គាត់​ចុះ​ ហើយ​ខ្ញុំនឹង​ជូនដំណឹង​គាត់​តាម​ក្រោយ»។

វីអូអេព្យាយាម​សុំការ​អត្ថាធិប្បាយពីលោក​ អ៊ី រិន្ទ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ ​តែគ្មាន​ការ​ឆ្លើយ​តបសំណួរ​ផ្ញើតាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារសិទ្ធិមនុស្សលីកាដូ​លោក​ អំ សំអាត​ បា្រប់​វីអូអេ​ថា​ ផ្អែក​តាម​សាលក្រម​របស់​តុលាការ​ លោក​ ស៊ុន ចន្ធី​ ត្រូវបាន​ដក​ហូត​សិទ្ធិ​បោះឆ្នោត​ និង​ឈរ​ឈ្មោះឲ្យគេ​បោះឆ្នោត​ជាអចិន្ត្រៃយ៍​។ នេះមានន័យ​ថា​ អ្នក​នយោបាយ​ជំទាស់​រូប​នេះនឹង​បាត់បង់សិទ្ធិ​នយោបាយ​ជា​ស្ថាពរ​។ បើតាម​លោក ​អំ សំអាត អ្នក​នយោបាយ​ជារឿ​យៗ​ប្រើប្រាស់​វោហារស័ព្ទ សម្រាប់​ទាញការ​គាំទ្រ​។ ដូច្នេះ​ការ​ផ្អែក​លើ​សម្តីអ្នក​នយោបាយ​មក​កសាង​សំណុំ​រឿងឈានដល់​ការផ្តន្ទាទោស​យ៉ាងដូច្នេះ​ អាច​នឹង​បង្ក​ឲ្យមានការរិះគន់​ពី​សហគមន៍​អន្តរ​ជាតិ​ ជាពិសេស​ក្រុម​ប្រទេស​គាំទ្រ​លទ្ធិ​ប្រជាធិប​តេយ្យ​។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ ការ​កាត់​ទោស​ទៅ​លើ​លោក ​ស៊ុន ចន្ធី​ នេះ​ ខ្ញុំយល់​ឃើញ​ថា អាច​នឹង​មានការ​រិះគន់បន្ថែម​ទៀត​ ពាក់​ព័ន្ធ​ទៅនឹង​ការ​រឹត​ត្បិត​នៃ​លម្ហ​សេរីភាព​ផ្នែក​នយោបាយ ​ដែល​កន្លង​មក​ទាំង​សហគមន៍​អឺរ៉ុប​ ឬក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ហ្នឹង​ តែង​តែ​លើក​ឡើង​ថា ​សុំ​ឲ្យ​កម្ពុជា​យើង​បើកលម្ហ​សេរីភាព​នយោបាយ​ហ្នឹង​ឲ្យ​បាន​ពេញលេញ»។

នៅ​ក្នុង​ការ​ឆ្លើយតបនឹង​ការ​ធ្លាក់​ចុះនៃ​លម្ហនយោបាយ និង​ការ​អនុវត្ត​សិទ្ធិជាមូលដ្ឋានផ្សេង​ទៀត​នៅកម្ពុជា​សភា​សហភាពអឺ​រ៉ុប​កាលពីចុង​ខែ​វិច្ឆិកា​ បាន​គំរាម​ដាក់ទណ្ឌកម្ម​បន្ថែម​លើរដ្ឋា​ភិបាល​កម្ពុជា​ ជាពិសេស​ទណ្ឌកម្ម​លើបុគ្គល​ដែលបាន​រួម​ចំណែក​ធ្វើ​ឲ្យស្ថានភាព​សិទ្ធិមនុ​ស្ស​នៅកម្ពុជាបន្តធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ​

នៅ​ក្នុងសេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃទី ​២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​ ​សភា​សហភាពអឺរ៉ុបបាន​ថ្លែង​ថ្កោល​ទោស​ចំពោះ​ការ​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​បានអំពាវ​នាវ​ឲ្យ​មាន​ការដោះ​លែងអ្នក​ទោសន​យោ​បាយ និង​សកម្មជន និង​ជំរុញ​ឲ្យបញ្ឈប់​ការយាយី​ប្រឆាំងនឹង​អង្គការ​សិទ្ធិ​មនុស្ស​លេច​ធ្លោ​មួយចំនួនដូចជា​ អង្គការ​សង់​ត្រាល់​ជាដើម​។

​យោង​តាម​ការ​សម្រេច​ដដែល សភា​សហភាពអឺ​រ៉ុប​ក៏​បាន​អំពាវ​នាវ​ឲ្យគណៈ​កម្មការ ​និង​រដ្ឋសមាជិក​គិត​គូរ​ឡើងវិញលើ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ លើក​លែង​សព្វាវុធ» ​ឬ Everything But Arms ហៅ​កាត់​ថា EBA ​ដោយ​ផ្អែក​លើការ​មិន​សហ​ការរបស់​រដ្ឋា​ភិបាល​កម្ពុជានៅក្នុង​ការ​ដោះ​ស្រាយ​ និង​ទប់​ស្កាត់​ការ​រំលោភ​សិទ្ធិមនុស្ស​ ក៏ដូច​ជាការ​បញ្ជូន​សារ​ច្បាស់​លាស់មួយថា​ «ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល​គឺ​ជា​លក្ខ​ខណ្ឌ​កំណត់​ទុកជា​មុន​សម្រាប់​កិច្ចសហប្រតិ​បត្តិការ​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និង​ការវិនិយោគ​»។

សភាសហភាព​អឺរ៉ុប​ក៏​ជំរុញ​ឲ្យរដ្ឋសមាជិក​ និងសហគមន៍អន្តរជាតិ​ចាត់​វិធាន​ការជាបន្ទាន់​និង​មាន​ប្រសិ​ទ្ធភាព​ រួមទាំង​ការដាក់​ទណ្ឌកម្ម​ដែល​មានគោលដៅ​លើ​អ្នក​ដែល​ទទួលខុស​ត្រូវ​ចំពោះ​ការគាប​សង្កត់​ផ្នែក​នយោបាយ​ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលកម្ពុជា ​រហូត​ដល់​អ្នកទោស​នយោបាយ​ទាំង​អស់ត្រូវ​បាន​ដោះលែង​៕