តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​លោក​សាស្ត្រាចារ្យ លន់ បូរី ពី​បទ​ឆបោក​ក្លែងបន្លំ​ឯកសារ​សាធារណៈ

រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឱ្យ​កង​កម្លាំង​អាវុធ​ហត្ថ​ចាប់​ខ្លួន​លោក​សាស្ត្រាចារ្យ​ លន់ បូរី​ ក្រោម​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ករណី​ឆបោក ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ និង​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ។​ នេះ​បើ​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ចុះ​ថ្ងៃ​ទី១៨​ ខែ​សីហា ​ដែល​វីអូអេ​ទទួល​បាន។​

លោក ​លន់ បូរី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គ្រូ​ជោគ​ជ័យ​មួយ​រូប​នៅ​លើ​បណ្តាញ​សង្គម​ និង​ជា​ស្ថាបនិក​ម្នាក់​នៅ​ក្រុមហ៊ុន​អ៊ីស្កូលខាមបូឌា​ (E-School Cambodia)​ ដែល​ជា​ក្រុមហ៊ុន​មួយ​ជួយ​ខាង​បច្ចេក​ទេស​ក្នុង​ការ​អប់រំ​តាម​អនឡាញ​អំឡុង​ពេល​មាន​វិបត្តិ​កូវីដ១៩។​

កាល​ពី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ លោក​ លន់ បូរី​ ត្រូវ​បាន​កង​កម្លាំង​អាវុធ​ហត្ថ​ចាប់​ខ្លួន​ទៅ​មណ្ឌល​កែប្រែ​ទី១​(ម១)​ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ចេញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ អួង វុទ្ធា ​រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ទៀត។​

អ្នក​នាំ​ពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ប្លង់ សុផល ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ដោយ​ស្នើ​ឱ្យ​អ្នក​យក​ព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិក ​(វីអូអេ)​ ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ អ៊ី រិន្ទ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​
គួរ​រំឭក​ថា​ ការ​ចាប់​ខ្លួន​លោក​សាស្ត្រាចារ្យ​លន់ បូរី​កើត​មាន​ឡើង​ ក្រោយ​សមត្ថ​កិច្ច​មាន​ការ​សង្ស័យ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២៣ ​ថា ​លោក​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ ក្លែង​បន្លំ​ឯកសារ​សាធារណៈ ​និង​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ​ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ។​

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ​លោក​ លន់​ បូរី​ មាន​ទោស​ លោក​អាច​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី៦​ខែ ​ទៅ​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​១.០០០.០០០​រៀល​ទៅ​៦.០០០.០០០​រៀល។​ នេះ​បើ​តាម​មាត្រា​ ៣៧៨​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​អំពី អំពើ​ឆបោក។​

ប្រធាន​បណ្តុះ​បណ្តាល​នៅ​អ៊ីស្កូលខាមបូឌា​ (E-School Cambodia)​ លោក​ ណេន បូរី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ករណី​ចាប់​ខ្លួន​លោក ​លន់ បូរី​ ពី​បទ​ឆបោក​ខាង​លើ​ គឺ​ជារឿង​បុគ្គល​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ លោក​ថា​ ករណី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ហ៊ុន​នោះ​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «អត់​ទេ​បង​ អា​ហ្នឹង​រឿង​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ។​ លោក​គ្រូ​សាស្រ្តាចារ្យ​ លន់ បូរី ​ហ្នឹង​គាត់​ជា​ក្រុម​ការងារ​របស់​អ៊ីស្កូល​អ៊ីចឹង ហើយ​រឿង​ហ្នឹង​មិន​មែន​ពាក់ព័ន្ធ​នឹង​អ៊ីស្កូល​ទេ ​គឺ​ជា​រឿង​ personal​ (រឿង​ផ្ទាល់​ខ្លួន)​គាត់​ខាង​ក្រៅ។ ​សុំ​បើ​មាន​ការ​ផ្សាយ​លើក​ក្រោយៗ​កុំ​ដាក់​ឈ្មោះ​ក្រុមហ៊ុន​អី​ ព្រោះ​អាហ្នឹង​រឿង​បុគ្គល​របស់​គាត់​ទេ។​គេ​មើល​តែ​ចំណង​ជើង​គេ​ច្រឡំ​ថា​ របស់​អ៊ីស្កូល»។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា​ កាល​ពី​ថ្ងៃ​ទី២ ​ខែ​កញ្ញា ​ខាង​ក្រុមហ៊ុន​អ៊ីស្កូល​ខាមបូឌា ​(E-School Cambodia)​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បំភ្លឺ​ទាក់ទង​នឹង​ករណី​នេះ​ដែរ​ថា​«មិន​មាន​អ្វី​ពាក់ព័ន្ធ​ជា​មួយ​នឹង ​E-School Cambodia ​ឡើយ ​ហើយ​ក៏​មិន​ធ្វើ​អន្តរាគមន៍​ណា​មួយ​ចំពោះ​ករណី​របស់​បុគ្គល​ លន់ បូរី​ នោះ​ដែរ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​សាច់ញាតិ​លោក ​លន់​ បូរី​ បាន​នៅ​ឡើយ​ទេនៅ​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ចុង​ឆ្នាំ​២០២១​ កន្លង​ទៅ​លោក​ ប៊ុន រស្មី ​ហៅ ​ប៊ុន ផាក​ ដែល​គេ​ស្គាល់​ថា​ជាគ្រូ​ជោគជ័យ​មួយ​រូប​ត្រូវ​បានកម្លាំង​នរគបាល​ព្រហ្មទណ្ឌ​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នង​ការ​នរគបាល​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ជា​មេធាវី៕