តុលាការ​គ្រោង​ជំនុំ​ជម្រះ​ក្តី​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​នៅ​ចុង​ខែនេះ

លោក អ៊ួន ឈិន (ឆេ្វង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​សារព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​ ដើម្បី​កាត់​សេចក្តី​លើ​អតីត​អ្នក​យក​ព័ត៌មាន​ពីរ​រូប​របស់​វិទ្យុ​អាស៊ីសេរី​នៅ​ចុង​ខែ​កក្កដា​នេះ។ អ្នក​កាសែត​ទាំងពីរ​រូប​រំពឹង​ថា ​ពួក​គេ​គួរតែ​ត្រូវ​ទទួល​បាន​យុត្តិធម៌​ចំពោះ​អ្វី​ដែល​ពួកគេ​អះអាង​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុស​នោះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​សំណុំ​រឿង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ គឺ ​លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ នៅ​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​នេះ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» ​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​និង​បទ​ចោទ​ប្រកាន់​ពី​ការ​ផលិត​ និង​កាន់​កាប់​រូបភាព​អាសអាភាស ក្រោម​មាត្រា​ ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

បទ​ចោទ​ប្រកាន់​ខាង​លើ​នេះអាច​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងពីរ​រូប​ជាប់​ពន្ធនាគារ​យ៉ាង​តិច​បំផុត​ចំនួន​ប្រាំពីរ​ឆ្នាំ។

​នៅ​ក្នុង​លិខិត​អញ្ជើញ​មេធាវី​តំណាង​របស់​អ្នក​កាសែត​ទាំងពីរ​រូប​កាល​ពី​ថ្ងៃ​ចន្ទ​ដែល ​VOA ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ លោក ​សេង ហៀង ព្រះរាជអាជ្ញារង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បង្ហាញ​ថា​ អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ត្រូវជាប់​ចោទទាក់​ទង​នឹង​ការ​បំពេញ​ការងារ​របស់​ពួក​គេ​កាល​ពី​ឆ្នាំ​ ២០១៧។

លោក​ យាង​ សុធារិន្ទ ដែល​មាន​ឈ្មោះ​ប្រើ​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​គឺ យាង សុជាមេត្តា បានប្រាប់​ VOA ​ថា ទាំង​រូប​លោក​ និង​លោក ​អ៊ួន ឈិន​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​សវនាការ​នា​ពេល​ខាង​មុខ​នេះ។

«វា​ជា​ពេលវេលា​ដែល​យើង​រង់​ចាំ​ដែរ មែន​ទែន​ទៅ​រយៈ​ពេល​នៃ​ការ​ស៊ើបអង្កេត​យូរ​ហើយ។​ យើង​ក៏​ចង់​បាន​យុត្តិធម៌​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​យើង​ពីរ​នាក់​ហ្នឹង​ទទួល​បាន​នូវ​សេរីភាព​មក​វិញ​ឲ្យ​បាន​ឆាប់​ដែរ»។

ជាមួយ​គ្នានេះ​លោក​ អ៊ួន​ ឈិន ក៏​កំពុង​រង់​ចាំ​យុត្តិធម៌​សម្រាប់​ខ្លួន​ផង​ដែរ។

«ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដោយ​ទម្លាក់​ការ​ចោទ​ប្រកាន់​ ហើយ​ឲ្យ​ពួក​ខ្ញុំ​មាន​សេរីភាព​ ដើរ​ហើរ​ ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូចគេ​ដូច​ឯង»។

លោក​ អ៊ួន​ ឈិន ​និង​លោក​ យាង សុធារិន្ទ​ ហៅ​ យាង​ សុជាមេត្តា ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ ​ពី​បទ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ។ ​ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន​នោះ​ អ្នក​ទាំង​ពីរ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៧ ​ដល់​ ១៥ ​ឆ្នាំ។

កាល​ពី​ខែ​សីហា ឆ្នាំ​ ២០១៨​ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ដោះលែង​ឲ្យ​អ្នក​ទំាង​ពីរ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ បន្ទាប់ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​ ៩​ ខែ។ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិន​បាន​បញ្ជាក់​ហេតុផល​នៃ​ការ​ដោះលែង​អ្នក​ទាំង​ពីរ​នោះ​ទេ។

លោក សំ ចំរើន មេធាវី​ការពារក្តី​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​រូប​រំពឹង​ថា​តុលាការ​នឹង​លើក​លែង​ការ​ចោទប្រកាន់​កូនក្តី​របស់​លោក៕