សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចមិនដោះលែងអ្នកផលិតភាពយន្តឯកសារសញ្ជាតិអូស្ត្រាលី ឲ្យនៅក្រៅឃុំ ដោយសំអាងថា ការដោះលែងរូបលោកអាចនឹងធ្វើឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ។
លោក James Ricketson ត្រូវបានចាប់ឃុំខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះដ្រូន ដើម្បីថតរូបការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ គណបក្សប្រឆាំងនេះ ត្រូវបានរំលាយកាលពីចុងឆ្នាំមុន ដោយចោទថា មានបំណងផ្តួលរំលំរដ្ឋាភិបាលនៅមុនការបោះឆ្នោតថ្នាក់ជាតិចូលមកដល់នៅក្នុងខែកក្តដាកន្លងទៅ។
ក្នុងការកាត់សេចក្តីលើសំណុំរឿងរបស់លោក Ricketson កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជាពីរវគ្គ ដោយវគ្គទីមួយ គឺក្រុមប្រឹក្សាជំនុំជម្រះបានសួរនាំលោក Ricketson អំពីប្រវត្តិផ្ទាល់ខ្លួន និងការសិក្សា ហើយនិងមុខរបររបស់លោក។ ក្រុមប្រឹក្សាជំនុំក៏បានផ្តល់ពេលដល់មេធាវីពីររូប គឺអ្នកស្រី ពឹង យក់ហៀប និងលោក គង់ សំអុន ឲ្យផ្តល់ការពន្យល់ដើម្បីសុំឲ្យលោក Ricketson បាននៅក្រៅឃុំ។
អ្នកស្រី ពឹង យក់ហៀប បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា កូនក្តីរបស់អ្នកស្រីជាអ្នកសារព័ត៌មាន មានចិត្តស្មោះត្រង់ ហើយនិងត្រៀមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីតុលាការជានិច្ច ប្រសិនបើកូនក្តីអ្នកស្រី ត្រូវបានអនុញ្ញាតឲ្យស្ថិតនៅក្រៅឃុំ។
អ្នកស្រីបានលើកឡើងចំណុចសំខាន់ៗចំនួនប្រាំមួយ ដើម្បីគាំទ្រដល់សំណើសុំនៅក្រៅឃុំរបស់កូនក្តីអ្នកស្រី ដោយនៅក្នុងនោះ កូនក្តីអ្នកស្រីសន្យាថា នឹងមិនចាកចេញពីទឹកដីប្រទេសកម្ពុជា ដោយការបន្តរស់នៅក្នុងទីក្រុងភ្នំពេញ ដែលអាជ្ញាធរមានសមត្ថកិច្ចអាចធ្វើការប្រាស្រ័យទាក់ទងបាន និងការធានាពីកូនប្រុសបង្កើត ដែលសព្វថ្ងៃកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ។ កូនក្តីអ្នកស្រីក៏ផ្តល់ឲ្យអាជ្ញាធរមានសមត្ថកិច្ចនូវលេខកូដសម្ងាត់នៃកុំព្យូទ័រផ្ទាល់ខ្លួន និងបានសន្យាថា មិនប្រព្រឹត្តបទល្មើសណាមួយនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមកម្ពុជា។
អ្នកស្រីថ្លែងក្នុងសាលសវនាការតាមន័យដើមថា៖
«គាត់មានការទទួលខុសត្រូវខ្ពស់ គាត់មិនគេចវេស និងចូលរួមគ្រប់ពេល តាមការអញ្ជើញរបស់តុលាការ»។
អ្នកស្រីប្រាប់ក្រុមប្រឹក្សាជំនុំបន្តថា មានការពិបាកក្នុងការធ្វើទំនាក់ទំនងជាមួយលោក Ricketson ប្រសិនបើរូបលោកមិនត្រូវបានអនុញ្ញាតឲ្យបានស្ថិតនៅក្រៅឃុំ ហើយថា ការបន្តឃុំខ្លួនលោក Ricketson អស់ជាង១៤ខែមកនេះ បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់លោក ដែលពេលនេះកំពុងមានបញ្ហាសុខភាពទ្រុឌទ្រោមទៀតផង។ អ្នកស្រីបានបន្ថែមថា កិច្ចស៊ើបសួររបស់តុលាការដែលធ្វើកន្លងមក ក៏មិនបានបង្ហាញនូវភស្តុតាងដាក់បន្ទុកលើកូនក្តីអ្នកស្រីផងដែរ។
សហការីរបស់អ្នកស្រី ពឹង យក់ហៀប គឺលោកមេធាវី គង់ សំអុន ក៏បានថ្លែងការពារកូនក្តីលោកថា ការចោទកូនក្តីលោកថា បានប្រមូលព័ត៌មានដើម្បីធ្វើឲ្យអន្តរាយដល់ការការពារជាតិនៅកម្ពុជា ជាការចោទប្រកាន់ហួសហេតុ ហើយលោកក៏មើលមិនឃើញពីតម្រុយណាមួយ ដែលនាំឲ្យក្តីលោកប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបែបនេះឡើយ។ លោកអះអាងថា កូនក្តីរបស់លោកជាបញ្ញាជន និងមានការអប់រំ ហើយថាការបន្តឃុំខ្លួនបានធ្វើឲ្យកូនក្តីលោកបាត់ឱកាសធ្វើការជួយសង្គម។
លោកបានលើកជាចម្ងល់ថា «តើវាជាការថតរូបឬ?» ដែលបានធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ឬក៏តាមការសរសេរសារEmail?»។
លោកគង់ សំអុន បានសង្កត់ធ្ងន់ថា សម្រាប់បញ្ហាការពារជាតិនេះ មន្ត្រីនគរបាលយុត្តិធម៌មិនគួរមកដណ្តើមភារកិច្ចរបស់មន្ត្រីយោធានោះទេ ដែលបានបង្ហាញថារឿងក្តីនេះមិនប្រក្រតី។ លោកស្នើសុំឲ្យដោះលែងកូនក្តីរបស់លោក។
ក៏ប៉ុន្តែ ការពន្យល់របស់មេធាវីទាំងពីរ ត្រូវបានលោកព្រះរាជអាជ្ញា សៀង សុខ ច្រានចោល។
លោកសៀង សុខ និយាយថា លោកមិនជជែកដេញដោលរឿងភស្តុតាងដែលប្រមូលបានពីមន្ត្រីនគរបាលយុត្តិធម៌នោះទេ។ លោកថ្លែងតាមន័យដើមថា៖
«ផ្អែកលើរបាយការណ៍ និងភស្តុតាង និងការស៊ើបសួរ បានឲ្យឃើញថា ជនជាប់ចោទ មិនបានបង្ហាញភស្តុតាងដោះបន្ទុក»។ លោកបានបន្តថា៖ «បទចោទនេះ ជាបទឧក្រិដ្ឋ វត្តមានរបស់ជនជាប់ចោទ គឺជាការសំខាន់»។
ក្នុងសេចក្តីសន្និដ្ឋាន លោក សៀង សុខ បានស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះឲ្យបន្តឃុំខ្លួនជនជាប់ចោទ។
ក្រោយការតតាំងរវាងមេធាវី និងព្រះរាជអាជ្ញារួចមកនោះ ក្រុមប្រឹក្សាជំនុំជម្រះ បានសុំពេលទៅពិចារណារយៈពេល ២០នាទី។ ក្នុងម៉ោងសម្រាកនោះ លោក Ricketson ត្រូវគេសង្កេតឃើញថា បានលើកបង្ហាញសំណុំឯកសារជាច្រើន បង្ហាញដល់អ្នកឃ្លាំមើលការជំនុំជម្រះ និងបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា រាល់ការងារទំនាក់ទំនងរបស់លោកដែលបានធ្វើកន្លងមក គឺគ្រាន់តែជាការងាររបស់អ្នកកាសែតប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ជាងមួយម៉ោងក្រោយមក លោកចៅក្រម សេង លាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានចេញសាលក្រម សម្រេចមិនដោះលែងលោក James Ricketson ដោយអះអាងថា ការដោះលែងអ្នកផលិតភាពឯកសាររូបនេះ អាចនាំឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ។
លោកចៅក្រមសេង លាង ក៏បានបន្តសវនាការវគ្គទីពីរ ដើម្បីកាត់ទោសលោក James Ricketson ក្នុងសំណុំរឿងចារកម្មនេះដដែល។ ក្នុងសវនាការវគ្គទីពីរនេះ ក្រុមប្រឹក្សាជំនុំជម្រះបានហៅសាក្សីចំនួន៤នាក់ ដើម្បីការពារភាពស្អាតស្អំលោក Ricketson។
លោក Pete Weir ដែលជាអ្នកផលិតភាពយន្តជនជាតិអូស្រ្តាលីមួយរូប និងដែលបានធ្វើការជាមួយក្រុមហ៊ុន Hollywood ស្ថិតក្នុងចំណោមសាក្សីទាំងបួននាក់នោះ។ លោក Peter ត្រូវបានសួរនាំដោយតុលាការអស់រយៈពេលជាងមួយម៉ោង អំពីទំនាក់ទំនងរបស់លោកជាមួយលោក Ricketson។
ក្នុងការផ្តល់សក្ខីកម្ម លោក Peter បានផ្តល់ការពន្យល់ជាច្រើនថា លោក Ricketson ដែលជាមិត្តភក្តិរបស់លោកគ្រាន់តែជាសិល្បៈករ ហើយលោកបានធ្វើការឲ្យរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលី តែតាមការដាក់សំណើទៅអង្គភាពទទួលបន្ទុកភាពយន្តប៉ុណ្ណោះ។
លោកអះអាងថា លោក Ricketson គ្មានទំនាក់ទំនងណាមួយជាមួយគណបក្សនយោបាយទាំងនៅកម្ពុជា និងនៅអូស្ត្រាលី។ លោកប្រាប់តុលាការថា អ្វីដែលបានកើតឡើងចំពោះ លោក Ricketson ទំនងជាបណ្តាលមកពីការភាន់ច្រឡំ និងទំនាស់វប្បធម៌។
លោកថ្លែងក្នុងន័យដើម និងប្រែសម្រួលជាភាសាខ្មែរថា៖
«James មិនមែនជាសមាជិករបស់គណបក្សនយោបាយណាមួយ ដែលមាននិន្នាការឆ្វេង ឬស្តាំនិយមនោះទេ។ James គ្មានទំនាក់ទំនងជាមួយគណបក្សនយោបាយ»។
ដោយសារការសួរដេញដោលបានអូសបន្លាយពេលមកដល់ម៉ោងជាង៦លា្ងច នាថ្ងៃព្រហស្បតិ៍តុលាការ បានសម្រេចលើកពេលសវនាការកាត់ទោស លោក Ricketson ទៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលសវនាការ ប្រាប់ VOA ថា ហេតុផលដែលលើកឡើង ដោយមេធាវី គឺសមល្មមដែលអាចឲ្យលោក Ricketson បាននៅក្រៅឃុំ។ លោកថា សកម្មភាពរបស់លោក Ricketson ក៏មិនបានបង្កការខូចខាតដល់សន្តិសុខសង្គមកម្ពុជាដែរ។
លោកនិយាយថា៖
«យើងដូចជាមើលមិនឃើញថា គ្រាន់ពីចាប់ James ឃុំខ្លួនហ្នឹង ក៏មិនទាន់ឃើញមានអីអន្តរាយដល់ប្រទេសជាតិដែរ។ ហើយ James ខ្លួនឯងហ្នឹង ក៏បានស្មោះត្រង់រហូតប្រគល់លេខសម្ងាត់ ទូរសព្ទ ឬក៏សម្ភារៈកំព្យូទ័ររបស់គាត់ហ្នឹងឲ្យទៅសមត្ថកិច្ចទៅទៀត។ អ៊ីចឹងបើសិនជារយៈកាលហ្នឹង បើសិនជា James រាយការណ៍ពីការណ៍សម្ងាត់អីផ្សេងៗ ឬប៉ះពាល់អន្តរាយទៅដល់ប្រទេសកម្ពុជាហ្នឹង គឺច្បាស់ជាខាងសមត្ថកិច្ច ឬក៏ចៅក្រមស៊ើបសួរហ្នឹង គាត់បានរកឃើញបាត់ទៅហើយ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ឃើញមានអ្វីដែលជាផលប៉ះពាល់ទៅលើប្រទេសកម្ពុជា ឬមហន្តរាយអីមកលើប្រទេសកម្ពុជានោះទេ»។
លោក Ricketson ត្រូវបានចោទប្រកាន់ពីបទចារកម្ម ដែលបានចែងក្នុងមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌកម្ពុជា។ មាត្រា៤៤៦ ហាមឃាត់ការប្រមូលព័ត៌មាន ដែលមានផលប៉ះពាល់ដល់សន្តិសុខជាតិ។ លោកប្រឈមនឹងការជាប់ពន្ធនាគារ១០ឆ្នាំ ប្រសិនបើរកឃើញថាមានទោស៕