តុលាការ​ចោទ​សួរ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ CCHR ពី​រឿង​ក្តីក្តាំ​លោក​កឹម សុខា

រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ប្រភព​ជំនួយ​សម្រាប់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) បាន​ស្ថិត​ក្នុង​ការ​សួរ​ដេញ​ដោល​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ អំឡុង​ពេល​នៃ​ការ​សួរ​សាក្សី​គឺ​អ្នកស្រី​ ចក់​ សុភាព​ ក្នុង​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែលត្រូវ​រំលាយ​កាល​ពី​ ៥ ឆ្នាំ​មុន។

សវនាការ​របស់​លោក​ កឹម សុខា ​ដែលធ្វើ​ឡើង​កាលពី​ថ្ងៃពុធ​ ទី ១២ ខែ​តុលា គឺ​ជាសវនាការ​លើក​ទី​ ៦០។ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី ១៣ ខែ​តុលា​នេះ តុលាការ​បាន​បន្ត​សវនាការ​ទៀត​ ដើម្បី​សាកសួរ​សាក្សី​មួយ​ចំនួន​បន្ថែម​ទៀត។

នៅ​ក្នុង​សវនាការ​កាលពី​ថ្ងៃពុធ​ តុលាការ​បាន​សួរ​ដេញដោល​អ្នក​ស្រី ចក់​ សុភាព ជា សាក្សី​ម្នាក់​ និង​បច្ចុប្បន្ន​ជា​នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​អំពី​ប្រភព​ជំនួយ​ដែល​មជ្ឈមណ្ឌល​ទទួល​បាន​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើតាម​សកម្មជន​សិទ្ធិ​មនុស្ស ​ដែល​តាម​ដាន​សវនាការ​លោក​ កឹម សុខា ដែល​ធ្លាប់​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

លោក ​អំ សំអាត​ នាយក​ទទួល​បន្ទុកកិច្ច​ការ​ទូទៅ​អង្គការ​សិទ្ធិ​មនុស្សលីកាដូ​ ប្រាប់​វីអូអេថា​ តុលាការ​រាជធានី​ភ្នំពេញ​កំពុង​បន្តសួរ​នាំ​សាក្សី​បន្ថែម​ទៀត​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​លោក​ថា​ កាលពី​ថ្ងៃ​ពុធ តុលាការ​បាន​ចោទ​សួ​រសាក្សី​មួយ​ចំនួន​ ក្នុង​នោះ​រួមមាន​អ្នក​ស្រី​ ចក់​ សុភាព​ និង​លោក​ ឈឹម ផលវរុណ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាអ្នកស្រី​ ចក់​ សុភាព​ បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុងភ្នំពេញ​ ក្នុងនាម​ជាសាក្សីក្នុង​ចំណោម​សាក្សីផ្សេង​ទៀត​ ​ក្នុង​សំណុំ​រឿង​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​ កឹម សុខា ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/​វីអូអេ)​

បើ​តាម​លោក ​អំ សំអាត​ អ្នកស្រី ចក់​ សុភាព ​ត្រូវបាន​អយ្យការ​ចោទសួរ​អំពី​ប្រភព​មូលនិធិ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អំឡុង​ពេល​អ្នកស្រី​បំពេញ​ការងារ​ជាមួយ​លោក​ កឹម សុខា។ តុលាការ​ក៏បាន​ចោទសួរ​សាក្សី​ប្រាំ​នាក់​ផ្សេង​ទៀត​ រួម​មាន​សកម្មជន​សង្គម​ និង​សកម្មជន​អតីត​គណ​បក្ស​សង្គ្រោះជាតិ​ និង​អតីត​សកម្មជន​ដីធ្លី​នៅ​តំបន់​បុរីកីឡា​ អំពី​ដំណើររឿង​ពាក់​ព័ន្ធ​នឹងព្រឹត្តិការណ៍​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ (Black Friday) ក្នុង​យុទ្ធនាការ​តវ៉ាទាម​ទារ​ឱ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ដែល​ជាប់​ឃុំ​កន្លង​មក។

លោក​ថ្លែង​ប្រាប់​វីអូអេថា៖ «យើង​ឃើញមាន​សាក្សី​ ៥ នាក់ផ្សេង​ទៀត​ដែរ​ ដែល​ឆ្លើយ​ ហើយ​ក្នុង​ហ្នឹង​ក៏​ឃើញ​អ្នកស្រី​ ចក់ សុភាព​ ដែរ​ ដែល​សួរ​ពាក់​ព័ន្ធ​ហ្នឹងខាង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ដែល​អ្នក​ស្រី​ធ្វើ​ការ​ជាមួយ​ឯកឧត្តម​ កឹម សុខា»។

លោក​ថ្លែង​បន្ថែម​ថា៖ «យើង​ឃើញ​ថា​ សាក្សីផ្សេង​ទៀត​ ដូច​ជា​សួរ​រឿងការ​បណ្តុះ​បណ្តាល​ ទៅ​លើ​បញ្ហា​ Canvas អង្គការ​ Canvas ​ថា​ ជា​អង្គការ​មួយ​ដែល​ពាក់​ព័ន្ធ​បដិវត្តន៍​ពណ៌​អីជាដើម​ហ្នឹង។ ហើយ​ជាមួយ​នឹង​រឿង​ Black Monday ដែល​អង្គការ​សង្គម​ស៊ីវិល ឬក៏​សហគមន៍​ដែល​គាត់​ធ្វើ​ការ​មាន​បំណង​តែ​មួយ​ទេ​ គឺ​ជួយ​ធ្វើ​ម៉េច​ឱ្យ​មាន​ការ​ដោះ​លែង​ទៅ​លើ​បុគ្គលិក​សមាគម​អាដហុក ​៥ នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៦។ អាហ្នឹង​យើង​ឃើញ​មាន​ការ​ដេញ​ដោល​ប៉ុណ្ណឹង​ម្សិលមិញ​នេះ»។

​ទាក់ទិន​ការ​ចោទសួរ​លោក​ ឈឹម ផលវរុណ ​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និង​បច្ចុប្បន្ន​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នោះ​ លោក​ អំ សំអាត​ លើក​ឡើង​ថា​ សក្ខីកម្ម​ដែល​ផ្តល់​ដោយ​លោក​ ឈឹម ផលវរុណ អាច​បង្ក​ភាព​ចម្រូង​ចម្រាស​ជុំវិញ​ថា​ តើ​អ្វី​ដែល​សាក្សី​រូប​នេះ​និយាយ​ពិត​ឬយ៉ាង​ណា ឬក៏ជា​ចេតនា​នៃ​ការ​សងសឹក​គំនុំ​ផ្ទាល់​ខ្លួន ដែល​លោក​ធ្លាប់​មាន​ទំនាស់​ជាមួយ​លោក​ កឹម​ សុខា ក្នុង​អំឡុង​ពេល​លោក​បាន​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក​ ឈឹម ផលវរុណ​ អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បង្ហាញ​ខ្លួននៅសាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃទី​៥ ខែតុលា​ ឆ្នាំ​ ២០២២។ ​(ហ៊ុល រស្មី/​វីអូអេ)​

ទោះ​យ៉ាងណាក៏ដោយ​ ក៏​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អះអាង​ថា​ ភ្លើង​ជម្លោះ​នយោបាយ​មិន​អាច​ពន្លត់​តាម​ប្រព័ន្ធតុលាការកម្ពុជា​បាន​ទេ។

លោក​ថ្លែង​ថា៖ «សំខាន់​ខ្ញុំ​គិតថា​ អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់​គួរ​តែ​បន្ត​នូវ​អាវប្បធម៌​នៃ​ការ​សន្ទនា ​ដើម្បី​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​ដែល​សេសសល់​ ហ្នឹង​គឺ​វាជា​ការ​ផ្តល់​[ផល]ចំណេញ​សម្រាប់​កម្ពុជា​ទេ។ ហើយ​ងាក​ទៅ​រក​ការ​ប្រកួត​ប្រជែង​ តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ គឺ​ការ​បោះឆ្នោត​ ដោយ​សេរី​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ ដូច​ដែល​បទ​ពិសោធន៍​អ្នក​នយោបាយ​ធ្លាប់​ដោះស្រាយ​កន្លង​មក​តាំង​ពី​ឆ្នាំ​ ១៩៩៣​ មក​នោះ»។ ​

ដោយឡែក អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​វីអូអេ​ថា មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​តម្លាភាព​ ទាំង​ការ​រៀប​ចំ​វេទិកា​សាធារណៈ​ ឬការ​ចាយវាយ​ធនធាន​មូលនិធិ​ ដែល​មជ្ឈមណ្ឌល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ។

អ្នកស្រី​ថ្លែងថា៖ «អ៊ីចឹង យើង​មិនមាន​អី​ដែល​មានការ​ព្រួយ​បារម្ភ​ អំពី​ការ​ចោទ​ប្រកាន់​ អំពី​ភាព​មិន​ប្រក្រតី​ណាមួយ​ គឺ​យើង​អត់​មាន​ទេ។ ប៉ុន្តែ​ជា​រួម​ ខ្ញុំ​គិត​ថា​ កន្លង​មក​មាន​ការ​លើក​ច្រើន​ ពេល​ខ្លះ​មាន​ការ​លាប​ពណ៌​ពី​រដ្ឋាភិបាល​ ឬ​ពី​អ្នក​គាំទ្រ​មាន​និន្នាការ​នយោបាយ​មួយ​ចំនួន​ហ្នឹង​ តែង​តែ​លើក​ថា​ អង្គការ​សង្គមស៊ីវិល​ដែល​យើង​អាស្រ័យ​មូលនិធិ​ពីបរទេ​សហ្នឹង​ យើង​ជា​ភ្នាក់ងារ​ ឬក៏​យើង​ធ្វើ​ការ​ឱ្យ​បរទេស​ តែង​តែ​មាន​ការ​ចោទ​ប្រកាន់​អ៊ីចឹង»។

អ្នកស្រី​បន្ថែមថា៖ «ប៉ុន្តែ​ខ្ញុំ​មាន​ចំណោទ​ទៅវិញ​ថា​ បើសិន​ជា​រាល់​ការ​ទទួល​មូលនិធិ​ពី​បរទេស​ ត្រូវ​បាន​រង​នូវការ​ចោទ​ថា​ យើង​ជា​ភ្នាក់ងារ​បរទេស​ ចុះមូល​និធិ​ទាំង​ឡាយ​ដែល​ម្ចាស់​ជំនួយ​បរទេស​ផ្សេងៗ​ផ្តល់​ទៅរដ្ឋាភិបាល​ តើ​នោះ​ជាអ្វី? បើ​យើង​ឈរ​លើ​គោល​ការណ៍​ហ្នឹង»។

វីអូអេ​មិនទាន់​អាច​ទាក់​ទង​សុំកា​រអត្ថាធិប្បាយ​ពី​លោក ​ឈឹម ផលវរុណ ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​លោក​បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ អ្វី​ដែល​លោក​បាន​និយាយ​ជា​ការពិត​ គ្មាន​ការ​សន្និដ្ឋាន ឬ​និយាយ​ដោយប្រហែលៗនោះទេ។

លោក ​កឹម សុខា ​កំពុង​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ «សន្ទិដិ្ឋភាព​ជាមួយ​បរទេស»។ ប្រសិន​បើ​តុលាការ​រកឃើញ​ថា​មាន​ទោស​ លោក កឹម សុខា​អាច​ជាប់​ពន្ធនាគារពី ១៥ ឆ្នាំ ទៅ​ ៣០​ ឆ្នាំ។ អ្នកឃ្លាំមើល​សវនាការ​របស់​អតីត​មេបក្ស​ជំទាស់​រូបនេះ​ ជឿថា​ តុលាការ​អាច​នឹង​មាន​ការ​កោះហៅ​សាក្សី​បន្ថែម​ទៀត​ ដើម្បី​បំភ្លឺ​សំណុំ​រឿង​នយោបាយ​សាំញ៉ាំ​មួយនេះ៕