ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យរឹបអូសអចលនវត្ថុរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ជាបណ្តោះអាសន្ន ដែលមាន ៣ ទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។ នេះបើយោងតាមដីកាសម្រេចរក្សាការពាររបស់លោកចៅក្រម ញឹម ពិសាល ចុះថ្ងៃទី ៣០ ខែកក្កដា ដែលវីអូអេទទួលបាន។
ការសម្រេចនេះធ្វើឡើងក្រោយពីចៅក្រមតុលាការរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន បានសម្រេចផ្តន្ទាទោសលោក ទាវ វណ្ណុល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយបង្គាប់ឱ្យមេដឹកនាំគណបក្សជំទាស់រូបនោះបង់សងជំងឺចិត្តទៅដើមបណ្តឹងដែលជារដ្ឋាភិបាលកម្ពុជា ប្រមាណ១លាន៥សែនដុល្លារអាមេរិក។
បើតាមដីកា តុលាការសម្រេចរឹបអូសជាបណោ្តះអាសន្ននូវអចលនវត្ថុរបស់លោក ទាវ វណ្ណុល ៣ កន្លែង គឺដីដែលមានទំហំជាង២ពាន់ម៉ែត្រការ៉េស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដីដែលមានទំហំប្រមាណ ៦០០ ម៉ែត្រការ៉េដែលមានទីតាំងស្ថិតនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម និងដីទំហំជាងមួយហិកតា ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ចាមដូចគ្នា។
លោក ជូង ជូងី មេធាវីរបស់លោក ទាវ វណ្ណុល ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកមិនមានការបញ្ចេញយោបល់អ្វីលើការសម្រេចរឹបអូសអចលនវត្ថុនេះទេ។ លោកបន្ថែមថា កូនក្តីរបស់លោកបានសម្រេចប្តឹងទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោក ជូង ជូងី ធ្លាប់បានបញ្ជាក់ថា ការសម្រេចរបស់តុលាការមិនយុត្តិធម៌សម្រាប់កូនក្តីលោកឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ទាវ វណ្ណុល បាននៅឡើយទេ។
នៅក្នុងសវនាការជំនុំជម្រះកាលពីកន្លងទៅ មេធាវីរដ្ឋាភិបាលកម្ពុជាបានទាមទារសំណងជំងឺចិត្តចំនួន ៦ពាន់លានរៀល ឬប្រហែល ១លាន ៥សែនដុល្លារ ពីលោក ទាវ វណ្ណុល។ មេធាវីរបស់រដ្ឋាភិបាលបានអះអាងថា ការថ្លែងរបស់លោក ទាវ វណ្ណុល ទៅកាន់សារព័ត៌មានជប៉ុន កាលពីកន្លងទៅ បានធ្វើឱ្យខូចមុខមាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia លោក ទាវ វណ្ណុល បានរិះគន់ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ចូលកាន់តំណែង។ លោកអះអាងថា អាជ្ញាធរបានដំឡើងកាមេរ៉ាសុវត្ថិភាព ដើម្បីឃ្លាំមើលសកម្មភាពរបស់លោក និងមេដឹកនាំគណបក្សភ្លើងទៀនមួយចំនួនទៀត។
កាលពីកន្លងទៅ លោក ទាវ វណ្ណុល ធ្លាប់បានស្នើឱ្យអយ្យការច្រានចោលពាក្យបណ្តឹងរបស់រដ្ឋាភិបាល ព្រោះលោកយល់ឃើញថា អ្វីដែលលោកបានអត្ថាធិប្បាយជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុនអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាសេរីភាពនៃការសម្តែងមតិ។ លោកបន្ថែមថា ការអតា្ថធិប្បាយរបស់លោកធ្វើឡើងគ្រាន់តែជាការប្រៀបធៀបអំពីស្ថានភាពប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នគឺលោក ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេថា លោកសោកស្តាយចំពោះការកាត់ទោសដោយពិន័យជាប្រាក់យ៉ាងច្រើនដល់មេដឹកនាំគណបក្សប្រឆាំង។ លោកថា នេះនឹងធ្វើឱ្យលំហនយោបាយកាន់តែរួមតូចក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា លោក ទាវ វណ្ណុល ជាអ្នកនយោបាយម្នាក់ទៀតដែលត្រូវបានប្តឹងទាមទារសំណងជំងឺចិត្តច្រើន។ កាលពីឆ្នាំ ២០២២ សាលាដំបូងបានកាត់ក្តីឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចាញ់ក្តីនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា ដោយតម្រូវឱ្យលោកសងសំណងសរុបជាទឹកប្រាក់ប្រមា ៧៥ ម៉ឺនដុល្លារអាមេរិក ហើយអចលនវត្ថុមួយចំនួនរបស់លោកត្រូវបានតុលាការចេញដីការឹបអូស៕