តុលាការ៖ សវនាការ​លើ​លោក កឹម សុខា អាច​ប្រើ​ពេល​ទៅ​ដល់​៣​ខែ

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយ​​ឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

ប្រធាន​តុលាការ​រូប​នោះក៏​បាន​បញ្ជាក់​ថា បន្ទប់​សវនាការ​អាច​ដាក់​មនុស្ស​បាន​តែ​៣០នាក់​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​កន្លែង​នេះត្រូវ​ផ្តល់​ដល់​មន្រ្តី​ទូត និង​មន្រ្តី​សិទ្ធិមនុស្ស មិន​មែន​សម្រាប់​​អ្នកសារ​ព័ត៌មាន​នោះ​ទេ។

សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង អាច​ប្រើរយៈ​ពេល​ទៅ​ដល់​៣​ខែ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោកតាំង ស៊ុនឡាយ។

លោក តាំង ស៊ុនឡាយ បានថ្លែង​ប្រាប់ ​VOA ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា៖ «ដោយសារ​រឿង​ធំ​ ប្រហែល​ជា​យើង​គ្រោង​បី​ខែ។ យើង​គ្រោង​បី​ខែ​បាន​ចប់»។ លោក​បន្ថែម​ថា តុលាការ​គ្រោង​យកថ្ងៃ​ពុធ និង​ព្រហស្បតិ៍រៀង​រាល់​សប្តាហ៍ ដើម្បី​ដំណើរ​ការ​សវនាការ​នេះ។

ប្រធាន​តុលាការ​រូប​នោះក៏​បាន​បញ្ជាក់​ថា បន្ទប់​សវនាការ​អាច​ដាក់​មនុស្ស​បាន​តែ​៣០នាក់​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​កន្លែង​នេះត្រូវ​ផ្តល់​ដល់​មន្រ្តី​ទូត និង​មន្រ្តី​សិទ្ធិមនុស្ស មិន​មែន​សម្រាប់អ្នកសារ​ព័ត៌មាន​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ពីព្រោះ​ថា​យើង​អត់​មាន​ជម្រើស​ល្អ​ជាង​ហ្នឹង​ទេ។ គ្រាន់​តែ​ខាង​ទូត​ចូលរួម​ហ្នឹង ចូល​ជិត​២០​នាក់​បាត់​ហើយ។ អាហ្នឹង​ សុំ​អធ្យាស្រ័យ។ មិន​មែន​ថា​យើង​ត្បិត​ត្បៀត មិន​ឲ្យ​សារព័ត៌មាន​ចូលទេ។ ប៉ុន្តែ​ជម្រើស​វា​អត់​មាន​អញ្ចឹង»។

មេធាវី​របស់​លោក លោក កឹម សុខា គឺ​លោក ចាន់ ចេន មាន​ប្រសាសន៍ថា លោក​មិន​បាន​ដឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​រយៈ​ពេល​នៃ​សវនាការ​នេះ​ទេ តែ​លោក​គ្រាន់​តែ​ដឹង​ថា​សវនាការ​ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៥​និង​ថ្ងៃទី​១៦ ខែ​មករា ចាប់​ពី​ថ្ងៃ​ពុធ ស្អែក​នេះ។

លោក​បាន​បដិសេធមិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ តែ​លោកថា​មេធាវី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ក្នុង​ការ​តតាំង​រឿង​ក្តីនេះ។

លោក​បន្តថា ​តុលាការ​គួរ​តែ​ផ្តល់​កន្លែង​សម្រាប់​អ្នក​សារព័ត៌មាន ដើម្បី​ឲ្យ​ពួក​គេ​អាច​ផ្តល់​ព័ត៌មាន​ទៅ​សាធារណ​ជន។

លោក​បាន​ថ្លែង​ថា៖ «គាត់​គួរ​តែ​រក​មធ្យោបាយ ឬ​ក៏​វិធី​យ៉ាងណា ដើម្បី​ឲ្យ​ព័ត៌មាន ឬសកម្មភាព​នៅ​ក្នុង​សវនាការ​ហ្នឹង បាន​ឲ្យ ប្រជាពលរដ្ឋដែល​រង់ចាំ​ទន្ទឹងមើល ក៏​ដូច​ជា​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ដែល​រង់ចាំ ដែល​តាម​ដាន​ហ្នឹង បាន​ជ្រាប​និង​ដឹង​ទាំងអស់គ្នា»។

លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ ​នឹង​ទៅ​ចូល​រួម​សវនាការ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីមេធាវី​របស់​លោក។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា​«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋអាមេរិកបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

តុលាការ​បាន​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​លោក​ កឹម សុខា​ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ក្រោយ​លោក​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ និង​នៅ​ផ្ទះ​មួយ​រយៈ។ ​ ​លោក​ កឹម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យធ្វើ​នយោបាយ ​និង​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​នោះ​ទេ​ ដោយលោកមាន​សិទ្ធិ​ត្រឹម​ដើរ​ហើរ​ក្នុង​ប្រទេស ​និង​ជួប​ជាមួយ​អ្នក​ការទូត ​កន្លង​មក​តែ​ប៉ុណ្ណោះ៕