ក្រុមអតីតតំណាងរាស្ត្រនិងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ កាលពីឆ្នាំ ២០១៧ បានចាត់ទុកការកោះហៅពួកគេឲ្យបង្ហាញខ្លួននៅតុលាការ ជាចេតនាគំរាមកំហែងមិនឲ្យពួកគេធ្វើសកម្មភាពនយោបាយ នៅពេលដែលអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសឲ្យដឹងពីគោលបំណងវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីទៀត។
តុលាការក្រុងភ្នំពេញបានកោះហៅលោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅប្រទេសបារាំង និងអតីតថ្នាក់ដឹកនាំ ព្រមទាំងសកម្មជនគណបក្សប្រឆាំងរាប់សិបនាក់ មកចូលរួមសវនាការក្រោមបទចោទ «រួមគំនិតក្បត់និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ លោក សម រង្ស៊ី ត្រូវបានព្រះរាជអាជ្ញារងលោក សេង ហៀង តម្រូវឲ្យមកបង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា។
លោក អ៊ុំ សំអាន ដែលជាអតីតតំណាងរាស្ត្រគណបក្សប្រឆាំង និងដែលត្រូវបានតុលាការកោះឲ្យចូលខ្លួនក្រោមបទចោទ ដូចលោក សម រង្ស៊ី នោះ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ដីការបស់តុលាការក្រុងភ្នំពេញដែលលោកចាត់ទុកថាជា «តុលាការតេឡេរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន» មានគោលដៅបំភិតបំភ័យ មិនឲ្យសកម្មជនរបស់គណបក្សប្រឆាំងនៅមូលដ្ឋាន ក្រោកតវ៉ាប្រឆាំងការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលទីក្រុងភ្នំពេញ។
លោកបន្ថែមថា បើលោក ហ៊ុន សែន ចង់ឲ្យលោក សម រង្ស៊ី និងថ្នាក់នាំរបស់គណបក្សប្រឆាំងផ្សេងទៀត វិលចូលប្រទេសនោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គួរតែទម្លាក់ចោលរាល់បម្រាមហាមឃាត់ និងការរឹតត្បិតទាំងឡាយ មិនឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងមកកម្ពុជា ដើម្បីចូលរួមសវនាការ និងកុំធ្វើទុក្ខបុកម្នេញពលរដ្ឋដែលមកស្វាគមន៍ការវិលត្រឡប់របស់ក្រុមមេដឹកនាំគណបក្សប្រឆាំង ដែលបានភៀសខ្លួនទៅក្រៅប្រទេស។
«តាមពិតលោក ហ៊ុន សែន គាត់មិនចង់ឲ្យលោកប្រធាន សម រង្ស៊ី ឬក៏ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលទៅក្នុងប្រទេសកម្ពុជា ដោយសុចចិត្តនោះទេ ព្រោះគាត់ភ័យខ្លាចបាត់អំណាចរបស់គាត់ ហើយនិងជាពិសេសគាត់ខ្លាចគាត់អត់បានផ្ទេរអំណាចរបស់គាត់ ទៅដល់កូនរបស់គាត់គឺលោក ហ៊ុន ម៉ាណែត»។
អតីតតំណាងរាស្ត្រដែលធ្លាប់ជាប់ពន្ធនាគារ ដោយសារការអធិប្បាយរឿងព្រំដែនកម្ពុជានិងវៀតណាម បានបន្ថែមថា លោក ហ៊ុន សែន បច្ចុប្បន្នភ័យខ្លាចថា បើលោកសម រង្ស៊ីនិងក្រុមមេដឹកនាំគណបក្សប្រឆាំងផ្សេងទៀត វិលត្រឡប់ចូលក្នុងប្រទេស នោះពលរដ្ឋគ្រប់ច្រកល្ហកនឹងចេញមកគាំទ្រ ហើយការទាមទារឲ្យលោក ហ៊ុន សែន លាលែងពីតំណែង នឹងអាចកើតមានឡើង។
លោក សម រង្ស៊ី បានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោក កាលពីចុងខែកញ្ញាថា លោកគ្រោងនឹងវិលមកប្រទេសកម្ពុជាម្តងទៀត ប៉ុន្តែនៅលើកនេះលោកមិនជូនដំណឹងជាមុន អំពីថ្ងៃខែជាក់លាក់នោះទេ។ លោក សម រង្ស៊ី និងអតីតក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសផ្សេងទៀត ធ្លាប់បានប្រាប់ទៅរដ្ឋាភិបាលកម្ពុជាកន្លងមកថា ឲ្យពួកគេវិលត្រឡប់ចូលប្រទេសវិញ ដោយពុំមានការហាមឃាត់ដែលរារាំងដល់ការធ្វើដំណើរ។
ការស្នើបែបនេះធ្វើឡើង ក្រោយតុលាការរាជធានីភ្នំពេញបានប្រកាសថា នឹងបើកសវនាការជំនុំជម្រះលើថ្នាក់ដឹកនាំគណបក្សប្រឆាំង ៩ រូបក្នុងនោះមានលោក សម រង្ស៊ី ផងដែរ ក្នុងករណីចោទប្រកាន់ដាច់ដោយឡែកមួយទៀត គឺ «បទឧបឃាត» ឬការប៉ុនប៉ងធ្វើឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា។
លោក ជា ជីវ អតីតប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ដែលមានឈ្មោះក្នុងដីកាខាងលើមិនដឹងថា តើខ្លួនលោកផ្ទាល់បានរួមគំនិតប្រព្រឹត្តកំហុសអ្វី ជាមួយអតីតមេដឹកនាំគណបក្សរបស់លោកគឺ លោក សម រង្ស៊ី។ លោកយល់ថា ចំណាត់ការតុលាការចុងក្រោយនេះ ជាការបន្តធ្វើទុក្ខបុកម្នេញនិងរឹតត្បិតសិទ្ធិសេរីភាពអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ។
ក្នុងដីកាកោះហៅរបស់តុលាការក្រុងភ្នំពេញ ដែលកោះហៅក្រុមមេដឹកនាំអតីតមន្ត្រីនិងអតីតសកម្មជនជិត ៦០ នាក់នោះ ក្រៅពីលោក សម រង្ស៊ី និងលោក អ៊ុំ សំអាន មានអតីតមេដឹកនាំកំពូលៗគណបក្សសង្គ្រោះជាតិផ្សេងទៀតគឺលោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងអតីតតំណាងរាស្ត្រលោក ហូរ វ៉ាន់ លោក ឡុង រី អ៊ូ ច័ន្ទឬទ្ធិ និងលោកគង់ សភា ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសកម្មជនថ្នាក់ក្រោមដែលរួមមានអតីតក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន មិនផ្តល់ការអធិប្បាយពាក់ព័ន្ធការលើកបម្រាមធ្វើដំណើរអនុញ្ញាតឲ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយបានត្រឡប់មកមាតុប្រទេសនោះទេ ក្រោមហេតុផលថា ការសម្រេចនេះជាភារកិច្ចរបស់ស្ថាប័នតុលាការ។
«ខ្ញុំមិនមែនជាបុគ្គលម្នាក់ ដែលមានការសម្រេចឬផ្តល់យោបល់នោះទេ អាហ្នឹងមានតែសាមីខ្លួនផ្ទាល់និយាយជាមួយតុលាការ។ យើងដឹងហើយស្ថាប័នទាំងបីហ្នឹង វាធ្វើកិច្ចការខុសៗគ្នា ហើយខាងតុលាការគាត់បង្គាប់ឲ្យអ្នកទទួលបន្ទុកហ្នឹងបង្ហាញខ្លួន ហើយសាមីជនហ្នឹង លោកមានមេធាវី លោកមានអីហ្នឹង អាហ្នឹងអីគេគេចេះចាត់ចែងក្នុងសាច់ក្នុងរឿងហ្នឹងហើយ។ យើងរាជរដ្ឋាភិបាល យើងមិនលូកដៃលូកជើងជាមួយទេបាទ»។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនផ្តល់ការអធិប្បាយ ដោយបានបង្វែរសំណួរទៅអ្នកនាំពាក្យតុលាការក្រុងមួយទៀតគឺលោក អ៊ី រិន ដែលមិនអាចទាក់ទងសុំការអធិប្បាយបានដែរ នៅថ្ងៃពុធនេះ។
អ្នកវិភាគនយោបាយលោកបណ្ឌិតលោក មាស នី លើកឡើងថា ការចោទប្រកាន់របស់តុលាការមកលើក្រុមអតីតថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រឆាំងកន្លងមកនេះ ជារឿងនយោបាយច្រើនជាងរឿងដែលត្រូវយកមកកាត់ក្តីក្នុងតុលាការ។ លោកមានប្រសាសន៍ថា វត្តមានរបស់ក្រុមមេដឹកនាំគណបក្សប្រឆាំងជាពិសេសលោក សម រង្ស៊ី នៅប្រទេសកម្ពុជាអាចជាការគំរាមកំហែងដល់ «ស្ថិរភាពនៃការគ្រប់គ្រងអំណាច» របស់គណបក្សប្រជាជនកម្ពុជា។
«បានន័យថា វត្តមានរបស់គាត់នៅក្នុងស្រុកខ្មែរហ្នឹង វានៅតែជាការគំរាមទៅដល់ស្ថិរភាពនៃការគ្រប់គ្រងអំណាចរបស់គណបក្សកាន់អំណាចដែរបាទ។ អានេះ យើងមើលជាទូទៅ»។
ក្នុងការប៉ុនប៉ងចូលប្រទេសកម្ពុជាតាមប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ បានទទួលបញ្ជាពីថ្នាក់លើ មិនអនុញ្ញាតឲ្យលោកឡើងជិះយន្តហោះពីប្រទេសបារាំង ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីធ្វើដំណើរឆ្លងចូលមកប្រទេសកម្ពុជាទេ៕