តុលាការរាជធានីភ្នំពេញឃុំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស៤នាក់

ទិដ្ឋភាពកន្លែង​កើតហេតុ​នៃគ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ៤នាក់ នៅរាជធានីភ្នំពេញ។ (រូបថតដោយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ)

អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​បាន​បើក​បរ​ក្នុង​ល្បឿន​លឿន ​និង​មាន​ស្ថាន​ភាព​ស្រវឹង ០,៥៤មីលី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ​ហើយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ កាល​ពី​សប្តាហ៍​មុន ​ដែល​សម្លាប់មនុស្ស​ ៤​ នាក់។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។​

សេចក្តី​ប្រកាស​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ស៊ើប​អង្កេត​ ស្រាវ​ជ្រាវ​និង​ពិនិត្យ​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​នេះ​ អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​លើ​ជន​សង្ស័យ​ឈ្មោះ ​នាង សំអូន ​ពី​បទ ​«បើក​បរ​ដោយ​ធ្វេស​ប្រហែស​ ខ្ជី​ខ្ជា ​មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វ​កិច្ច​ បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ ហើយ​បាន​បណ្តាល​ឱ្យ​របួស ​និង​ស្លាប់​អ្នក​ដទៃ​ ដែល​មាន​បញ្ញត្ត​ឱ្យ​ផ្តន្ទា​ទោស​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក។ ​

តាម​មាត្រា​ ៨៣​ និង ​៨៥ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចែង​ថា​ បើ​បុគ្គល​ណា​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ដោយ​មាន​អត្រា​ជាតិ​អាកុល​ចាប់​ពី ​០,៤០​មីលី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ ឬ​ចាប់​ពី​ ០,៨០​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ ​និង​បណ្តាល​ឱ្យ​មាន​របួស​មនុស្ស​ច្រើន ​បុគ្គល​នោះ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ពី ​២​ឆ្នាំ ​ទៅ​៥​ឆ្នាំ។​

គួរ​រំឭក​ថា​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​ ២០​ ខែ​មករា​ ឆ្នាំ ២០២៤​ វេលា​ម៉ោង​ ៦និង​៤០​នាទី​ល្ងាច។​ ជន​បង្ក​ឈ្មោះ​ នាង សំអូន​ ជា​មន្ត្រី​នៅ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ ​បើក​បរ​រថយន្ត​ Ford Ranger ​ពណ៌​ស​ ដោយល្បឿន​លឿន ​និង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ បុក​ពី​ក្រោយ​ម៉ូតូ​៤​គ្រឿង​ និង​បុក​រះ​រថយន្ត​ពីរគ្រឿង​បន្ថែម​ទៀត ​បណ្តាល​ឱ្យ​មនុស្ស​ ៤​នាក់​ស្លាប់ ​និង​រង​របួស​៤​នាក់។ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​នគរបាល​រាជធានី​ភ្នំពេញ៕