ស្ត្រី​លក់​ផលិតផល​អនឡាញ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្រោម​ច្បាប់​ជួញ​ដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវ​ភេទ

ស្ត្រី​អ្នកលក់​អនឡាញ ឈ្មោះ វ៉ាន់ រចនា ហៅ ថៃ ស្រីនាង នៅ​ថ្ងៃ​សុក្រ ត្រូវ​តុលាការ​ចោទ​ប្រកាន់​​​ក្រោម​ច្បាប់​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ និង​នាំ​ខ្លួន​ទៅឃុំឃាំង​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ។ (Facebook/ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ)

នៅ​ថ្ងៃ​សុក្រ​នេះ​ ​ស្ត្រី​លក់​ផលិត​ផល​លើ​បណ្តាញ​សង្គម​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្រោម​ច្បាប់​ជួញ​ដូរ​មនុស្ស​និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​បង្ហាញ​ផលិតផល​ដោយ​ស្លៀក​ពាក់​ស៊ិចស៊ី​បង្ហាញ​រាងកាយ។​

នាង​ថៃ ស្រីនាង ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ថៃ ស្រីនាង​ Onlineshop ​ដែលតែង​តែថត​រូប​បែប​ស៊ីចស៊ី​ជាមួយ​ផលិត​ផល​របស់​ខ្លួន​ ​ដូចជា​គ្រឿង​សម្អាង​ ឈុត​គេង​នារីៗ​ ហើយ​បង្ហោះ​លក់​លើ​បណ្តាញ​សង្គម​របស់​នាងនោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពីរ​លើ​ក​ក្នុង​សប្តាហ៍​នេះ។​

VOA ​បាន​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​លោក​គុជ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃសុក្រនេះ​ តែ​លោក​ថា​ ​លោក​នឹង​ជម្រាប​ជូន​តាម​ក្រោយ​នៅ​ពេល​ដែល​មាន​សេចក្តី​សម្រេច​ពី​តុលាការ។​

លោក​និយាយ​យ៉ាង​ខ្លី​ថា៖​ «ទៅ​មើល​ព័ត៌មាន​ផ្សេង​គេ​ប្រាប់​ហើយ​ តើហី»។​

នៅ​ពេល​ VOA ​សួរ​ថា​ តើ​មាន​សេចក្តី​សម្រេច​ជា​ផ្លូវ​ការ​ហើយ​ឬ​នៅ?​ ​លោក ​បាន​ឆ្លើយ​ថា៖​ «អត់​ទាន់​ទេ ​ព្រោះ​អត់ទាន់​មាន​សេចក្តី​សម្រេច​របស់​តុលាការ​នៅ​ឡើយ​ទេ»។​

សារ​ព័ត៌មានក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា​ នាង​ថៃ ស្រី​នាង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​រួច​ទៅ​ហើយ។​

លោក ​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហា​ផ្ទៃ​ ​បាន​ប្រាប់​ VOA នៅ​រសៀល​ថ្ងៃសុក្រ​នេះ​ថា៖ «តុលាការ​បាន​ចោទ​ប្រកាន់​ហើយ​តាម​ពូ​ដឹង»។​

លោក​ថា ​លោក​ក៏​កំពុង​រង់ចាំ​ដីកា​ពីតុលាការ​ដូច​គ្នា៖ «យើង​បញ្ជូន​ទៅដល់​តុលាការ​ហើយ​ក្មួយ!​ ពូ​ក៏​មិនទាន់​បន្ត​ទៅ​ទៀត​ដែរ។​ សុំ​បន្តសួរ​ទៅ​តុលាការ​ណា៎​ ​ហើយ​បើ​តុលាការ​បន្ត​ឃុំ​ខ្លួន​ ​យើង​ក៏​ឃុំ»។

លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់រដ្ឋាភិបាល​ និង​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ VOA ថា ​កញ្ញា ​ថៃ ស្រីនាង ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ ល្មើស​នឹង​មាត្រា​៤៩​នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់​ស្តីពី​អាជីវ​កម្ម​ផ្លូវ​ភេទ​ មាត្រា​៣៨​និង​មាត្រា​៣៩។​

លោក​បាន​និយាយ​ថា៖​ «បាទ​ទង្វើ​របស់​គាត់​មិនមែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ឬ​សិទ្ធិ​សេរីភាព​រូប​កាយ​ទេ​ណា៎។ ​ប៉ុន្តែ​ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ ដោយ​ការ​បង្ហាញ​នូវ​រូប​ភាព​អាស​អាភាស​ ហើយ​ដែល​ព្រះរាជអាជ្ញា​គាត់​បាន​រក​ឃើញ​ថា​ សកម្ម​ភាព​ហ្នឹង​បំពាន​ទៅលើ​បញ្ញត្តិ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​៤៩​និង​បញ្ញត្តិ​ច្បាប់​ស្តីពី​អាជីវ​កម្ម​ផ្លូវ​ភេទ​ហ្នឹង​ មាត្រា​៣៨​ហើយ​នឹង​មាត្រា​៣៩​ បាទ!»​

នាង​ ថៃ ស្រីនាង​ ឬ​វ៉ែន រចនាត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​លើក​ទី១​នៅ​ថ្ងៃ​ពុធទី​១៨ ​កុម្ភៈ​ដោយ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​ណែនាំ​ និង​ចុះ​កិច្ច​សន្យា​លើ​ករណី​ដែល​ នាង​បាន​បង្ហោះ​រូបភាព«សិចស៊ី​ជ្រុល​ហួស​ហេតុ ​ដែល​ធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនៀម​ទម្លាប់ប្រពៃណី​ និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ»។​ បើ​យោង​តាម​គេហ​ទំព័រ​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។​

មួយ​ថ្ងៃ​បន្ទាប់ ​កញ្ញាថៃ ស្រីនាង​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ម្តង និង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិ​វិធី​ ​ក្រោយពី​នាង​នៅ​តែ​បន្ត​បង្ហោះ​រូប​ភាព​និង​សម្ភារៈ​«អាស​អាភាស»។​

ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ឈ្មោះថៃ ស្រីនាង​ត្រូវ​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ ​នៅ​វេលា​ម៉ោង៣:៣០​នាទី ​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ដើម្បីបន្តនីតិវិធី។​

ការ​ចាប់​ខ្លួន​នេះ​បាន​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ថា ​នឹង​ចាត់​វិធាន​ការ​ចំពោះ​ស្ត្រី​រូប​ណា​ដែល​ផ្សព្វ​ផ្សាយ​លក់​ផលិត​ផល​លើក​សម្ផស្ស​ ដោយ​មាន​ការ​ស្លៀក​ពាក់​បែប​«ស៊ិចស៊ី​ជ្រុល»​នៅ​តាម​គេហ​ទំព័រ​ ឬ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។

អ្នក​ស្រីជឹម ចាន់នី អគ្គ​លេខាធិការ​រង​របស់គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​ CEDAW ​និយាយ​ថា​ អ្នក​ស្រី​មិន​គាំទ្រ​ចំណាត់​ការរបស់​រដ្ឋាភិបាល​មួយ​នេះ​ឡើយ ​ដែល​អ្នក​ស្រី​ថា ​វាជា​ចំណាត់​ការ​បែប​«ការពារ»​ដែល​វា​នឹង​ប៉ះពាល់​ដល់​ស្ត្រី​ផ្សេង​ទៀត​ទូទៅ។​

អ្នក​ស្រី​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​ «ព្រោះ​បើ​សិន​ជា​យើង​ដាក់​ចេញ​គោល​ការណ៍​អ៊ីចឹង​មួយ​មក​បាន​ន័យ​ថា​ គោល​ការណ៍​ហ្នឹង​វា​ជា​ស្តង់ដារ​របស់​បុរស។ ​អ៊ីចឹង​បាន​ន័យ​ថា​ ​កំហុស​នៅ​ស្ត្រី​ស្លៀក​ពាក់។ ​ឃើញ​ស្ត្រី​ស្លៀកពាក់​ស៊ិចស៊ី​ធ្វើ​ឲ្យ​បុរស​ហ្នឹង​មាន​ចំណង់។​ អ៊ីចឹង​ដើម្បី​តម្រូវ​ចិត្ត​បុរស​ ​ដើម្បី​ធ្វើ​ម៉េច​កុំ​ឲ្យ​បុរស​ហ្នឹង​មាន​ចំណង់​ កុំឲ្យ​ទៅ​ចាប់​គេ​ ​ទៅ​ជា​ឃាត់​ស្ត្រី​វិញ»។​

អ្នក​ស្រី​បាន​បន្ត​ថា​ ជា​ជាង​ប្រើ​វិធាន​ការ​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​មាន​វិធាន​ការ​កែ​តម្រូវ​ដូច​ជាពង្រឹង​ការ​អនុវត្ត​ច្បាប់ ​និង​កម្មវិធី​អប់រំ ​បណ្តុះ​បណ្តាល​ទាក់ទិន​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ចំពោះ​ស្ត្រី​ជា​ដើម៕