តុលាការ​បើក​សវនា​ការ​​លើ​​យុវជន​សកម្ម​ជន​បរិស្ថាន

លោក ថុន រដ្ឋា សកម្មជន​បរិស្ថាន លើក​ដៃ​ជាប់​ខ្នោះ ខណៈ​ត្រូវ​បាន​នាំ​ខ្លួន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ព្រីង សំរាំង)

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បានបើក​សវនា​ការ​ជំនុំ​ជម្រះ​លើសកម្ម​ជន​បរិស្ថាន​៣​នាក់ ដែលត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន និង​រង​បទ​ចោទ​ប្រកាន់​ថា​«ញុះញង់​»។

សកម្មជន​បរិស្ថាន៣​នាក់ដែល​កំពុង​ជាប់​ឃុំ​នោះ រួម​មានលោក ​ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា​ និង​កញ្ញា ​ភួន កែវរស្មី ​ដែល​ជា​សមាជិក​នៃ​ចលនា​មាតា​ធម្ម​ជាតិ​។ ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ដើម្បី​បង្ហាញ​ក្តី​កង្វល់​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅតំបន់​បឹង​តាមោក។​ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី«បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​២​ឆ្នាំ បើ​រក​ឃើញ​កំហុស។ នេះ​ជា​បទ​ចោទប្រកាន់​មួយ ដែល​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ប្រើ​ប្រាស់ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​មក​សវនា​ការ​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ពួកគេ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ក្រហម ពាក់​ម៉ាស់​ពណ៌ស ហើយ​លោក ថុន រដ្ឋា កោរ​សក់​របស់​លោក។

លោក សំ ចំរើន មេធាវី​របស់​ជន​ចាប់​ចោទ មាន​ប្រសាសន៍​ថាតុលា​ការ​មិន​ទាន់​បញ្ចប់​សវនា​ការ​កាត់​ក្តីនៅ​ឡើយ​ទេ ដោយ​នឹង​បន្ត​ការ​ជំនុំ​ជម្រះទៅ​សប្តាហ៍​ក្រោយ​ទៀត​ គឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា។ លោកបន្តថា​សំណុំ​រឿង​នេះ មានជន​ជាប់​ចោទ​៥​នាក់ ប៉ុន្តែ​២​នាក់​ទៀត​មិន​ជាប់​ឃុំ​នោះ​ទេ រួម​មាន​លោក​ ​អាឡិច ហ្គន់សាឡេស ដេវិតសុន​ ​(Alejandro Gonzalez Davidson)​ស្ថាបនិក​នៃ​អង្គ​ការ​មាតា​ធម្មជាតិ​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ និងកញ្ញា ​ជា គន្ធីន​ វ័យ​១៨​ឆ្នាំ​ ជា​យុវតី​ម្នាក់នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​។

លោក​មេធាវី​បន្តថា​កូនក្តី​របស់​លោក គឺ​លោក ថុន រដ្ឋា បាន​បដិសេធ​បទ​ចោទ​លើ​រូប​លោក​នៅ​ចំពោះ​មុខ​តុលាការ។

លោក​មេធាវី​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​ ដោយ​រង់ចាំ​ការ​សាក​សួរ​បន្ត​ទៀត ហើយ​លោក​ថា​លោក​ត្រៀម​ការពារ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ល្អ៕