រដ្ឋបាលរាជធានីភ្នំពេញណែនាំជាថ្មីមិនឱ្យប្រមូលចំណូលភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ខណៈអ្នកលក់ដូរតាមម៉ូតូ និងកញ្ច្រែង នៅផ្សារមួយចំនួនអះអាងថា ពួកគេនៅតែបន្ត បង់ភាស៊ី។
ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្តីពីការមិនប្រមូលភាស៊ី និងការបង់ថ្លៃផ្សេងៗចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ បញ្ជាក់ថា សាលារាជធានីណែនាំដល់រដ្ឋបាលខណ្ឌ សង្កាត់ គណៈកម្មការផ្សារ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តសារាចរចេញកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការលុប ការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឱ្យកាន់តែមានប្រសិទ្ធភាព។
សាលារាជធានីភ្នំពេញ បន្ថែមថា ក្នុងករណីមានបុគ្គលណាទាមទារ ឬបង្ខំឱ្យអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ ផ្ទុយពីការកំណត់ក្នុងសារាចរ ត្រូវឃាត់ខ្លួនជាបន្ទាន់ដើម្បីអនុវត្តទោសតាមច្បាប់។
សម្រាប់អាជីវករ សាលារាជធានីភ្នំពេញ បានណែនាំឱ្យមានការលក់នៅតាមទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូន ចៀសវាងការលក់ដូរតាមដងផ្លូវដែលប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជីវកររាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ឬតាមប្រព័ន្ធទូរស័ព្ទ Hotline1299 ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្ក បានទាន់ពេលវេលា ទៅលើអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ។
កំពុងអង្គុយលក់ចង្រិត និងដុកឌឿបំពង មួយចានដែកនៅខាងមុខផ្សារកាប់គោ ក្នុងខណ្ឌចំការមន អ្នកស្រី ខេង យ៉យ អាយុ៤០ឆ្នាំ ថ្លែងថា អ្នកស្រី មិនបានដឹងអំពីសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ។ អ្នកស្រី នៅតែបន្តឱ្យលុយទៅអ្នកយកភាស៊ី ជារៀងរាល់ថ្ងៃចំនួន១,០០០រៀល។
អ្នកស្រី ប្រាប់អ្នកសារព័ត៌មានវីអូអេថា៖ «គ្នាយកដឹងថាម៉េច ដូចថាគ្នាយកទៅបោសសំរាម បោសអី ចេះតែឱ្យទៅ បើគ្នាថាយកអ៊ីចឹងហើយ។ យើងចេះតែឱ្យទៅ បើ១០០០ [ឬ] ២០០០ អី បើលើស ពី ហ្នឹង អត់លុយឱ្យដែរហ្នឹង វាមិនសូវចំណេញដែរ»។
កំពុងឈរអាំងត្រីដើម្បីទុកលក់បាយម្ហូបថ្ងៃត្រង់ នៅទល់មុខផ្សារកាប់គោ អ្នកស្រី ឆាន់ គន្ធា អាយុ៣៨ឆ្នាំ ប្រាប់ថា អ្នកស្រីនៅតែឱ្យលុយភាស៊ីជារៀងរាល់ថ្ងៃ៥០០ ទៅ១០០០រៀល។ អ្នកស្រីថា អ្នកស្រីចង់ឱ្យអ្នកពាក់ព័ន្ធអនុវត្តការមិនយកភាស៊ីទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
អ្នកស្រី ប្រាប់អ្នកសារព័ត៌មានវីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ចង់ឱ្យគេជួយសម្រួល [ការយកភាស៊ី]ដែរ ព្រោះអ្នកខ្លះ គ្នាដឹកកង់ ដឹកអីអ៊ីចឹង យកគ្នាដែរ ហើយអ្នកដើរប្រមូល ដើរយកហ្នឹង សំឡុតគ្នាក៏មានដែរ ឃើញសព្វគ្រប់អស់ហើយ។ ដូចថ្ងៃមុន អ្នកលក់ពោត លក់អីអ៊ីចឹង ស្រែកសំឡុតគ្នា មិនឱ្យគ្នាចូលមកលក់អ៊ីចឹង លក់លៀសបន្តិច ក៏សំឡុតគ្នា សុទ្ធតែដេញគ្នា ឥឡូវគ្នាឈប់មកលក់បាត់ហើយ»។
កំពុងឈរលក់ផ្លែឈើតាមម៉ូតូនៅផ្សារកាប់គោដែរនោះ លោក ពៅ កុសល អាយុ៣៤ឆ្នាំ ប្រាប់វីអូអេថា លោកមិនបានដឹងអំពីព័ត៌មានដែលរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសមិនឱ្យយកភាស៊ីពីលក់តាមម៉ូតូ ឬតាមកញ្ច្រែងនោះទេ ព្រោះអាជ្ញាធរមូលដ្ឋានមិនបានចុះណែនាំ។ ទោះយ៉ាងណាលោកថា ការយកភាស៊ីពីលោកចំនួន៥០០រៀលជារៀងរាល់ថ្ងៃនេះ មិនមានបញ្ហាសម្រាប់លោកនោះទេ។
លោកបញ្ជាក់ថា៖ «យកប៉ុណ្ណឹងក៏វាមិនអីដែរ ព្រោះគាត់ជួយសម្រួលយើង ជួយមើលការខុសត្រូវ ជាភ្នែកជាច្រមុះយើងដែរ។ ប៉ុន្តែគ្រាន់ថា អ្វីដែលសំណូមពរ អ្នកដែលមកយកត្រូវមានលិខិត ចេញជាកាត ឬជាស្អី កំណត់សម្គាល់ថាមិនមែនជាជនក្លែងក្លាយ»។
អ្នកស្រី នង ធារី ដែលអះអាងថាជាជំនួយការប្រធានផ្សារកាប់គោ ប្រាប់វីអូអេថា ក្រោយសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ សន្តិសុខផ្សារមិនបានយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង ឬកញ្ជើទៀតនោះទេ។
អ្នកស្រី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំបានឃើញផេក របស់សាលាក្រុង គាត់ប្រកាសដែរ ផ្សាយមក ឃើញគាត់ថា ឱ្យលើកលែង អត់ឱ្យយកភាស៊ី តាមកញ្ច្រែង កញ្ជើ អ៊ីចឹង។ តែបញ្ហាផ្សារនេះ គាត់អត់បានយកទេ គាត់យកតែកន្លែងតូប កន្លែងអីអ៊ីចឹង។ ឃើញគាត់ដើរយក ដូចខ្ញុំ អង្គុយលក់មានតូប អ៊ីចឹងគាត់យក»។
អ្នកស្រីបន្ថែមថា ពលរដ្ឋភាគច្រើនតែងតែច្រឡំ អំពីការយកភាស៊ីផ្សារ និងការយកលុយដោយអាជ្ញាធរខណ្ឌ។ អ្នកស្រីថា ការយកភាស៊ីផ្សារ គឺយកតែអ្នកលក់ដូរមានតូបត្រឹមត្រូវប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖ «អានោះ ខាងខណ្ឌទេ ខាងមុខនេះ គេយក១០០០ [ឬ] ២០០០ ខណ្ឌគេយកផ្សេង អាហ្នឹងសណ្តាប់ធ្នាប់ខណ្ឌ ផ្អែកស្អីៗ ៣មុខ អាបងមួយខ្ពស់វែង គាត់យកផ្នែករបស់គាត់ផ្សេង ហើយបងខាងខណ្ឌ យករបស់គាត់ផ្សេង ភាស៊ីអនាម័យ គាត់យករបស់គាត់»។
លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរខណ្ឌ មិនបានចុះយកលុយសណ្តាប់ធ្នាប់ពីពលរដ្ឋដែលជាអ្នកលក់ដូរតាមផ្លូវ និងនៅខាងមុខផ្សារកាប់គោនោះទេ។ លោកថា អាជ្ញាធរក៏បានរៀបចំឱ្យអាជីវករប្រើប្រាស់ផ្លូវឱ្យបានត្រឹមត្រូវផងដែរ ដើម្បីកុំឱ្យស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ជាដើម។
លោកថ្លែងថា៖ «រឿងគោលការណ៍យកលុយហ្នឹង គឺដាច់ខាតតែម្តង។ ហើយកិច្ចការហ្នឹង បើខ្ញុំបានដឹង មានភស្តុតាងជាក់ស្តែង អាហ្នឹងខ្ញុំមានវិធានការរដ្ឋបាលរបស់ខ្ញុំហើយ។ អត់ឱ្យមានទេ បាទ! ការប្រជុំការអី គឺបានហាមដាច់ខាតហើយ រឿងអស់នេះ»។
លោក ក៏ស្នើឱ្យពលរដ្ឋរាយការណ៍មកអាជ្ញាធរ ប្រសិនបើមានជនណាម្នាក់ចុះទារលុយសណ្តាប់ធ្នាប់ ឬយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តជាដើម។
ចំណែកអ្នកលក់ដូរមួយចំនួននៅក្នុងផ្សារបឹងកេងកងអះអាងស្រដៀងគ្នាថា ពួកគេត្រូវបង់ថ្លៃអនាម័យចំនួន៣០០រៀលជារៀងរាល់ថ្ងៃ។
វីអូអេបានចូលទីស្នាក់ការគណៈកម្មការផ្សារបឹងកេងកងដើម្បីសុំការបញ្ជាក់។ បុរសម្នាក់ដែលជាតំណាង បានប្រាប់វីអូអេដោយសុំមិនបញ្ចេញឈ្មោះ និងតួនាទីថា ផ្សារមិនយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជាយូរមកហើយ។ លោកបន្ថែមថា ការបង់អនាម័យចំនួន៣០០រៀលនោះ គឺដោយសារអ្នកលក់ដូរបានលក់បន្លែ និងរបស់របរផ្សេងក្នុងផ្សារជាអចិន្ត្រៃយ៍ ឬមានកន្លែងច្បាស់លាស់ ដែលខុសពីអ្នកលក់ដូរតាមកញ្ច្រែងម្តងម្កាល។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា ការបន្តយកភាស៊ីលើពលរដ្ឋដែលរកស៊ីតិចតួច គួរតែបញ្ចប់ ព្រោះរឿងនេះកើតឡើងយូរមកហើយ។ លោកបន្ថែមថា ការអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង។
លោកថ្លែងថា៖ «ក្រុមហ៊ុនភាស៊ីណា ក្រុមភាស៊ីណា ដែលនៅតែយកលុយ ផ្សារណាដែលនៅតែអនុញ្ញាតឱ្យ ពួកយកភាស៊ីទៅលើអ្នកលក់ដូរកំប៉ិកកំប៉ុក គឺបើសិនជាមានអ៊ីចឹង ត្រូវតែចាត់វិធានការលុបចោលកិច្ចសន្យាជាមួយគាត់ អ៊ីចឹងទៅ។ ប្រសិនបើប្រធានផ្សារមានការគប់គិតទេ ដកប្រធានផ្សារហ្នឹងចោលទៅ ។ បើសិនតែយើងនៅថ្នាក់ថ្នម អង្អែលឱ្យឈប់ ឱ្យឈប់ អត់ឈប់ទេ នៅតែអ៊ីចឹង»។
បើតាមសារាចរដែលចេញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានសម្រេចលុបចោលការបង់ភាស៊ី និងការបង់ថ្លៃទាំងឡាយពីអ្នកលក់ដូរតាមកញ្ច្រែង ល្អី ពីកន្លែងលក់ដូរនិងតាមផ្សារទាំងអស់ ប៉ុន្តែជារឿយៗគេនៅតែឃើញមានការលើកឡើងថាមានការយក ភាស៊ីពីអ្នកលក់ដូរតាមផ្សារមួយចំនួនដដែល៕