អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដាក់បម្រាមគោចរជាថ្មីទៀត ដោយហាមឃាត់ការធ្វើដំណើរនិងលក់ដូរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចន្លោះម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ។
បម្រាមគោចរនេះ មានរយៈពេល១៤ថ្ងៃ ដោយរាប់ចាប់ពីយប់ថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា បម្រាមគោចរនេះ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ការដាក់បម្រាមគោចរនេះ កើតឡើងចំពេលដែលមានការព្រួយបារម្ភអំពីការរាតត្បាតវីរុសបំប្លែងថ្មីដែលតា (Delta) ដែលឆ្លងខ្លាំងនិងរហ័ស និងការចាប់ផ្តើមដាក់វិធានការតឹងរ៉ឹងក្នុងខេត្តមួយចំនួន ដែលប្រឈមនឹងការរាតត្បាតជំងឺនេះ។
បើតាមសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លង ផ្អាកការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សលើសពី១០នាក់ និងត្រូវអនុវត្តបម្រាមគោចរដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារមុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ លើកលែងការធ្វើដំណើរដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ។ អាជ្ញាធរ ក៏ហាមឃាត់ការជួបជុំ ដើម្បីសេពគ្រឿងស្រវឹងផងដែរ។
កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងដាក់បម្រាមគោចរផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ក្នុងសេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងករណីរកឃើញថា បុគ្គលទាំងឡាយណាបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីជំងឺកូវីដ១៩ ដោយគ្មានការលើកលែងឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា មានសញ្ញានៃការថមថុយចុះនៃការឆ្លងក្នុងតំបន់រោងចក្រនៅរាជធានីភ្នំពេញ ក្រោយបញ្ចប់ការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញបានជាង២លាននាក់។
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ករណីឆ្លងក្នុងស្រុក មិនមែននាំចូលពីក្រៅប្រទេស ប្រមាណ៤៥០ករណី ហើយក្នុងនោះ ក៏មានការឆ្លងនៅតាមបណ្តាខេត្តនានាផងដែរ៕