រដ្ឋបាលរាជធានីភ្នំពេញហាមមិនឱ្យបង្ហោះគោម និងអុជកាំជ្រួចគ្រប់ប្រភេទក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ និងអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះបញ្ហាដែលអាចបង្កឱ្យមានអគ្គិភ័យកើតឡើង ខណៈពេលដែលអាកាសធាតុកំពុងក្ដៅស្ងួតខ្លាំង។
ក្នុងសេចក្ដីជូនដំណឹងចេញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ពលរដ្ឋ នៅតាមវត្តអារាម ក្រសួង ស្ថាប័ន មន្ទីរអង្គភាព ក្រុមហ៊ុនរោងចក្រ ផ្សារ និងតាមគេហដ្ឋាន ឱ្យប្រុងប្រយ័ត្នចំពោះដើមហេតុដែលអាចបង្កជាអគ្គិភ័យរួមមាន ភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងធូបទៀន និងពិនិត្យមើលការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬផ្ទុះ។ សាលារាជធានីក៏ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង។
សេចក្ដីជូនដំណឹងនោះបន្ថែមថា៖ «អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោមបណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវមុខច្បាប់ជាធរមាន»។
សាលារាជធានីភ្នំពេញក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវត្រៀមរៀបចំមធ្យោបាយក្នុងការបង្ការទប់ស្កាត់ការកើតមានអគ្គិភ័យជាយថាហេតុក្នុងមូលដ្ឋានរបស់ខ្លួន។
ព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ នឹងប្រារព្ធឡើងរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា នេះ៕