អាជីវករមួយចំនួននៅទីក្រុងភ្នំពេញបានបង្ហាញក្តីបារម្ភចំពោះការបន្តដាក់បម្រាមគោចរ ឬការហាមឃាត់ការធ្វើដំណើរ ដែលអាចលើសពី ១៤ ថ្ងៃ ដែលនឹងបន្តប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេ។
បន្ថែមលើការដាក់បម្រាមគោចរដែលធ្វើឡើងចាប់តាំងពីថ្ងៃទី ១ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ ក៏បានបញ្ជាឲ្យអាជ្ញាធរបិទការធ្វើដំណើរឆ្លងខេត្តនិងបិទរមណីយដ្ឋានទូទាំងប្រទេស រយៈពេល ១៤ ថ្ងៃ ដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលជំងឺកូវីដ១៩។
អ្នកស្រី ស្រី លឹម អាយុ ៣៣ ឆ្នាំ អាជីវករលក់ត្រីនៅទីក្រុងភ្នំពេញម្នាក់ ប្រាប់វីអូអេថា៖
«លើសហ្នឹងអាចជាផលវិបាកសម្រាប់ខ្ញុំខ្លាំងណាស់ ព្រោះអីយើងពិបាកដែរគ្រួសារយើងរាងខ្សត់ខ្សោយដែរចឹងយើងមិនមែនជាអ្នកមានយើងពឹងតែមុខរបរហ្នឹងហើយ បើគេអត់ឲ្យយើងដល់រាងយប់ចឹងវាអាចពិបាកដែរ អីវ៉ាន់យើងសល់វាខូច វាអីចឹង។ ហើយបើយើងយកមកតិច វាកាត់បន្ថយយើងចាយក្នុងគ្រួសារ អត់គ្រប់តែត្រឹម ១៤ ថ្ងៃអត់អីទេ យើងអាចទប់ទល់ទៅបាន កុំឲ្យតែលើសហ្នឹងយូរចឹង»។
អ្នកស្រីបន្តថា អ្នកស្រីមិនថ្នាំងថ្នាក់នឹងវិធានការរឹតបន្តឹងមួយចំនួនរបស់រដ្ឋាភិបាលទេ ប៉ុន្តែអ្នកស្រីចង់ឃើញអាជ្ញាធរផ្តល់ដំណឹងជាមុននូវរាល់វិធានការទាំងឡាយ។ អ្នកស្រីរំពឹងថា វិធានការបម្រាមគោចរនិងការកំហិតម៉ោងលក់ដូរនឹងបញ្ចប់ទៅត្រឹមរយៈពេល ១៤ ថ្ងៃ ដោយមិនមានការអូសបន្លាយពេលបន្ថែមទៀត។
អ្នកស្រីបន្ថែមថា៖ «អត់អីទេសម្រាប់ ១៤ ថ្ងៃដែលៗ គេដាក់ហ្នឹង ប៉ុន្តែបើលើសហ្នឹងអាចជាផលវិបាកដោយសារចំណូលយើងខ្វះ។ យើងញាំផង កូនផង សងគេផងយើងមានបំណុលផងអីចឹង។ តែត្រឹម ១៤ ថ្ងៃ វាអត់អីទេតែកុំឲ្យទៅដល់ពីរបីខែ»។
ចំណែកអ្នកស្រី មុំ សុរិនដា អាយុ ៤៦ ឆ្នាំ ជាអាជីវករមួយរូបទៀត និយាយថា បម្រាមមិនឲ្យពលរដ្ឋធ្វើដំណើរក្នុងពេលរាត្រី ចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក បង្កការព្រួយបារម្ភសម្រាប់ការធ្វើដំណើរ។ ប៉ុន្តែអ្នកស្រីថា បម្រាមដដែលនេះអាចរួមចំណែកដល់ការកាត់បន្ថយការឆ្លងជំងឺកូវីដ១៩។
«យើងព្រួយបារម្ភពីអាជំងឺកូវីដហ្នឹងនិយាយទៅ។ យើងបារម្ភខ្លាំង បារម្ភខ្លាំងថា ទៅមុខទៅដឹងវាយ៉ាងណា តែបើគេបិទចឹងក៏ម្យ៉ាងដែរដូចថា ក្មេងៗអីវាអត់ដើរអត់អីយើងអាចកាត់បន្ថយពីជំងឺកូវីដហ្នឹងច្រើន»។
កាលពីដើមខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញបម្រាមហាមឃាត់ការធ្វើដំណើរក្នុងទីតាំងភូមិសាស្រ្តទីក្រុងភ្នំពេញ ចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ទៀបភ្លឺ ក្នុងរយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ ចំណែកម្ចាស់អាជីវកម្មលក់ដូរម្ហូបអាហារនិងភេសជ្ជៈ ក៏ត្រូវផ្អាកដំណើរការក្នុងម៉ោងពេលដូចគ្នានេះ។
អ្នកវិភាគសេដ្ឋកិច្ចលោក ង៉ែត ជូ មើលឃើញពីលទ្ធភាពដែលរដ្ឋាភិបាលអាចមានវិធានការរឹតបន្តឹងសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត ប្រសិនបើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ មិនធូរស្រាល ក្រោយរយៈពេល ១៤ ថ្ងៃនៃការដាក់បម្រាមគោចរនិងការរឹតបន្តឹងសេដ្ឋកិច្ចពេលរាត្រី។
«ប្រហែលជាអាចមានទៀត ពីព្រោះ ១៤ ថ្ងៃក្នុងការបម្រាមគោចរពេលយប់នេះ គឺប្រហែលជាអាចគ្រាន់តែជួយបានមួយផ្នែក ប៉ុន្តែមិនមែនទាំងស្រុងទេ ដោយសារយើងនៅធ្វើសកម្មភាពសេដ្ឋកិច្ចហើយ និងការធ្វើដំណើរពេលថ្ងៃនៅឡើយ។ ប្រសិនណាបើការផ្អាកការធ្វើដំណើរក្នុងពេលយប់នេះក្នុងរយៈពេល ១៤ ថ្ងៃ ហើយរកឃើញថា ការឆ្លងការរីករាលដាលហ្នឹង គឺដោយសារសកម្មភាពសេដ្ឋកិច្ចនៅពេលថ្ងៃ ក៏ប្រហែលជាអាចឈានដំណាក់កាលហ្នឹងទៀត»។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចផ្តល់សិទ្ធិអំណាចឲ្យអភិបាលរាជធានីខេត្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈ ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែមេសា ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ១៩។
ដោយឡែកភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលទៅវិញទៅមកនេះទេ។ រដ្ឋាភិបាលក៏បានបញ្ជាឲ្យបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសរយៈពេល ១៤ ថ្ងៃដូចគ្នា។
យ៉ាងណាក៏ដោយ ការហាមឃាត់ធ្វើដំណើរខាងលើត្រូវបានលើកលែងចំពោះការបម្លាស់ទីសំខាន់ៗមួយចំនួន ដូចជាការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ការដឹកជញ្ជូនពលករដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋនិងឯកជន រថយន្តពន្លត់អគ្គិភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាមនិងកាកសំណល់ និងការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រសហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារជាដើម។
មុនការដាក់បម្រាមគោចរនិងការចេញវិធានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចនិងការជួបជុំមួយចំនួនទៀត រដ្ឋាភិបាលបានធ្វើច្បាប់មួយចំនួនដើម្បីទប់ស្កាត់ការរីកសាយភាយនៃជំងឺកូវីដ១៩ ក្នុងនោះគឺមានច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
នេះជាច្បាប់ទី ២ ហើយដែលបានតាក់តែងដោយសារតែការផ្ទុះឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរដ្ឋាភិបាលបានបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន កាលពីដើមឆ្នាំ ២០២០ ដែលមានគោលបំណងប្រឆាំងនឹងជំងឺកូវីដ១៩ ដែរ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបីរូប ក្នុងនោះមានលោកស្រី រ៉ូណា ស្មីត (Rhona Smith) អតីតអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលទើបបញ្ចប់អាណត្តិ បានបង្ហាញក្តីបារម្ភថា ច្បាប់នេះផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរការជួបជុំនិងការជួបប្រជុំនិងការជួបជុំ ការប្រតិបត្តិការអាជីវកម្មនិងសកម្មភាពអាជីពមួយចំនួន ក៏ដូចជាអំណាចក្នុងការទប់ស្កាត់ឬរឹតត្បិតតំបន់ និងទីកន្លែងមួយចំនួនផងដែរ។
លើសពីនេះទៀត ច្បាប់នេះមានបទប្បញ្ញត្តិសម្រាប់ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងមិនសមាមាត្រចំពោះបុគ្គលដែលមិនគោរពតាមវិធានការសុខភាព វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលមានចែងនៅក្នុងច្បាប់នេះ»។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ការពារការធ្វើច្បាប់ថ្មីៗចុងក្រោយនេះ។ លោកបន្ថែមថា ជនបរទេសមួយចំនួនមិនបានយល់អំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជាដែលតម្រូវឲ្យមានការធ្វើបទបញ្ញត្តិខ្លះសម្រាប់ការពារសុខមាលភាពពលរដ្ឋ និងសុវត្ថិភាពសុខភាពសាធារណៈ៕