រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃអង្គារបានចេញផ្សាយសេចក្តីសម្រេចថ្មីមួយដោយអនុញ្ញាតការចូលទទួលទានអាហារបានជាធម្មតា ប៉ុន្តែក្នុងលក្ខខណ្ឌភោជនីយដ្ឋាន និងអាហារដ្ឋានទាំងនោះ មានស្តង់ដាគោរពតាមវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មីដែលតា (Delta) ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសរកឃើញនៅរាជធានីភ្នំពេញ។
កាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញវិធានការរដ្ឋបាលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃ គឺរហូតដល់ថ្ងៃទី១២ខែសីហា។ កាលនោះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំភោជនីយដ្ឋាន អាហារដ្ឋានហាងកាហ្វេជាដើមមិនត្រូវអនុញ្ញាតឲ្យអតិថិជនចូលទទួលទានបាននោះទេ គឺបានត្រឹមតែវេចខ្ចប់តែប៉ុណ្ណោះ។
ប៉ុន្តែនៅក្នុងសេចក្តីសម្រេចថ្មីចុះថ្ងៃទី៣ ខែសីហា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឲ្យភោជនីយដ្ឋាននិងអាហារដ្ឋាន ដែលមានលក្ខណៈស្តង់ដា និងបានគោរពតាមវិធានសុខាភិបាលអាចឲ្យអតិថិជនចូលទទួលទានបានធម្មតា។ អាជ្ញាធរឲ្យដឹងទៀតថាការអនុញ្ញាតឲ្យភោជនីយដ្ឋាន និងអាហាដ្ឋានមួយចំនួនបើកដំណើរការនេះ គឺដោយសារតែកន្លែងទាំងនោះមានស្តង់ដាអនាម័យ ហើយបានចូលរួមអនុវត្តការងារបានល្អប្រសើរ និងដើម្បីជាការជំរុញចរន្តសេដ្ឋកិច្ចក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាលនេះ។
ក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី៣ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថាគោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន-អាហារដ្ឋាន មានដូចជាធានាបាននូវសុវត្ថិភាពផ្នែកសុខាភិបាលជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម ចាំបាច់ត្រូវកំណត់ចំនួនអតិថិជនសមាមាត្រនឹងទំហំទីតាំង ដើម្បីរក្សាឲ្យបានជាដាច់ខាតនូវគម្លាតមួយម៉ែត្រកន្លះ និងដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ។
សេចក្តីណែនាំនេះបញ្ជាក់ថាភោជនីយដ្ឋាន-អាហារដ្ឋានដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឲ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពអាជីវកម្មនៅចន្លោះម៉ោង២១យប់ដល់ម៉ោង៣ទៀបភ្លឺ។
ក្នុងករណីបំពានវិធានការរដ្ឋបាលនេះ រដ្ឋបាលរាជធានីភ្នំពេញបានព្រមានថានឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ «ដោយគ្មានការលើកលែង»។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ VOA យ៉ាងខ្លីថាលោកសុំមិនធ្វើអត្ថាធិប្បាយហើយឲ្យសួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញ។
លោកថ្លែងថា៖ «សុំទាក់ទងទៅអ្នកនាំពាក្យខ្ញុំអត់ជាអ្នកនាំពាក្យទេ»។
វីអូអេមិនទាន់អាចទាក់ទងលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបាននៅឡើយនៅថ្ងៃពុធនេះ។
លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញប្រាប់ VOA នៅថ្ងៃពុធនេះថាពាក់ព័ន្ធនឹងការសម្រេចចិត្តឲ្យបើកភោជនីយដ្ឋានឡើងវិញនេះ លោកសុំមិនបញ្ជាក់លម្អិតនោះទេ ពីព្រោះជាការសម្រេចរបស់ថ្នាក់លើ។ ប៉ុន្តែលោកបញ្ជាក់ថាការអនុញ្ញាតនោះ ដោយសារតែហាង និងកន្លែងមួយចំនួននោះបានអនុវត្តតាមវិធានការរដ្ឋបាល និងវិធានការសុខាភិបាលបានល្អក្នុងការចូលរួមការពារនៃការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបានថ្លែងថា៖ «ដោយសារបងប្អូនប្រជាពលរដ្ឋទីតាំងភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន គឺបំពេញលក្ខខណ្ឌ ហើយបានរៀបចំឡើងវិញ កែលម្អទីតាំងគាត់ឲ្យអាចទទួលភ្ញៀវបានក្នុងអំឡុងបរិបទយើងឥឡូវនេះ...។ អញ្ចឹងឃើញថាគាត់រៀបចំបានល្អប្រសើរ ហើយក្រុមការងារសង្កាត់ខណ្ឌលោកទៅមើលទៅឃើញថាទីតាំងគាត់អាចឲ្យភ្ញៀវចូលអង្គុយបាន គឺរៀបចំតាមហ្នឹង»។
អាជ្ញាធរបានឲ្យដឹងថាសួនសាធារណៈមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានហាមមិនឲ្យមានការជួបជុំ ការដើរហាត់ប្រាណ ឬធ្វើសកម្មភាពកីឡាណាមួយនោះទេ។
លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានឲ្យដឹងថាសួនកម្សាន្ត និងកន្លែងដើរហាត់ប្រាណតាមទីសាធារណៈ មិនត្រូវបានអនុញ្ញាតឲ្យប្រជាពលរដ្ឋជួបជុំនោះ ពីព្រោះដើម្បីរក្សាសុវត្ថិភាព និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកបន្ថែមថា៖ «ចំពោះការហាត់ប្រាណ តាមទីសាធារណៈហ្នឹង គឺយើងក៏បានកំណត់ផងដែរ គឺអត់មានការជួបជុំប្រមូលម្តុំអីទេ ឲ្យគាត់រក្សាគម្លាតពាក់ម៉ាស់ អត់មានការហាត់កីឡារួមគ្នា សកម្មភាពរួមគ្នាអត់មានទេ។ ការងាររបស់ប្រជាពលរដ្ឋយើងយើងត្រូវតែចូលរួម។ កន្លែងណាដែលមានមនុស្សអ៊ូអរ មនុស្សច្រើនទីប្រជុំជនហ្នឹងយើងកាត់បន្ថយ បើល្អនៅផ្ទះ»។
លោក សាយ ចន្ថា ចៅសង្កាត់ចតុមុខក្នុងខណ្ឌដូនពេញ បានប្រាប់ VOA ថា អាជ្ញាធរខណ្ឌបានផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទនៅតាមមាត់ទន្លេ និងនៅតាមទីសាធារណៈអំពីវិធានការរបស់ក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋ និងបានចុះណែនាំដល់ភោជនីយដ្ឋានជាប្រចាំក្នុងការចូលរួម និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩នេះ។
លោកថ្លែងថា៖ «យើងចុះណែនាំគាត់[ភោជនីយដ្ឋាន]ជាប្រចាំហ្នឹងមិនឲ្យគាត់ខុសទេ»។
ចំណែកចៅសង្កាត់ផ្សារដើមគរ លោក ទិត្យ សាមឿន ប្រាប់ VOA នៅថ្ងៃពុធនេះថាកាលពីថ្ងៃអង្គារ ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារដើមគរប្រមាណ៣០០នាក់ បានធ្វើតេស្តរកកូវីដ១៩ ក្រោយសង្ស័យពាក់ព័ន្ធនឹងវីរុសកូវីដ១៩ថ្មី ប្រភេទដែលតា (Delta) ប៉ុន្តែមិនមានអ្នកណាម្នាក់មានវិជ្ជមាននោះទេ។ ប៉ុន្តែអាជ្ញាធរបានផ្អាកដំណើរការផ្សារដើមគរ រយៈពេល៣ថ្ងៃ ដែលរាប់ចាប់តាំងពីថ្ងៃពុធនេះរហូតដល់ថ្ងៃសុក្រ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ។
លោកបានថ្លែងថា៖ «ម្សិលមិញ យើងយកសំណាកអាជីវករ ហើយអ្នកលក់ដូរនៅតំបន់ជុំវិញផ្សារហ្នឹងគឺ៣៤០នាក់ [ដែល]លទ្ធផលអវិជ្ជមានទាំងអស់។ ប៉ុន្តែការវាយតម្លៃរបស់ក្រសួងសុខាភិបាលគឺផ្សារយើង គឺគាត់ណែនាំឲ្យផ្អាកដំណើរការ៣ថ្ងៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ការបាញ់ថ្នាំសម្លាប់មេរោគនិងអនុវត្តវិធានសុខាភិបាល»។
លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់VOAថាការអនុញ្ញាតឲ្យភោជនីយដ្ឋានបើកដំណើរការទទួលភ្ញៀវចូលទទួលទាន ជាការល្អមួយ ពីព្រោះវាអាចជួយដល់សេដ្ឋកិច្ចក្នុងប្រទេសឲ្យមានភាពប្រសើរឡើងវិញ។ ម្យ៉ាងទៀតវាក៏ជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលបម្រើការនៅក្នុងវិស័យនេះ ដើម្បីកុំឲ្យបាត់បង់ចំណូល។
លោកថ្លែងថា៖ «ពាក់ព័ន្ធជាមួយវិស័យនេះ កាលណាយើងបិទខ្ទប់ទាំងអស់ហ្នឹងគឺស្ថានភាពវាធ្លាក់ចូលទៅដល់បញ្ហាទៅដល់អ្នកដែលមានចំនួលទាបជាពិសេសគឺក្រុមបំពេញការងារតាមភោជនីយដ្ឋាន ម្ចាស់ភោជនីយដ្ឋានដែលគាត់ត្រូវជួលផ្ទះគេ។ ដូច្នេះការបើកឲ្យដំណើរការឡើងវិញនៅពេលដែលភោជនីយដ្ឋានមិនមែនជាភោជនីយដ្ឋានដែលធ្វើឲ្យហានិភ័យខ្ពស់ក្នុងការធ្វើឲ្យឆ្លងទេនោះគឺជាពេលវេលាមួយដែលយើងត្រូវធ្វើហើយ ពីព្រោះខ្ញុំជឿថាអ្វីដែលស្ថានភាពសេដ្ឋកិច្ចរបស់យើងបច្ចុប្បន្ននេះ កំពុងតែអាចនឹងឈានទៅរកភាពទ្រុឌទ្រោម»។
គួរបញ្ជាក់ថាក្រៅពីបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដែលនឹងមានសុពលភាពរហូតដល់ថ្ងៃទី១២ ខែសីហា អាជ្ញាធររាជធានីភ្នំពេញក៏បានផ្អាកការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សលើសពី១០នាក់ និងហាមឃាត់ការជួបជុំ ដើម្បីសេពគ្រឿងស្រវឹងផងដែរ៕