អាជ្ញាធរ​ភ្នំពេញ​កំណត់​ផ្នែក​ខ្លះ​ក្នុង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​«តំបន់​លឿង​ទុំ» ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង

រូបឯកសារ៖ បារ៉ាសដាក់បិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌស្ទឹងមានជ័យ ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដាក់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន​៤​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​«តំបន់​លឿង​ទុំ»​រយៈ​ពេល​១៤​ថ្ងៃ ខណៈ​ករណីឆ្លង​ជំងឺ​កូវីដ​១៩​នៅ​បន្ត​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

សេចក្ដី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឲ្យ​ដឹង​ថា​ ផ្នែក​ខ្លះ​នៃ​ភូមិ​ចោម​ចៅ​៣​នៃ​សង្កាត់​ចោម​ចៅ​ទី​២​ ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍ ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង​២​និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូវ័ន​២​នៃ​សង្កាត់​ចោម​ចៅ​ទី​៣ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​«តំបន់​លឿង​ទុំ»​សម្រាប់​រយៈ​ពេល​១៤​ថ្ងៃ គិត​ចាប់​ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ២០២១។ សេចក្តី​សម្រេច​បញ្ជាក់​ថា​ការ​សម្រេច​ដាក់​ផ្នែក​ខ្លះ​នៃ​ភូមិ​ទាំង​នេះ​ជា​«តំបន់​លឿង​ទុំ» គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។

បើ​តាម​សេចក្តី​សម្រេច បុគ្គល​គ្រប់​រូប​ក្នុង​«តំបន់​លឿង​ទុំ» ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅ​ឋាន ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​អាច​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​ចាំបាច់ និង​មាន​លិខិត​អនុញ្ញាតពី​រដ្ឋបាល​រាជធានី​ភ្នំពេញ។ ការ​ធ្វើ​ដំណើរ​ទៅ​ទិញ​អាហារ​អាច​ធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាង​ច្រើន​២​នាក់​ក្នុង​មួយ​លំនៅ​ឋាន​ និង​មិន​ឲ្យ​លើស​៣​ដង​ក្នុង​មួយ​សប្តាហ៍។

នៅ​ក្នុង​«តំបន់​លឿង​ទុំ​» ក៏​មាន​ការ​ហាម​ឃាត់​រាល់​សកម្ម​ភាព​ការងារ មុខ​របរ​ ឬ​អាជីវកម្ម​ទាំង​អស់ ដែល​មិន​មែន​ជា​តម្រូវ​ការ​ចាំ​បាច់​ប្រចាំ​ថ្ងៃ។

សេចក្តី​សម្រេច​បញ្ជាក់​បន្ថែម​ថា​តំបន់​ទាំង​នោះ​ក៏​ត្រូវ​អនុវត្ត​បម្រាម​គោចរ​ផង​ដែរ ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​រាល់​ការ​ធ្វើ​ចរាចរណ៍​និង​រាល់​សកម្ម​ភាព​ការងារ​ មុខ​របរ​ឬ​អាជីវ​កម្ម នៅចន្លោះ​ម៉ោង​៨​យប់​ដល់​ម៉ោង​៣​ព្រឹក។

នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ មាន​ចំនួន​៧២៩​នាក់ និង​ស្លាប់​១១​នាក់ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​២៨៩​នាក់៕