រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តដាក់បម្រាមគោចរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន១សប្តាហ៍ទៀត គឺរហូតទៅដល់ថ្ងៃទី១៩ ខែសីហា។ ចំណែកវិធានការរឹតត្បិតការជួបជុំនិងអាជីវកម្មដែលមានហានិភ័យឆ្លងខ្ពស់ ត្រូវផ្អាកក្នុងរយៈពេល២សប្តាហ៍។ នេះបើយោងតាមសេចក្តីសម្រេចថ្មីមួយ ចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា។
បើតាមសេចក្តីសម្រេច រដ្ឋបាលរាជធានីភ្នំពេញបានឲ្យផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
សេចក្តីសម្រេចបន្ថែមថាត្រូវបន្តអនុវត្តបម្រាមគោចររយៈពេល១សប្តាហ៍ទៀត ប៉ុន្តែធ្វើឡើងនៅចន្លោះម៉ោង១០យប់ ដល់ម៉ោង៣ទៀបភ្លឺ ដែលពីមុនចាប់ផ្តើមពីម៉ោង៩យប់។
អាជ្ញាធរក៏ហាមឃាត់ការជួបជុំ ដើម្បីសេពគ្រឿងស្រវឹងនិងហាមការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សលើសពី១៥នាក់ រយៈពេល២សប្តាហ៍ដែរ។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ក្នុងសេចក្តីសម្រេចនៅថ្ងៃពុធនេះថាក្នុងករណីរកឃើញថាបុគ្គលទាំងឡាយណាបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីជំងឺកូវីដ១៩ ដោយគ្មានការលើកលែងឡើយ៕