សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ និងនាំខ្លួន កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ទៅឃុំបន្តនៅពន្ធនាគារពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលត្រូវបានតុលាការផ្តន្ទាទោស រយៈពេលពីរឆ្នាំ។
នៅពេលដើរចេញពីសវនាការដែលបានចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោងជាង៥ល្ងាច កញ្ញា ឈឹម ស៊ីថរ ប្រាប់ក្រុមអ្នកសារព័ត៌មានថា «អយុត្តិធម៌នៅតែបន្ត»។
ក្នុងចំណោមចុងចោទ៩នាក់ ចុងចោទប្រាំបីនាក់បានប្ដឹងទាស់ការសម្រេចនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់អ្នកយកព័ត៌មានថា ការសម្រេចរបស់តុលាការនេះមានន័យថា «ជាការរឹតត្បិត ការបិទសិទ្ធិ សេរីភាពរបស់សហជីពក្នុងការបញ្ចេញមតិនិងធ្វើកុដកម្ម»។
លោក សំ រើន មេធាវីតំណាងចុងចោទ រួមមាន កញ្ញា ឈឹម ស៊ីថរ ផងបានប្រាប់វីអូអេថា លោកនឹងពិភាក្សាជាមួយ កញ្ញា ឈឹម ស៊ីថរ អំពីការប្ដឹងទាស់។ លោកសុំមិនទាន់អត្ថាធិប្បាយដើម្បីចៀសវាងការចោទប្រកាន់ថា «ដាក់សម្ពាធលើតុលាការ»។
សវនាការនេះមាន លោក យន់ ណារុង ជាប្រធានក្រុមប្រឹក្សានិងចៅក្រមប្រឹក្សាពីរនាក់គឺ អ្នកស្រី ចាន់ ម៉ាឌីណា និង លោក ងួន រតនា ហើយនឹងក្រឡាបញ្ជី កញ្ញា សុវណ្ណ ថាវឌ្ឍន៍។
តំណាងអយ្យការ លោក អ៊ឹន សុផាន លើកឡើងក្នុងសវនាការនេះថា ការសម្រេចរបស់សាលាដំបូងត្រឹមត្រូវ ព្រោះចុងចោទបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕