ក្រុមមន្ត្រីបាននិយាយថាមានមនុស្សយ៉ាងតិចណាស់ពីរនាក់បានស្លាប់នៅពេលដែលខ្យល់ព្យុះទីហ្វុង Nock-Ten ដែលបានបណ្តាលឱ្យមានខ្យល់បោកបក់និងមានភ្លៀងយ៉ាងខ្លាំងនៅក្នុងក្រុងម៉ានីលនៅថ្ងៃចន្ទ។ ខ្យល់ព្យុះនេះបានបង្អាក់ពិធីបុណ្យណូអែលនៅក្នុងផ្នែកនានានៃប្រទេស Philippines។
ខ្យល់ព្យុះទីហ្វុងនេះបានបោកបក់កាលពីល្ងាចថ្ងៃអាទិត្យនៅលើកោះដាច់ស្រយាល Catanduanes ដោយមានខ្យល់មានល្បឿន២៥៥គ.ម.ក្នុងមួយម៉ោង។ក្រុមមន្ត្រីខាងអាកាសធាតុបាននិយាយថាទោះណាជាខ្យល់ព្យុះនេះបានថមថយកម្លាំងនៅថ្ងៃចន្ទនេះក៏ដោយក៏ខ្យល់ព្យុះនេះមានខ្យល់បោកបក់ដោយមានល្បឿនរហូតដល់១៣០គ.ម.ក្នុងមួយម៉ោងនិងមានខ្យល់បក់ជាកំសួលល្បឿន២១៥គ.ម.ក្នុងមួយម៉ោង។
ប៉ូលិសបានរាយការណ៍ថាប្តីប្រពន្ធពីរនាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗមួយនៅក្នុងខេត្ត Albay នាទិសអាគ្នេយ៍ក្រុងម៉ានីល។
អ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលបាននិយាយថាខ្យល់ព្យុះនេះដែលគេស្គាល់ក្នុងមូលដ្ឋានថាជាខ្យល់ព្យុះទីហ្វុង Nina កំពុងធ្វើចលនាទៅកាន់ទិសពាយ័ព្យដោយមានល្បឿន២០គ.ម.ក្នុងមួយម៉ោងហើយគេរំពឹងថានឹងមានផលប៉ះពាល់ដល់ក្រុងម៉ានីលនៅពេលបន្ទាប់មកទៀតក្នុងថ្ងៃនេះ ហើយនឹងបោកបក់ទៅលើសមុទ្រចិនខាងត្បូងនៅយប់ថ្ងៃចន្ទ។
មានមនុស្ស២សែននាក់បានឋិតនៅក្រោមបញ្ជាឱ្យជម្លៀសចេញពីផ្ទះ ក៏ប៉ុន្តែពួកមន្ត្រីបាននិយាយថាជាការពិបាកក្នុងការធ្វើឱ្យប្រជារាស្ត្រចាកចេញពីផ្ទះដោយសារជាថ្ងៃបុណ្យណូអែលដែលជាបុណ្យធំមួយនៅក្នុងប្រទេសជាតិនេះដែលមានប្រជារាស្ត្រច្រើនបំផុតជាអ្នកកាន់គ្រឹស្តសាសនានិកាយកាតូលិក៕