គម្រោងរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក្នុងការពង្រាយកងទ័ពនៅលើកោះនានាក្នុងដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះ និងគម្រោងផ្ទាល់ខ្លួនរបស់លោកក្នុងការដោតទង់ជាតិនៅលើកោះទាំងនោះ បានបង្ហាញថា ប្រទេសហ្វីលីពីនឆ្អែតឆ្អន់នឹងការពង្រីកដែនសមុទ្ររបស់ចិន ទោះបីជាទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពប្រសើរឡើងចាប់តាំងពីខែតុលា ឆ្នាំ ២០១៦ មកក៏ដោយ។
លោក Duterte បានប្រាប់អ្នកសារព័ត៌មាននានា កាលពីថ្ងៃទី ៦ ខែមេសា កន្លងទៅនេះថា លោកនឹងបញ្ជូនកងទ័ពទៅកាន់កោះតូចៗចំនួន ៩ ក្នុងប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតនៅខាងលិចនៃប្រទេសហ្វីលីពីន។
ប្រទេសប្រ៊ុយណេ ចិន ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម សុទ្ធតែបានទាមទារកាន់កាប់ប្រជុំកោះទាំងនោះដូចៗគ្នា។
សេចក្ដីប្រកាសព័ត៌មានរបស់លោកប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី ៦ ខែមេសា កន្លងទៅនេះ ក៏បានអំពាវនាវឲ្យមានការបំពាក់ជាថ្មី ឬជួសជុលគ្រឿងបរិក្ខារនៅតាមកោះមួយចំនួននៃប្រជុំកោះ Spratly ដែលប្រទេសហ្វីលីពីនកំពុងតែកាន់កាប់។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាននានានៅក្នុងទីក្រុងម៉ានីល។
នៅឯសន្និសីទសារព័ត៌មានសង្ខេបរបស់ខ្លួនកាលពីថ្ងៃទី ៧ ខែមេសា កន្លងទៅនេះ ប្រទេសចិនក៏បានសម្ដែងនូវការភ្ញាក់ផ្អើល និងក្ដីបារម្ភរបស់ខ្លួនអំពីការវិវឌ្ឍថ្មីៗចុងក្រោយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែពិភាក្សាជាមួយរដ្ឋាភិបាលហ្វីលីពីនអំពីការពង្រាយកងទ័ពដែលគ្រោងនឹងធ្វើរបស់ហ្វីលីពីននេះ ហើយសង្ឃឹមថា នឹងដោះស្រាយបញ្ហានេះឲ្យបានឆាប់។
អ្នកវិភាគនានាបាននិយាយថា ប្រទេសចិនទំនងជាមិនឆ្លើយតបខ្លាំងៗទៅលើការពង្រាយកងទ័ពនៅក្នុងប្រជុំកោះ Spratlys នោះទេ។
លោក Franklin Cattigay មេបញ្ជាការឆ្មាំសមុទ្រប្រចាំទីក្រុង Masinloc ដែលជាទីក្រុងប្រទេសហ្វីលីពីន ពឹងផ្អែកលើការនេសាទនៅក្នុងដែនទឹកដែលត្រួតត្រាដោយចិន បាននិយាយថា៖ «រដ្ឋាភិបាលចិន មិនខ្វល់ខ្វាយអ្វីឡើយ ពីព្រោះខ្លួនដឹងថា ខ្លួនអាចប្រយុទ្ធតតាំងបាន»។
កាលពីឆ្នាំមុន លោកប្រធានាធិបតី Duterte បានចាប់ផ្ដើមបន្ធូរបន្ថយនូវការប្រទូសរ៉ាយដាក់គ្នារវាងចិន និងហ្វីលីពីន ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្ររយៈពេល ៤ ឆ្នាំ កន្លងមក តាមរយៈការធ្វើទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង។ ប្រទេសចិន បានអះអាងទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលក្នុងនោះ រួមបញ្ចូលទាំងតំបន់សេដ្ឋកិច្ចផ្ដាច់មុខភាគច្រើនរបស់ហ្វីលីពីនផងដែរ។
គម្រោងដោតទង់ជាតិរបស់លោក Duterte អាចនឹង «ធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍ថា ជម្លោះក្នុងសមុទ្រចិនខាងត្បូងនៅតែមាន»។ នេះបើតាមការបញ្ជាក់របស់លោក Termsak Chalermpalanupap អ្នកសិក្សាស្រាវជ្រាវជំនាញសន្តិសុខដែនសមុទ្រនៃវិទ្យាស្ថាន ISEAS Yusof Ihsak ក្នុងប្រទេសសិង្ហបុរី ។
លោក Duterte មិនបាននិយាយថា កងទ័ពចំនួនប៉ុន្មាននាក់ដែលលោកគ្រោងនឹងបញ្ជូនទៅកាន់ប្រជុំកោះ Spratly នោះទេ ដែលនៅប្រជុំកោះ Spratly នេះ យ៉ាងហោចណាស់មានកូនកោះមួយ ឈ្មោះ Pag-asa ឬ Thitu ដែលមានទាហានឈរជើងនៅទីនោះ និងមានផ្លូវយន្តហោះមួយរួចទៅហើយ។ កាលពីខែមិថុនា ឆ្នាំមុន លោក Duterte បាននិយាយថា លោកអាចនឹងទៅធ្វើទស្សនកិច្ចនៅកោះ Pag-asa ដើម្បីដោតទង់ជាតិប្រទេសហ្វីលីពីននៅចំថ្ងៃឯករាជ្យរបស់ហ្វីលីពីន។
ចំណុចក្ដៅថ្មី
ការប្រកាសដូច្នេះរបស់លោក Duterte ធ្វើឡើង បន្ទាប់ពីមានការបញ្ចេញព័ត៌មានដែលថា កាលពីឆ្នាំមុន នាវាស្រាវជ្រាវរបស់ចិនមួយចំនួន បានប្រចាំការនៅតាមតំបន់ដីសណ្ដមួយកន្លែង ដែលគ្រប់គ្រងដោយប្រទេសហ្វីលីពីន ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគឦសានឆ្នេរសមុទ្រហ្វីលីពីន។
លោកប្រធានាធិបតី Duterte បានប្រាប់អ្នកសារព័ត៌មាននានា កាលពីពាក់កណ្ដាលខែមិនាកន្លងទៅនេះថា គាត់បានដឹងថា នាវាចិនបានមកប្រចាំការនៅតំបន់ Benham Rise ដែលជាតំបន់ដីសណ្ដទំហំ ១៣ លានហិកតារ សម្បូរទៅដោយធនធានរ៉ែ និងឧស្ម័នធម្មជាតិក្រោមបាតសមុទ្រ។ យ៉ាងហោចណាស់នាវាស្រាវជ្រាវមួយគ្រឿង បានប្រចាំការនៅទីនោះអស់រយៈពេល ៣ ខែ។
ករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋហ្វីលីពីនក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដែលក្នុងនោះក៏មានមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកនេសាទមួយចំនួនផងដែរ ដែលមានការឆ្អែតឆ្អន់នឹងការរារាំងរបស់នាវាចិន។
លោក Ramon Casiple នាយកប្រតិបត្តិនៃក្រុមអ្នកតស៊ូមតិ នៃវិទ្យាស្ថានសម្រាប់កំណែទម្រង់នយោបាយ និងការបោះឆ្នោត បាននិយាយថា៖ «ប្រជាពលរដ្ឋហ្វីលីពីនអាចក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលចិន ប្រសិនបើប្រទេសចិនអនុវត្តសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងនេះ៖ ទីមួយ ប្រសិនបើប្រទេសចិនបន្តការសិក្សាស្រាវជ្រាវបែបឈ្លានពានលើតំបន់ Benham Rise ហួសពីដែនកម្រិតនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ដែលផ្ដល់សិទ្ធិអធិបតេយ្យដល់ប្រទេសហ្វីលីពីននោះ។ ទីពីរ គឺករណីដែលប្រទេសចិន (មិន)ទទួលស្គាល់ទាំងពាក្យសម្ដី និងសកម្មភាពនូវសិទ្ធិអធិបតេយ្យរបស់ប្រទេសហ្វីលីពីន»។
គណៈកម្មាធិការអង្គការសហប្រជាជាតិស្ដីពីការកំណត់ដែនទ្វីប បានឯកភាពយល់ព្រមលើការទាមទារកាន់កាប់របស់ប្រទេសហ្វីលីពីនលើតំបន់ Benham Rise កាលពីឆ្នាំ ២០១២។ ប៉ុន្តែក្រសួងការបរទេសចិនបានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ អនុញ្ញាតឲ្យខ្លួនធ្វើនាវាចរណ៍ និងហោះហើរពីលើតំបន់ Benham Rise បានដោយសេរី។
លោក Euan Graham ប្រធានផ្នែកសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថាន Lowy សម្រាប់គោលនយោបាយអន្តរជាតិ ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បាននិយាយថា៖ «ច្បាស់ណាស់ ប្រទេសចិនគ្មានមូលដ្ឋានផ្លូវច្បាប់ណាមួយសម្រាប់ការអះអាងតបវិញលើផ្នែកសិទ្ធិអធិបតេយ្យទាំងលើបាតសមុទ្រ ឬក្នុងសមុទ្រនោះទេ ពីព្រោះការពិត យើងកំពុងតែនិយាយអំពីតំបន់ដែលមានទីតាំងទល់មុខនឹងប្រទេសហ្វីលីពីន»។
រដ្ឋាភិបាលក្រុងម៉ានីលអាចនឹងផ្ដល់សម្បទានមួយចំណែកនៃតំបន់ Benham Rise ដែលមានជម្រៅ៣៥ ម៉ែត្រក្រោមផ្ទៃមហាសមុទ្រ សម្រាប់ការរុករកធនធាននានា។ កាលពីឆ្នាំមុន ក្រុមហ៊ុនមកពីប្រទេសជប៉ុន ដែលជាវិនិយោគិនដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពីន និងក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូង បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងតំបន់នោះ។
ការប្រយុទ្ធតបតវិញ
លោក Duterte បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៣ ខែមិនា កន្លងទៅនេះ ថា លោកសង្ឃឹមថា នឹងអាចរក្សាសន្តិភាពជាមួយប្រទេសចិនបាន។ លោកបានបន្ថែមថា កងកម្លាំងយោធាហ្វីលីពីនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយនឹងប្រទេសចិននៅឡើយទេ ប្រសិនបើមានការចាំបាច់នោះ។
លោក Duterte បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីតំបន់ Benham Rise ដែលបានចាក់ផ្សាយជាវីដេអូនៅលើវិបសាយសារព័ត៌មានក្នុងស្រុកមួយ ដែលមានអាសយដ្ឋាន Philstar.com ថា៖ «យើងមិនត្រូវប្រយុទ្ធគ្នាពាក់ព័ន្ធនឹងបញ្ហាជាម្ចាស់កម្មសិទ្ធិ ឬបញ្ហាអធិបតេយ្យភាពនៅពេលនេះនោះទេ ពីព្រោះរឿងរ៉ាវផ្សេងៗកំពុងតែមានភាពប្រសើរឡើងនៅក្នុងប្រទេសរបស់ខ្ញុំ។ កម្លាំងប្រទេសខ្ញុំមិនស៊ីគ្នានឹងកម្លាំងប្រទេសចិនឡើយ»។
រដ្ឋាភិបាលក្រុងប៉េកាំង ដែលជាប្រទេសមានកម្លាំងយោធាដ៏ខ្លាំងបំផុតមួយក្នុងពិភពលោក កំពុងតែពង្រីកកម្លាំងយោធាខ្លួននៅតាមតំបន់នានានៃសមុទ្រចិនខាងត្បូង ដែលក្នុងនោះមានទាំងកូនកោះតូចៗនៅក្នុងប្រជុំកោះ Spratly ផងដែរ។
ប្រទេសចិនបានខឹងសម្បានឹងប្រទេសហ្វីលីពីនចាប់តាំងពីឆ្នាំ ២០១២ មក ដោយបានគ្រប់គ្រងកាន់កាប់កោះ Scarborough Shoal ដែលជាដែននេសាទដ៏ចម្បងមួយក្នុងសមុទ្រចិនខាងត្បូង ដែលមានចម្ងាយ ១៩៨ គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិចកោះ Luzon។ រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានប្រទេសម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន កាលពីប្រហែល ៥ ឆ្នាំ មុន ដោយបានចាក់ដីបំពេញបន្ថែមកូនកោះតូចៗសម្រាប់ការប្រើប្រាស់កិច្ចការយោធា។
សមុទ្រចិនខាងត្បូងដែលមានទំហំ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េ សម្បូរទៅដោយធនធានមច្ឆាជាតិ និងធនធានប្រេងកាត និងថែមទាំងជាផ្លូវសម្រាប់ការធ្វើចរាចរនាវាដឹកទំនិញទៀតផង៕
ប្រែសម្រួលដោយ កោះ សុគន្ធី