រដ្ឋាភិបាលហ្វីលីពីនស្នើកម្ពុជាកុំដាក់ទោសស្ត្រី ហ្វីលីពីនពពោះជំនួសគេចំនួន១៣នាក់ ដែលត្រូវបានជួញដូរខុសច្បាប់មកកម្ពុជា ដោយថា ខ្លួននឹងផ្តល់ជំនួយផ្លូវច្បាប់ដល់ស្រ្តីទាំងនោះ ដើម្បីសហការជាមួយកម្ពុជាដោះស្រាយករណីនេះ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៨ ខែតុលាថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះស្ត្រីជនជាតិហ្វីលីពីនចំនួន២០នាក់ ដែលបានចាញ់បោកជនមិនស្គាល់អត្តសញ្ញាណតាមអ៊ីនធឺណិត មកពពោះជំនួសគេនៅខេត្តកណ្តាល។ ស្ថានទូតហ្វីលីពីនបន្ថែមថា រដ្ឋាភិបាលហ្វីលីពីនស្នើរដ្ឋាភិបាលកម្ពុជាកុំដាក់ទោសពួកគេ និងថា ស្ថានទូតនៅតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជាដើម្បីដោះស្រាយករណីនេះឱ្យបានឆាប់ ក្នុងគោលបំណងការពារសិទ្ធិ និងសុខុមាលភាពរបស់ស្ត្រីហ្វីលីពីនទាំងនោះ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងលោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បាននៅឡើយទេ។
ទីភ្នាក់ងារសារព័ត៌មាន APកាលពីពេលថ្មីៗនេះ បានស្រង់សម្តីរបស់អ្នកស្រី ជូ ប៊ុនអេង ថា ប៉ូលិសបានរកឃើញស្ត្រីជនជាតិហ្វីលីពីនចំនួន២០នាក់ និងវៀតណាម៤នាក់ ក្នុងពេលឆ្មក់ចូលផ្ទះវីឡាមួយកន្លែងក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកញ្ញា។ អ្នកស្រីត្រូវបានស្រង់សម្តីបន្ថែមថា ស្ត្រីហ្វីលីពីនចំនួន១៣នាក់ ត្រូវបានគេរកឃើញថា មានផ្ទៃពោះ ហើយត្រូវបានចោទប្រកាន់នៅក្នុងតុលាការកាលពីថ្ងៃទី១ ខែតុលា ក្រោមច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។
![នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលោក អំ សំអាត ចូលរួមពិធីរំឭកខួប៨ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកកែម ឡី ក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)](https://gdb.voanews.com/01000000-0aff-0242-fe33-08dca0df2c8d_w1080_h608_s.jpg)
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលោក អំ សំអាត ចូលរួមពិធីរំឭកខួប៨ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកកែម ឡី ក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត យល់ថា កម្ពុជា និងហ្វីលីពីនគួរតែសហការគ្នាស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះករណីនេះ ដើម្បីរកឱ្យឃើញអ្នកពាក់ព័ន្ធក្នុងបណ្តាញនៃការជួញដូរមនុស្សពីហ្វីលីពីនមកកម្ពុជា ដើម្បីធានាបានពីការអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តល្មើស និងការពារជនរងគ្រោះ។
លោកថ្លែងថា៖«ចំពោះបញ្ហាស្រ្តីដែលពពោះជំនួសឬក៏មិនពពោះនេះ ត្រូវតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់តើ ស្រ្តីទាំងអស់ហ្នឹងជាជនរងគ្រោះដោយការបង្ខំឱ្យមានពពោះជំនួសឬក៏ជាការចាប់បង្ខំឱ្យពពោះជំនួសដែលជាជនរងគ្រោះឬមួយ ស្រ្តីទាំងអស់ហ្នឹងចូលរួមនៅក្នុងការពពោះជំនួស។
កន្លែងហ្នឹងត្រូវស៊ើបអង្កេតឱ្យបានល្អិតល្អន់ទៅលើបញ្ហាទាំងអស់ហ្នឹង។ ចៀសវាងស្រ្តីត្រូវគេបង្ខំ ត្រូវគេរំលោភបំពានឱ្យពពោះជំនួសហើយត្រូវទទួលទោស»។
ការស៊ីឈ្នួលពពោះជំនួសនៅកម្ពុជាកើតមានប្រមាណជា១០ឆ្នាំមកហើយ បន្ទាប់ពីសកម្មភាពនេះត្រូវហាមឃាត់ក្នុងប្រទេសថៃ នៅឆ្នាំ២០១៥។ ក្រោយការបង្ក្រាបករណីពពោះជំនួសជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់ករណីពពោះជំនួស ដោយចាត់ទុកថា សកម្មភាពនេះជាបទល្មើស។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ ពលរដ្ឋខ្មែរប្រមាណ ២០០នាក់ នៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសចិន ដែលពួកគេរងគ្រោះដោយសារការរៀបការជាមួយជនបរទេស និងការពពោះជំនួសគេ៕