ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួនគ្មានផែនការក្នុងការផ្តល់ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់កាន់តែច្រើនថែមទៀតនូវមូលដ្ឋានយោធានៅក្នុងប្រទេសខ្លួនឡើយ ដោយកម្រិតត្រឹមចំនួនបច្ចុប្បន្ន ដែលមានទីតាំងសរុបចំនួន ៩ តែប៉ុណ្ណោះ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានប្រាប់ក្រុមអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៅក្នុងទីក្រុងម៉ានីល កាលពីថ្ងៃទី ១៥ ខែមេសាកន្លងទៅថា ការសម្រេចចិត្តរបស់ប្រទេសលោកកាលពីឆ្នាំទៅក្នុងការបង្កើនចំនួនទីតាំង គឺត្រូវបានឯកភាពគ្នានៅក្រោមកិច្ចព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារ (EDCA) និងជាការឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
ប្រទេសចិនបានចោទប្រកាន់ហ្វីលីពីនថាជាអ្នកបង្កឱ្យមានការប្រឈមមួយ ដោយរំលោភចូលទៅក្នុងអ្វីដែលចិនហៅថា ជាបូរណភាពដែនទឹករបស់ខ្លួន។ ជម្លោះកាន់តែខ្លាំងឡើងរវាងចិននិងហ្វីលីពីន បានបង្កើតឱ្យមានបញ្ហាជាច្រើនដល់ការរុករកប្រេងនិងឧស្ម័ន្ធរបស់ប្រទេសហ្វីលីពីននៅក្នុងតំបន់នោះ បើទោះបីជាមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពិភាក្សាគ្នាឡើងវិញ លើការរុករកប្រេងរួមគ្នាក៏ដោយ។
បើទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសចិនក្នុងពេលកន្លងទៅបានអះអាងថា ហ្វីលីពីនកំពុង«បំពក់ភ្លើងឱ្យឆេះកាន់តែខ្លាំងឡើង» ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធាកាន់តែច្រើនថែមទៀតនៅជិតតំបន់រសើបដែលអាចមានជម្លោះ។
លោក Marcos និយាយថា៖ «ទាំងនេះជាប្រតិកម្មទៅលើអ្វីដែលបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង និងទៅលើសកម្មភាពដ៏គឃ្លើន ដែលយើងត្រូវដោះស្រាយ»។
ទីតាំងមូលដ្ឋានយោធា ៣ ក្នុងចំណោម ៤ ដែលយោធាអាមេរិកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ គឺបែរមុខទៅទិសខាងជើងឆ្ពោះទៅរកកោះតៃវ៉ាន់ និងមួយទៀតស្ថិតនៅជិតកោះស្ព្រាតលីក្នុងសមុទ្រចិនខាងត្បូង ដែលជាទីតាំងដែលមានភាពតានតឹងជាញឹកញាប់។ រដ្ឋាភិបាលក្រុងប៉េកាំងលើកហេតុផលថា ទីតាំងទាំងនេះផ្តល់ប្រៀបខ្លាំងដល់អាមេរិកក្នុងករណីមានជម្លោះមួយកើតឡើង។
នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងកាលពីថ្ងៃទី ១១ ខែមេសាកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរៀបចំទទួលលោក Marcos និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងបានស្នើសុំដល់សភាអាមេរិកនូវទឹកប្រាក់ចំនួន១២៨លានដុល្លារបន្ថែមទៀត សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានយោធាក្នុងប្រទេសហ្វីលីពីនទាំងនោះ។
លោក Biden ក៏បានគូសបញ្ជាក់ឡើងវិញផងដែរ ពីការតាំងចិត្ត«មិនអាចបំបែកបាន»ក្នុងការការពារសម្ព័ន្ធមិត្តប៉ាស៊ីហ្វិករបស់អាមេរិក៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Associated Press និង Reuters។
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ