មន្ត្រីសន្តិសុខកំពូលម្នាក់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសហ្វីលីពីនបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយទីក្រុងប៉េកាំងលើបេសកកម្មផ្គត់ផ្គង់របស់ខ្លួនឡើងវិញដល់ទាហាននៅលើនាវាកងទ័ពជើងទឹកដែលមានមូលដ្ឋាននៅសមុទ្រចិនខាងត្បូង ប៉ុន្តែនឹងមិនឲ្យចិនត្រួតពិនិត្យទេ។
ហ្វីលីពីននិងចិន ដែលបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅសមុទ្រកាលពីឆ្នាំមុនបានឈានដល់ «ការព្រមព្រៀងបណ្តោះអាសន្ន» លើបេសកកម្មផ្គត់ផ្គង់ឡើងវិញដល់កប៉ាល់នៅខ្ពង់រាបបាតសមុទ្រ Second Thomas Shoal ខណៈដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង និងគ្រប់គ្រងភាពខុសគ្នា។
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោកEduardo Ano បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការព្រមព្រៀងគ្នានេះមិនរាប់បញ្ចូលការយល់ព្រមឲ្យនាវាចិនធ្វើការត្រួតពិនិត្យ «នៅនឹងកន្លែង» នោះទេ។
ស្ថានទូតចិននៅទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕