កងទ័ពនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងប្រទេស ៤ ទៀត បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នាកាលពីថ្ងៃចន្ទនៅឯសមុទ្រនៃកោះ Luzon នៅភាគខាងជើងហ្វីលីពីនទល់មុខនឹងកោះតៃវ៉ាន់ដើម្បីបង្ហាញកម្លាំងជើងទឹក ចំពេលមានភាពតានតឹងកើនឡើងជាមួយចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
សមយុទ្ធឆ្នាំនេះដែលមានឈ្មោះថា «Sama Sama» ឬមានន័យថា «ទាំងអស់គ្នា» មានវត្តមានចូលរួមពីពលទាហានជើងទឹកជិត ១.០០០ នាក់មកពីប្រទេសអូស្ត្រាលី កាណាដា បារាំង ជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន។ សមយុទ្ធនេះគឺជាការហ្វឹកហ្វឺនដ៏តានតឹងដែលផ្តោតលើតាក់តិចសង្គ្រាមប្រឆាំងនាវាមុជទឹក ប្រឆាំងការវាយប្រហារលើផ្ទៃទឹកនិងពីលើអាកាស។
លោកឧត្តមនាវីទោ Todd Cimicata នៃសហរដ្ឋអាមេរិក បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅកំពង់ផែ Subic នៅខាងលិចទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនថា ការកសាងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តសំខាន់ៗបានបង្កើតនូវ «ឥទ្ធិពលទប់ស្កាត់» ប៉ុន្តែថាសមយុទ្ធនេះមិនបានដៅលើប្រទេសណាមួយទេ។
សមយុទ្ធរយៈពេល ៩ ថ្ងៃនេះនឹងប្រមូលផ្តុំគ្នានូវនាវាចម្បាំងបំពាក់ក្បាលគ្រាប់មីស៊ីលប្រភេទ Arleigh Burke របស់កងទ័ពជើងទឹកអាមេរិក នាវាចម្បាំង HMCS Vancouver ប្រភេទ Halifax និងឧទ្ធម្ភាគចក្រម៉ាស៊ីនភ្លោះ CH-148 របស់កាណាដា យន្តហោះប្រភេទ Shin Maywa US-2 ដែលអាចចុះចតនិងហោះឡើងពីលើផ្ទៃទឹកបាននិងយន្តហោះល្បាតលំហសមុទ្រ Kawasaki P-1 របស់ជប៉ុន និងនាវាចម្បាំងហ្វីលីពីន៕