ហ្វីលីពីន​បើក​ឱ្យ​យោធា​ស.រ.អ.​ប្រើ​មូលដ្ឋាន​សឹក​ខ្លួន​ថែមទៀត

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin (ទីពីរពីឆ្វេង) ដើរ​កាត់កងឆ្មាំ​យោធា អំឡុងពេល​លោក​ទៅដល់​ក្រសួង​ការពារ​ជាតិ ក្នុង​ជំរំ​យោធា Camp Aguinaldo ក្នុង​ទីក្រុង Quezon នៃ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ហ្វីលីពីនបាន​ប្រកាស​កិច្ចព្រមព្រៀង​មួយដែល​នឹង​ឱ្យ​ក្រុម​យោធា​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​យោធា​ហ្វីលីពីន​ថ្មីៗ​បួន​ថែម​ទៀត។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ ប្រទេស​ទាំងពីរ​នេះមិនបាន​ប្រាប់​អំពី​ទីតាំងជាក់លាក់​នៃ​មូលដ្ឋាន​សឹក​ទាំងនេះ​ទេ ​ដោយ​និយាយ​ថា ​មូលដ្ឋាន​ទាំង​នេះស្ថិត​នៅក្នុង​«តំបន់​យុទ្ធ​សាស្ត្រ​របស់​ប្រទេស‍»។

ការពង្រីក​នេះ​ជា​ផ្នែក​មួយនៃ​កិច្ចព្រមព្រៀង​ពង្រឹងកិច្ចសហ​ប្រតិបត្តិការ​ខាង​ការការពារ​ប្រទេស​ (EDCA) ​ដែល​មាន​រួមទាំង​មូលដ្ឋាន​សឹក​៥​ដែល​មាន​រួច​ហើយ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា៖ «​ការ​បន្ថែមកន្លែង​ថ្មីៗ​តាម​រយៈ​កិច្ចព្រមព្រៀង EDCA ​នឹង​អនុញ្ញាត​ឱ្យ​មានការ​គាំទ្រ​លឿន​ជាងមុននៅ​ពេល​មានមហន្តរាយ​ទាក់ទិន​នឹង​មនុស្សធម៌និងធាតុអាកាសនៅ​ក្នុង​ប្រទេសហ្វីលីពីន​និង​ឆ្លើយ​តបនឹង​ឧបសគ្គ​រួមគ្នា​ផង​ដែរ‍»។

កិច្ច​ព្រមព្រៀង​ថ្មី​នេះមាន​ឡើង​នៅ​ពេល​ដែល​សម្ព័ន្ធមិត្តយូរយា​មកហើយ​ទាំង​ពីរ​នេះប្រឹងប្រែង​ទប់ទល់​នឹងការ​អះអាង​ទាមទារ​ទឹកដីដោយ​ប្រទេស​ចិនលើ​កោះតៃវ៉ាន់និង​សកម្មភាព​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នៅមុន​សេចក្តី​ប្រកាស​នេះ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ស.រ.អ.​លោក Lloyd Austin បាន​និយាយ​ប្រាប់ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. ​ថាគោលដៅ​របស់​ស.រ.អ.គឺ​ពង្រឹង​ទំនាក់ទំនងជា​មួយ​ប្រទេស​ហ្វីលីពីន«តាម​គ្រប់​វិធី​ទាំងអស់​តាម​អាច​ធ្វើ​បាន‍»​និង​ដើម្បី​ពង្រឹងសមត្ថភាព​យោធា​របស់​ហ្វីលីពីន​ផង​ដែរ។

លោក Marcos បាន​ថ្លែង​ថា​ អនាគតរបស់​ហ្វីលីពីន​និង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​«តែង​តែ​មាន​ការ​ទាក់ទិន​របស់​ស.រ.អ.​ដោយសារភាព​ដៃគូ​ទាំង​នោះ​ខ្លាំងណាស់‍»៕

លោក Jeff Seldin អ្នកឆ្លើយឆ្លង​ព័ត៌មាន​សន្តិសុខ​ជាតិនៃ VOA រួមចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មានThe Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Agence France-Presse។