ប៉ូលិស​ហ្វីលីពីន​រារាំង​គម្រោង​វាយប្រហារ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ប្រឆាំង​ចិន

ប៉ូលិស​អាកាសយានដ្ឋាន​​ប្រើ​​ឆ្កែ​ហិត​នៅ​អគារ Terminal 3 នៃ​អាកាសយានដ្ឋាន​អន្តរជាតិ Ninoy Aquino នៅ​ Pasay City ក្រុង​ម៉ានីល កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៤។

ប៉ូលិស​ហ្វីលីពីន​បាន​ចាប់​ខ្លួន​បុរស​៣​នាក់​ដែល​បាន​រៀប​ចំធ្វើ​ការ​វាយ​ប្រហារ​ដោយ​ការ​ដាក់​គ្រាប់​បែក ក្នុង​ការ​ប្រឆាំង​តវ៉ា​និង​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ជំហរ​ទន់​ខ្សោយ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល ចំពោះ​ប្រទេស​ចិន។

លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ Leila de Lima ថ្លែង​ថា​ បុរស​ទាំង​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ ជាមួយ​និង​រថយន្ត​ van មួយ​គ្រឿង​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ទីក្រុង​ម៉ានីល​ ដែល​ជា​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​៤​របស់​បុរស​ទាំង​នេះ។

ផែនទី​ទី​តាំង​អាកាសយានដ្ឋាន​អន្តរជាតិ Ninoy Aquino

លោកស្រី De Lima ថ្លែង​ថា ​បុរស​ទាំង​នេះ​ក៏​មាន​ផែនការ​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​ចិន ព្រម​ទាំង​ក្រុមហ៊ុន​សំណង់ DMCI និង ​ផ្សារ​លក់​ទំនិញ SM Mall of Asia ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​អ្នក​ជំនួញ​ហ្វីលីពីន​កាត់​ចិន។

លោក​ស្រី​ថ្លែង​ថា ​បុរស​ទាំង​៣​នាក់​នេះ ​អះអាង​ថា ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ក្រុម​មួយ​ របស់​មន្ត្រី​ប៉ូលិស​ យោធា និង អ្នក​ដទៃ​ទៀត​ ដែល​ចង់​ការពារ​ប្រទេស​ហ្វីលីពីន​ ពី​ប្រទេស​ចិន​ ដែល​កំពុង​មាន​ជម្លោះ​ដែន​ដី​ជាមួយ​នឹង​ក្រុង​ម៉ានីល​នោះ៕