ហ្វីលីពីន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ដោយសារ​​ការ​រីករាលដាល​ជំងឺ​គ្រុនឈាម​នៅ​ទូទាំង​ប្រទេស​

រូបឯកសារ៖ ប្រភេទមូសដែលបង្កជំងឺគ្រុនឈាមត្រូវបានយកទៅសិក្សានៅវិទ្យាស្ថានស្រាវជ្រាវនៅក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

ប្រទេស​ហ្វីលីពីន​ជួប​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​មេរោគ​នេះ តាំង​ពី​ប្រទេស​នេះ​ឈប់​ប្រើប្រាស់​វ៉ាក់សាំង Dengvaxia កាល​ពី​ចុង​ឆ្នាំ​២០១៧ គឺ​មាន​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ប្រទេសហ្វីលីពីនក្លាយ​ជា​ប្រទេស​នៅ​តំបន់​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ​សម្រាប់​លក់។

ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ដោយសារ​ការ​រីករាលដាល​ជំងឺ​គ្រុនឈាម​នៅ​ទូទាំង​ប្រទេស។ ជំងឺ​ដែល​ឆ្លង​តាមរយៈ​មូសខាំ​នេះ​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​ ៦២២​នាក់​ក្នុង​ឆ្នាំ​នេះ។

មាន​ករណី​ឆ្លង​ជំងឺ​គ្រុនឈាម​ជាង​ ១សែន​៤ម៉ឺន​៦​ពាន់​ករណី​ក្នុង​ឆ្នាំ​នេះ គិត​ចាប់​ពី​ខែ​មករា​ដល់​ថ្ងៃ​ទី​ ២០ ខែ​កក្កដា ដែល​តួលេខ​នេះ​កើនឡើង​៩៨%​ពី​ឆ្នាំ​មុន។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​លោក Francisco Duque រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ហ្វីលីពីន ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អង្គារ។

លោក​បានថ្លែង​ថា ការ​ប្រកាស​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​អាច​ប្រើប្រាស់​មូលនិធិ​សម្រាប់​ពេល​អាសន្ន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ​បាន។

ជំងឺ​គ្រុនឈាម​អាច​បង្កឲ្យ​មាន​អាការៈ​ក្ដៅខ្លួន ឈឺ​សន្លាក់​ដៃជើង វិលមុខ ឡើង​កន្ដួល​ និង​អាច​បង្ក​ឲ្យ​ពិបាក​ដកដង្ហើម​ជាដើម។ ជំងឺ​នេះ​ភាគច្រើន​កើត​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ត្រូពិច។

ប្រទេស​ហ្វីលីពីន​ជួប​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​មេរោគ​នេះ ចាប់​តាំង​ពី​ប្រទេស​នេះ​ឈប់​ប្រើប្រាស់​វ៉ាក់សាំង Dengvaxia កាល​ពី​ចុង​ឆ្នាំ​២០១៧ គឺ​មាន​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ប្រទេសហ្វីលីពីនក្លាយ​ជា​ប្រទេស​នៅ​តំបន់​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ​សម្រាប់​លក់៕