ហ្វីលីពីន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ ខណៈ​ប្រទេស​ទាំងពីរ​មាន​ការប្រយ័ត្ន​ប្រយែង​ចំពោះ​ចិន

  • Ralph Jennings

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ​(រូប​ស្តាំ) ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ឥណ្ឌា លោក Ram Nath Kovind នៅ​ក្នុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​ទៅ​កាន់​វិមាន Malacanang ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

ហ្វីលីពីន​​យល់ព្រម​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារជាតិ​ជាមួយ​នឹងឥណ្ឌា​ ដែល​ជា​សម្ព័ន្ធមិត្ត​លេចឡើង​ដ៏​សំខាន់​មួយ​របស់​បស្ចិមប្រទេស​នៅ​ទ្វីបអាស៊ី។ ការពង្រឹង​ទំនាក់ទំនង​ទាំងនេះ​គឺ​ជា​ចំណែក​មួយ​នៃ​ការ​កៀរគរ​ការ​គាំទ្រ​ពី​បរទេស​​ក្នុង​ករណី​មាន​ការ​កាត់​ផ្តាច់​ទំនាក់ទំនង​ដ៏​ផុយស្រួច​ភ្លាមៗ​ជាមួយ​នឹង​ចិន។

កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌា​ និង​ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​ បាន​សម្រេចចិត្ត​ធ្វើការ​រួមគ្នា​បន្ថែមទៀត​លើ​វិស័យ​ការពារ​ប្រទេស និង​សន្តិសុខ​ ដោយ​សារ​តែអ្វី​ដែល​ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន​ហៅ​ថា​ជា​ការ​ផ្លាស់ប្តូរ​ភូមិសាស្រ្ត​នយោបាយ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ប្រធានាធិបតី​ប្រទេសហ្វីលីពីន​លោក Rodrigo Duterte​ បាន​ស្វាគមន៍​តួនាទី​របស់​ប្រទេស​ឥណ្ឌា​នៅក្នុង​កម្មវិធី​ពង្រឹង​វិស័យ​ការពារ​ប្រទេស​របស់​ហ្វីលីពីន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី១៩ ខែតុលា​កន្លង​ទៅ​ បន្ទាប់​ពី​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ឥណ្ឌា​លោក Ram Nath Kovind។

ទោះបីជា​លោក Duterte បាន​បង្កើន​ទំនាក់ទំនង​យ៉ាង​កក់ក្តៅ​ជាមួយ​នឹង​ចិន​ បន្ទាប់​ពី លោក​ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ២០១៦ក៏ដោយ​ ក៏ឥឡូវ​នេះ​លោក​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសនានា​បន្ថែម​ទៀត​ ដោយសារ​លោក​បារម្ភ​ពី​ការដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ពាក់ព័ន្ធ​ទៅនឹង​ការដណ្តើម​ការ​គ្រប់គ្រង​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ។

លោក Alan Chong សាស្រ្តាចារ្យ​មហាវិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ​ នៃសាកល​វិទ្យាល័យ​បច្ចេកវិទ្យា S.Rajaratnam នៅ​ប្រទេស​សិង្ហបុរី​ បាន​ថ្លែង​ថា «លោក Duterte មិន​អាច​ទុកចិត្ត​លើ​សុច្ឆន្ទៈល្អ​ដែល​ចិន​ធ្វើ​មក​លើ​ហ្វីលីពីន​បាន​នោះ​ទេ។ លោក​គិត​ថា​លោក​មាន​ប្រទេស​ចិន​ជា​មិត្ត​ល្អ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ឥឡូវនេះ​លោក Duterte ដឹង​ថា​នៅ​ពី​ក្រោយ​ស្នាមញញឹម​ ការស្វាគមន៍​ដ៏​រាក់ទាក់​ និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ ប្រទេសចិន​តាម​ពិត​កំពុង​បន្ត​ពង្រឹង​អំណាច​យោធា​នៅ​លើ​កោះតូចៗ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង»។

ប្រទេស​ឥណ្ឌា​បាន​ខឹង​សម្បា​នឹង​ប្រទេស​ចិន ​និង​បាន​ធ្វើការ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ ​ដើម្បី​ត្រួតពិនិត្យ​មើល​ការពង្រីក​ដែនសមុទ្រ​របស់​ចិន។​

ទំនាក់ទំនង​របស់​ចិន

ទោះបីជា​លោក Duterte ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉េកាំងដោយ​ចិន​បាន​សន្យា​ផ្តល់​ជំនួយ​និង​ការវិនិយោគ​ជា​ប្រាក់​ចំនួន​២៤ពាន់​លាន​ដុល្លារ នៅក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ២០១៦ក៏ដោយ​ ក៏នាវា​ចិន​រាប់រយ​គ្រឿង​បាន​បង្កើត​ក្តី​កង្វល់​ជាច្រើន​ បន្ទាប់​ពី​នាវា​ទាំងនោះ​បើក​កាត់​កោះតូចៗ​ដែល​គ្រប់គ្រង​ដោយ​ហ្វីលីពីន​នៅ​ប្រជុំ​កោះ​ស្ព្រាតលី​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាល​ពី​ខែ​មេសា​កន្លង​ទៅ។

កាលពីដើម​ខែមិថុនា​ ទូក​នេសាទ​របស់​ចិន​បាន​បុក​ឲ្យ​ទូក​នេសាទ​របស់​ហ្វីលីពីន​លិច​នៅ​ជិត​កោះ Recto Bank នៃ​សមុទ្រ​មាន​ជម្លោះ​ ដែល​បាន​បង្កើន​ការចោទសួរ​ជាច្រើន​អំពី​ឧប្បត្តិហេតុ​ដែល​អាច​កើតឡើង​ដោយ​សារ​ការប៉ះទង្គិច​គ្នា​នេះ។

លោក Stephen Nagy សាស្រ្តាចារ្យ​ផ្នែកនយោបាយ​ និង​ការសិក្សា​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ Christian ក្នុង​ទីក្រុងតូក្យូ​ ប្រទេសជប៉ុន​បាន​ថ្លែង​ថា ឥឡូវនេះ​លោក Duterte កំពុង​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ទី​បី​ណា​ដែលមាន​អំណាច​ ដោយប្រើ​ប្រាស់​ប្រទេស​ចិន​ធ្វើ​ជា​ឈ្នាន់។

លោក Nagy បាន​ថ្លែង​បន្ត​ទៀត​ថា «ប្រទេសហ្វីលីពីន​ពិតជា​កំពុង​ស្វែងរក​ជំនួយ​ផ្សេងៗពី​ប្រទេស​ជាច្រើន​ និង​យក​ចិន​ធ្វើ​ជា​នុយ។ ប៉ុន្តែ​ប្រទេសចិន​ប្រហែល​ជា​នឹង​មិន​សប្បាយ​ចិត្ត​ទេ​ ដែល​ប្រទេស​ឥណ្ឌា​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ហ្វីលីពីន​នោះ។ ហើយ​ពួកគេ​ប្រហែល​ជា​នឹង​យល់​ថា​ហ្វីលីពីន​ទាញ​ប្រយោជន៍ ពី​គ្រប់​ប្រទេស​ទាំង​អស់​ ជាជាង​ពង្រឹង​ទំនាក់ទំនង​ខ្លាំងក្លា​ជាមួយ​នឹង​ចិន»។

លោក Duterte បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​កាល​ពី​ដើមខែតុលា​ ដើម្បី​ចូលរួម​ក្នុង​ការ​ពិភាក្សា​នានា​ ដែល​អ្នកវិភាគ​និយាយ​ថា​ អាច​ជា​ការ​ចរចា​ទិញដូរ​អាវុធ។ លោក Duterte បាន​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​មាន​ទំនាក់ទំនង​មិន​សូវ​ល្អ​នៅក្នុង​ឆ្នាំ២០១៦។ កាល​ពី​ខែឧសភា លោកប្រធានាធិបតី Duterte បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ទីបី​ទៅ​ប្រទេស​ជប៉ុន។

ប្រទេស​ជប៉ុន​ដូច​ទៅ​នឹង​ប្រទេស​ឥណ្ឌា​ដែរ ដែល​កំពុង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិច​ផ្សេងទៀត​ ដើម្បី​ត្រួតពិនិត្យ​ការពង្រីក​ដែន​សមុទ្រ​របស់​ចិន។
បន្ទាប់​ពី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌា​លោក Kovind មក​ លោក Duterte បាន​ថ្លែងដូច្នេះ​ថា «ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ទីតាំង​យុទ្ធសាស្រ្ត​ស្ថិត​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វីក​ និង​មហាសមុទ្រ​ឥណ្ឌា​ យើង​សូមបញ្ជាក់​អះអាង​ពី​ចំណាប់​អារម្មណ៍​រួម​របស់​យើង​នៅក្នុង​ការការពារ​ដែនសមុទ្រ​របស់​យើង​ និង​បង្កើន​នីតិរដ្ឋ​នៅ​ក្នុង​ដែន​អធិបតេយ្យ​សមុទ្រ​របស់​យើង»។​

ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ កោះតៃវ៉ាន់​ វៀតណាម ​និង​ហ្វីលីពីន​ សុទ្ធ​តែ​ទាមទារ​គ្រប់គ្រង​ផ្នែក​ទាំងអស់​ឬ​ផ្នែកខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង។ ប្រទេស​ចិន​អះអាង​ថា៩០​ភាគរយ​នៃ​ផ្លូវទឹក​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ​ហើយ​ចិន​បាន​នាំមុខ​គេ​ខាង​អំណាច​យោធា​នៅ​ទីនោះ​អស់​ពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

ចំណាប់អារម្មណ៍​របស់​ឥណ្ឌា

ប្រទេសឥណ្ឌា​ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ឧបទ្វីប​ឥណ្ឌូចិន​ មិន​បាន​ទាមទារ​កាន់​កាប់​ផ្នែក​ណាមួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ទេ​ ប៉ុន្តែ​កាល​ពី​ខែកញ្ញា​ ឥណ្ឌា​បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​នឹង​ជប៉ុន​ និង​សហរដ្ឋអាមេរិក។

លោក Jay Batongbacal សាស្រ្តាចារ្យ​ផ្នែក​កិច្ចការ​ដែនសមុទ្រ​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​ហ្វីលីពីន​បាន​និយាយ​ថា៖ «បើទោះបី​ជា​ការធ្វើ​សមយុទ្ធ​យោធា​នោះ​ បាន​ធ្វើ​ឡើង​នៅ​ខាងក្រៅ​សមុទ្រ​មាន​ជម្លោះ​ក៏ដោយ​ ក៏ឥណ្ឌា​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​របៀប​របប​ដែល​ផ្អែក​លើ​ច្បាប់​នៅលើ​សមុទ្រ​នានា​នៅទ្វីប​អាស៊ី​ ជាជាង​ការ​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Nagy បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុង​ញូវដេលី​ប្រហែល​ជា​យល់​ឃើញ​ថា​ទំនាក់​ទំនង​យោធា​ខ្លាំងក្លា​ជាងមុន​ជាមួយ​នឹង​ហ្វីលីពីន​នឹង​ជា​ការបំពេញ​បន្ថែម​ចំពោះ​ចំណង​ទាក់ទង​របស់​ខ្លួន​ជាមួយ​ជប៉ុន​និង​សហរដ្ឋអាមេរិក។

គោលនយោបាយ​តំបន់​បូព៌ា​របស់​ឥណ្ឌា​ដែល​ផ្តោត​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ខ្លាំងក្លា​ជាងមុន​ជាមួយ​បណ្តា​ប្រទេស​ដែល​លេចឡើង​ខ្លាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​ក្នុង​នោះ​មាន​ទាំង​ហ្វីលីពីនផងដែរ​នោះ​ នឹង​ជួយគាំទ្រ​បន្ថែម​ទៀត​ចំពោះ​គូប្រជែង​របស់​ចិន​នៅក្នុង​ជម្លោះ​ដែនសមុទ្រ។ ទិន្នន័យ​របស់រដ្ឋាភិបាល​ក្រុងម៉ានីល​បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​គឺ​ជា​ដៃគូ​វិនិយោគ​ធំ​ជាងគេ​ទី១៥របស់​ហ្វីលីពីន។ ប៉ុន្តែ​ចំណង​ទាក់ទង​ទាំងនេះ​មិន​គ្រប់គ្រាន់​ទេ។

លោក Batongbacal បាន​និយាយ​ថា «ប្រទេស​ឥណ្ឌា​ខ្លួនឯង​នៅ​កំពុង​ស្វែង​យល់​ពី​អ្វី ដែល​ខ្លួន​អាច​ធ្វើ​បាន​ជាទូទៅ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​ផ្អែក​លើ​គោលនយោបាយ សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ ប៉ុន្តែ​ធាតុពិត​ឥណ្ឌា​មិន​បាន​ចាត់​វិធានការ​លឿន​ដូច​ចិន​នោះ​ទេ‍»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា