តំណាងរាស្រ្តម្នាក់មកពីគណបក្សប្រឆាំងក្នុងប្រទេសហ្វីលីពីន កំពុងខិតខំប្រែងប្រែងឲ្យមានការផ្តោតយកចិត្តទុកដាក់លើការលេចធ្លាយព័ត៌មានសំខាន់មួយ ដែលលាតត្រដាងថា ប្រទេសចិនកំពុងរំលោភចូលក្នុងដែនដីប្រជុំកោះក្នុងដែនសមុទ្រ ដែលប្រទេសទាំងពីរកំពុងមានជម្លោះ ហើយការណ៍នេះបានក្លាយជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរលើចំណងការទូតដែលត្រូវបានពង្រឹងនាពេលថ្មីៗនេះ។
ក៏ប៉ុន្តែ មនុស្សមួយចំនួនសង្ស័យលើតំណាងរាស្រ្តរូបនេះថា មានចេតនានយោបាយផ្ទាល់ខ្លួន ដោយព្យាយាមធ្វើយ៉ាងណាឲ្យប្រជាប្រិយភាពរបស់លោកប្រធានាធិបតី Duterte ចុះខ្សោយ។ លោកតំណាងរាស្រ្ត Gary Alejano កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកការសម្ងាត់ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រទេសចិនក្នុងដែនសមុទ្រចិនខាងត្បូង។ អតីតនាយនាវិករូបនេះ ដែលបានជាប់ឆ្នោតជាតំណាងរាស្រ្តក្នុងឆ្នាំ២០១៣ បានចោទប្រកាន់ចិនថា បានដោតទង់ជាតិចិននៅតាមបណ្តោយដីសណ្តក្នុងដែនទឹកដែលគ្រប់គ្រងដោយប្រទេសហ្វីលីពីន កាលពីចុងខែកក្កដា និងសកម្មភាពចិនដែលបានប្រដេញនាវាល្បាតរបស់ហ្វីលីពីនចេញពីតំបន់ដីសណ្តទាំងបីក្នុងតំបន់ដែនសមុទ្រកាលពីពាក់កណ្តាលខែកញ្ញានេះ។
ការបង្ហាញឲ្យសាធារណជនដឹងឮ
លោក Alejano បានផ្សព្វផ្សាយព័ត៌មាននេះលើបណ្តាញសង្គម Facebook និង Twitter ដើម្បីជាការក្រើនរំឭកដល់ប្រជាជនហ្វីលីពីនឲ្យប្រុងប្រយ័ត្នលើទំនាក់ទំនងជាមួយនឹងចិន ដែលត្រូវបានបង្កើតឡើងក្នុងអាណត្តិប្រធានាធិបតី Rodrigo Duterteក្នុងរយៈពេលជាងមួយឆ្នាំនេះ។
អ្នកតំណាងរាស្រ្តរូបនេះ បានប្រាប់វីអូអេតាមទូរស័ព្ទថា៖ «រដ្ឋាភិបាល[ហ្វីលីពីន]សព្វថ្ងៃ និងរដ្ឋាភិបាលប្រទេសចិន កំពុងតែនិយាយថាអ្វីៗដំណើរការដោយរលូន ហើយពួកយើងកំពុងតែជជែកពិភាក្សាជាមួយគ្នា»។
លោកបានបន្ថែមថា៖ «មានរឿងច្រើនណាស់កំពុងកើតឡើងក្នុងដែនសមុទ្រហ្វីលីពីនខាងលិច (សមុទ្រចិនខាងត្បូង) ដែលមិនបានលាតត្រដាងជាចំហនៅឡើយ ហើយខ្ញុំមិនចង់មានរដ្ឋាភិបាល ដែលនៅតែរក្សាភាពស្ងៀមស្ងាត់ និងគ្មានចំណាត់ការអ្វីបែបនេះទេ»។
លោកប្រធានាធិបតី Duterte និងរដ្ឋមន្រ្តីក្រសួងការបរទេស បានទទួលស្គាល់លើរបាយការណ៍ ដែលថាមានទង់ជាតិប្រទេសចិនដោតនៅតំបន់ Sandy Cay ប៉ុន្តែបាននិយាយថា ចិនមិនបានកាន់កាប់តំបន់នេះទេ។ តំបន់ Sandy Cay នេះស្ថិតក្នុងដែនកោះ Thitu ទំហំ២២គីឡូម៉ែត្រ ដែលគ្រប់គ្រងដោយហ្វីលីពីន និងក៏ជាផ្នែកមួយនៃតំបន់ប្រជុំដីកោះ Spratlyផងដែរ។ ដែនដីតំបន់ប្រជុំកោះ Spratly ប្រហែលជា១០០កោះ ជាចំណែកនៃដែនសមុទ្រចិនខាងត្បូង។
បន្ទាប់ពីលោក Alejano បានទាមទារឲ្យមានការបកស្រាយពីការបណ្តេញនាវាល្បាតនោះ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានហ្វីលីពីនថា វាគឺជារឿង «ធម្មតា» ដែលប្រទេសចិនឈរជើងនៅតំបន់ប្រជុំកោះ Spratlys។
រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថា ចិនជាម្ចាស់នៃដែនដីជាង៩០ភាគរយនៃសមុទ្រ ដែលលាតសន្ធឹងពីឆ្នេរខាងត្បូងនៃប្រទេសខ្លួនទៅដល់កោះ Borneo។ ការអះអាងនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រទេសទាមទារ៤ផ្សេងទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយចិនបានបញ្ជាឲ្យមាននាវាល្បាតឆ្នេរសមុទ្រប្រតិបត្តិការក្នុងដែនសមុទ្រដែលមានជម្លោះ និងការកសាងកោះសិប្បនិម្មិតជាច្រើន ដែលកោះសប្បនិម្មិតមួយចំនួនអាចធ្វើជាទីតាំងតម្លើងប្រព័ន្ធរ៉ាដា និងទីតាំងឈរជើងយន្តហោះចម្បាំងបាន។
ប្រទេសព្រុយណេ ម៉ាឡេស៊ី និងវៀតណាម រួមទាំងប្រទេសហ្វីលីពីន បានអះអាងភាពជាម្ចាស់លើដែនទឹកសមុទ្រចិនផងដែរ។
ក្រោយពេលដែលមានការចោទប្រកាន់ថា នាវាចិនបានប្រើប្រាស់សំឡេងស៊ឺរ៉ែនបណ្តេញនាវាល្បាតឆ្នេរសមុទ្ររបស់ហ្វីលីពីនមក លោក Alejano បានបង្ហោះសារនៅលើទំព័រ Facebook កាលពីថ្ងៃទី៤ ខែតុលានេះ៖ «នេះជាអ្វីដែលហ្វីលីពីនត្រូវមានការប្រុងប្រយ័ត្ន ស្របពេលដែលហ្វីលីពីនកំពុងពិភាក្សាជាមួយប្រទេសចិន យើងមិនត្រូវឲ្យកងកម្លាំងល្បាតរបស់យើងចុះខ្សោយឡើយ»។
សារបង្ហោះនេះ ទទួលបានការចុចចូលចិត្ត (like) ចំនួន៥៤០ដង ការចែករំលែកចំនួន៣៤៦ដង និងការចូលរួមបញ្ចេញយោបល់ចំនួន៥០ដង គិតត្រឹមពាក់កណ្តាលថ្ងៃពុធកន្លងទៅ។
ដោយសារតែតុលាការអាជ្ញាកណ្តាលពិភពលោក បានចេញសាលដីកាជំទាស់មូលដ្ឋានច្បាប់ដែលទាមទារដោយប្រទេសចិនកាលពីឆ្នាំមុននេះ រដ្ឋាភិបាលក្រុងប៉េកាំង បានព្យាយាមសម្របសម្រួលជាមួយនឹងប្រទេសទាមទារផ្សេងៗទៀត។
លោកប្រធានាធិបតី Duterte បានទុករឿងជម្លោះដែនសមុទ្ររវាងហ្វីលីពីន និងចិនមួយឡែកសិន បន្ទាប់ពីលោកបានចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ២០១៦ ដើម្បីពង្រីកវិសាលភាពគោលនយោបាយការបរទេសរបស់ហ្វីលីពីន។ ក្នុងខែតុលា ឆ្នាំ២០១៦ ប្រទេសចិនបានសន្យាផ្តល់ជំនួយ និងធ្វើការវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ២៤ពាន់លានដុល្លារដល់ហ្វីលីពីន ដែលជាជំនួយក្រៅបន្ថែមលើផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរយៈពេល៥ឆ្នាំ។
ទទួលបានការចាប់អារម្មណ៍
របាយការណ៍របស់លោក Alejano ទទួលបានការចាប់អារម្មណ៍ពីប្រធានតុលាការកំពូល និងបញ្ញវន្តនៅក្រៅប្រទេសជាច្រើន ក្នុងនោះរួមមានស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ RAND ដែលមានមូលដ្ឋាននៅរដ្ឋ California ដែលតាមដានបញ្ហាសមុទ្រចិនខាងត្បូង។
លោក Jay Batongbacal នាយកនៃវិទ្យាស្ថានកិច្ចការដែនសមុទ្រ និងច្បាប់សមុទ្រនៃសាកលវិទ្យាល័យហ្វីលីពីន បាននិយាយថា៖ «សម្រាប់អ្នកសិក្សាស្រាវជ្រាវ ពិតណាស់ហើយ យើងក៏បានដឹងពីរឿងនេះដែរ ពីព្រោះប្រភពព័ត៌មាននេះ អាចជឿជាក់បាន។ តាមការប៉ាន់ស្មានរបស់ខ្ញុំ គាត់ទទួលព័ត៌មាននេះពីកងទ័ពដែលខកចិត្តក្នុងរឿងនេះ ហើយគិតគូរពីរឿងដែលកំពុងកើតឡើងនៅតំបន់ប្រជុំកោះSpratly»។
លោក Alejanoបានបញ្ជាក់ឲ្យដឹងថា អ្នកផ្តល់ព័ត៌មាននោះ គឺជា «មិត្តភក្តិ» ក្នុងជួរកងទ័ព ប៉ុន្តែលោកបានបដិសេធបញ្ចេញប្រភព។ លោកបាននិយាយថា លោកបានជជែកជាមួយប្រជានេសាទកាលពីខែមីនា និងមេសា ដើម្បីផលិតឯកសារមួយដែលមានចំណងជើងថា «ការរំលោភបំពាន» ពីរដ្ឋាភិបាលប្រទេសចិន។
លោក Collin Koh ជាអ្នកសិក្សាស្រាវជ្រាវផ្នែកសន្តិសុខដែនសមុទ្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី បាននិយាយថា ការអំពាវនាវឲ្យមានការយកចិត្តទុកដាក់លើសកម្មភាពរបស់ប្រទេសចិន នៅក្នុងដែនសមុទ្រ នឹងបង្អាក់ដល់គម្រោងការរបស់ចិន។
លោក Koh បានបន្ថែមថា៖ «ខ្ញុំគិតថា ក្នុងកម្រិតណាក៏ដោយ អ្នកតំណាងរាស្រ្តរូបនេះ ត្រូវតែដើរតួជាអ្នកជំទាស់បែបហ្នឹងឯង ពីព្រោះរឿងហ្នឹងគឺថា ប្រសិនបើអ្នកក្រឡេកមើលចំណាត់ការមុន រដ្ឋាភិបាលចិនគឺតែងតែចង់ឲ្យដៃគូប្រជែងផ្សេងៗទៀតនៅស្ងាត់ស្ងៀម និងព្យាយាមធ្វើឲ្យរឿងនោះមិនឲ្យឮខ្ទរខ្ទារទេ មិនលលេងជុំវិញរឿងហ្នឹង ហើយមិនឲ្យសូម្បីតែផ្សព្វផ្សាយជាសាធារណៈឡើយ»។
ចិនក៏ធ្លាប់បានធ្វើឲ្យប្រទេសនានាទាស់ចិត្តផងដែរ រួមមានដូចជាប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី តាមរយៈការបញ្ជូននាវាឆ្លងកាត់ដែនទឹកជម្លោះ បើទោះជាមានចំណងទំនាក់ទំនងជិតស្និទ្ធក៏ដោយ។ ប្រទេសទាំងនោះ កម្រតទល់តបនឹងប្រទេសចិនជាសាធារណៈណាស់។
កាលពីដើមឆ្នាំនេះ លោក Alejano ក៏បានដាក់ពាក្យប្តឹងចោទប្រកាន់លោកប្រធានាធិបតី Duterte បន្ទាប់ពីបានដឹងថា លោកប្រធានាធិបតីដឹងថា មាននាវាស្រាវជ្រាវរបស់ប្រទេសចិនចតនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៦។
លោកបាននិយាយថា ពេលខ្លះរដ្ឋាភិបាលបដិសេធក្នុងការផ្តល់ព័ត៌មាននេះ។ លោកបានបញ្ជាក់ក្នុងសំដីដើមថា៖ «យើងចង់ឲ្យលោកប្រធានាធិបតី Duterte ទទួលខុសត្រូវចំពោះមុខប្រជាជន»។
ជាចេតនាសម្ងាត់ណាមួយឬ?
បើតាមការរំពឹងគិតរបស់ក្រុមអ្នកវិភាគ លោក Alejano ដែលជាបុគ្គលមានទំនាក់ទំនងស្និទ្ធជាមួយអតីតក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងសមាជិកព្រឹទ្ធសភាពលោក Antonio Trillanes ផងនោះ អាចនឹងកំពុងទាក់ទាញចំណាប់អារម្មណ៍តាមរយៈបណ្តាញសង្គមព័ត៌មាន ដើម្បីឈ្នះការបោះឆ្នោតព្រឹទ្ធសភានាពេលអនាគត ។ លោក Alejano បាននិយាយថា លោកមិនមានផែនការដូច្នេះទេ។
លោក Eduardo Araral សាស្រ្តាចារ្យរងនៃមហាវិទ្យាល័យគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា៖ «ខ្ញុំមិនមានទំនុកចិត្តខ្លាំងលើបុរសម្នាក់ហ្នឹងទេ។ ក្រុមរបស់លោកចេញមកដើម្បីបំបាក់ប្រជាប្រិយភាពលោកប្រធានាធិបតី Duterte ហើយអ្វីដែលកាន់តែច្បាស់បំផុតនោះ គឺគាត់ចង់ស្នងតំណែងសមាជិកព្រឹទ្ធសភា Trillanes ដោយបង្ហាញខ្លួនឯងថា ជាមនុស្សម៉ឺងម៉ាត់»។
ប៉ុន្តែ អ្នកសិក្សាស្រាវជ្រាវ យល់ថា របាយការណ៍នេះអាចនឹងចេញផ្សាយបន្ថែមទៀតហើយចង់ឲ្យគេឯងដឹងឮ៕
ប្រែសម្រួលដោយ កោះ សុគន្ធី