ប្រទេសហ្វីលីពីននិយាយថានាវាមួយរបស់ខ្លួនមានការខូចខាតនៅក្នុងការប៉ះទង្គិចមួយជាមួយនាវាឆ្មាំសមុទ្រចិននៅក្នុងតំបន់មានជម្លោះមួយនាសមុទ្រចិនខាងត្បូងនៅថ្ងៃអង្គារនេះ។
កងឆ្នាំសមុទ្រហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនិយាយថានាវាខ្លួនពីរគ្រឿងបានដឹកជញ្ជូនស្បៀងអាហារនិងប្រេងឥន្ធនៈទៅឱ្យក្រុមអ្នកនេសាទធ្វើការនៅជិតតំបន់ខ្ពង់រាបក្រោមបាតសមុទ្រ Scarborough Shoal ដែលជាតំបន់មានថ្មប៉ប្រះទឹកសំបូរត្រី ដែលត្រូវរឹបអូសដោយប្រទេសចិនកាលពីឆ្នាំ២០១២ទោះជាតំបន់នោះឋិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចម្ងាយជាង៣៧០គីឡូម៉ែត្រនៃប្រទេសហ្វីលីពីនក៏ដោយ។ វីដេអូថតដោយក្រុមអ្នកកាសែតនៃទូរទស្សន៍អង់គ្លេស BBC នៅលើនាវាមួយក្នុងបណ្តានាវាទាំងនេះបង្ហាញថានាវាមួយគ្រឿងទៀតបានរងការបាញ់កាណុងទឹកពីនាវាចិនពីរគ្រឿង។ នាវាហ្វីលីពីននេះមានការខូចខាតនៅរបាំងការពារនិងរបាំងទប់ទល់នឹងចំណាំងថ្ងៃ។
កងឆ្មាំសមុទ្រហ្វីលីពីននិយាយថាចិនបានដាក់របាំងបណ្តែតទឹកមួយនៅកន្លែងចូលទៅក្នុងតំបន់មានថ្មប៉ប្រះទឹកនេះ។
កងឆ្មាំសមុទ្រចិនថ្លែងថាពួកគេបានបណ្តេញនាវាហ្វីលីពីនពីរគ្រឿងដែលរដ្ឋាភិបាលក្រុងម៉ានីល បានបដិសេធ។
ឧប្បត្តិហេតុនៅថ្ងៃអង្គារនេះជាការប្រឈមមុខដាក់គ្នាថ្មីបំផុតរវាងនាវាឆ្នាំឆ្នេរសមុទ្រចិននិងហ្វីលីពីននៅជិតតំបន់ថ្មប៉ប្រះទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូងកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មានReuters និង Agence France-Presse