ប្រធានាធិបតីហ្វីលីពីនបានព្រមព្រៀងបិទសកម្មភាពសង្គមនៅក្នុងរដ្ឋធានីម៉ានីល និងនៅតាមបណ្ដាខេត្តមួយចំនួន បន្ទាប់ពីក្រុមគ្រូពេទ្យបានព្រមានថា ហ្វីលីពីនអាចនឹងមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ខ្លាំង ខណៈដែលករណីឆ្លងជំងឺនេះកំពុងបន្ដកើនឡើង។
លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតី បានថ្លែងកាលពីថ្ងៃចន្ទថា រដ្ឋធានីម៉ានីល ដែលមានពលរដ្ឋរស់នៅជាង ១២ លាននាក់ និងខេត្តចំនួន ៥ ដែលមានមនុស្សរស់នៅច្រើនកុះករ នឹងត្រូវបិទសកម្មភាពសង្គមឡើងវិញរយៈពេលពីរសប្ដាហ៍ ចាប់ពីថ្ងៃអង្គារនេះតទៅ។
ចំណាត់ការនេះ ដែលត្រូវបានក្រុមមន្ត្រីសេដ្ឋកិច្ចជំទាស់ នឹងហាមឃាត់មិនឱ្យពលរដ្ឋចេញដំណើរពីផ្ទះនោះទេ បើមិនចាំបាច់។
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបន្ធូរបន្ថយការបិទសកម្មភាពសង្គមកាលពីថ្ងៃទី១ ខែមិថុនា ដើម្បីជួយដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស។
យោងតាមការរឹតត្បិតថ្មីនេះ ប៉ុស្ដិ៍ល្បាតប៉ូលិសនឹងដាក់នៅតាមទីកន្លែងមួយចំនួន ដើម្បីធានាថា មានតែអ្នកដែលមានសមត្ថកិច្ច ដូចជាបុគ្គលិកពេទ្យ និងនិយោជិតនៅតាមក្រុមហ៊ុនសំខាន់ៗប៉ុណ្ណោះ ដែលអាចចាកចេញពីផ្ទះរបស់ពួកគេបាន។ នេះបើតាមការបញ្ជាក់របស់លោក Eduardo Ano រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕