ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ហ្វីលីពីន​បាន​សម្លាប់​ជន​សង្ស័យ​ជា​សកម្មជន​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់

នេះ​ជា​រូបភាព​របស់​មេដឹកនាំ Isnilon Hapilon ដែល​ជា​សកម្មជន​មួយ​រូប។

ជន​សង្ស័យ​ជា​ជន​សកម្ម​ប្រយុទ្ធ​ឥណ្ឌូនេស៊ី​បាន​ត្រូវ​សម្លាប់ ​ហើយ​ជន​សង្ស័យ​ជា​ភេរវជន​កំពូល​ម្នាក់​ទៀតនៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​រង​របួស​យ៉ាង​ធ្ងន់​នៅពេល​ដែល​ហ្វីលីពីន​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​តាម​អាកាស​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​លោក​ទី​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ ​នេះ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​យោធា​ហ្វីលីពីន។

ឧត្តម​សេនីយ៍ Eduardo Ano នាយក​អគ្គសេនាធិ​ការ​កងទ័ព ​បាន​និយាយ​ថា ​សព​របស់​ជន​សង្ស័យ​ជា​សកម្មជន​ឥណ្ឌូនេស៊ីដែល​មាន​ឈ្មោះ​នៅ​ពេល​ធ្វើ​សង្គ្រាម​ថា Mohisen ​បាន​ត្រូវ​កងទ័ព​រក​ឃើញជាមួយ​សព​ជន​សកម្ម​ប្រយុទ្ធ​ហ្វីលីពីន​៣​នាក់​ទៀតដែល​ជា​អ្នក​គាំទ្រ Isnilon Hapilon ជា​មេដឹកនាំ​ជន​សកម្ម​ប្រយុទ្ធ​ដែល​បាន​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ខាង​ក្រៅទីក្រុង Butig នៅ​ក្នុង​ខេត្ត Lanao del Sur។

លោក​ឧត្តមសេនីយ៍ Ano និយាយដោយ​ផ្អែក​លើ​ការ​ស៊ើបការណ៍​សម្ងាត់​ថា មាន​សេចក្តី​រាយការណ៍ថា ​ជន​សកម្ម​ប្រយុទ្ធ​១១​នាក់​ផ្សេង​ទៀត ​បាន​ស្លាប់ ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ទៀត​ថា​ សាកសព​របស់​ពួកគេ មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ។

លោក Anoនិង​មន្រ្តី​កងទ័ព​អាកាស​ផ្សេង​ទៀត​និយាយ​ថា Hapilon ​បាន​ត្រូវ​របួស​ហើយដៃ​ហើយ​បាន​បាត់​បង់​ឈាម​យ៉ាង​ខ្លាំង​បន្ទាប់​ពី​យន្តហោះ​របស់​កងទ័ព​អាកាស រួម​មាន​យន្តហោះ​ប្រយុទ្ធ​លឿន​ជាង​សំឡេង​ប្រភេទ FA50 បាន​ទម្លាក់​គ្រាប់​បែក​ដែល​មាន​ទម្ងន់​២២៥គីឡូក្រាម​កាល​ពី​យប់​ថ្ងៃ​ពុធ​និងថ្ងៃ​ព្រហស្បតិ៍​ទៅ​លើ​ជំរំ​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​បន្ត​មាន​ឡើង។​ វា​ជា​លើ​កទី​មួយ​ដែល​យន្តហោះ​ចម្បាំង​ប្រភេទ FA 50 ​ដែល​បាន​ទទួល​ពី​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​ចុងឆ្នាំ​២០១៥​ជា​យន្តហោះ​ប្រយុទ្ធ​របស់​កងទ័ពបាន​ត្រូវ​ប្រើ​ប្រាស់​នៅ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​នោះ៕