នៅដើមឆ្នាំ២០១៩នេះ សហគមន៍ជាច្រើននៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដែលឈានចូលដល់ឆ្នាំទី៧ហើយ។ រដ្ឋនៅភូមិភាគឦសានប្រមាណជា៦០%នឹងមានគ្រោះរាំងស្ងួត។ មិនមែនមានតែកសិករនោះទេដែលជាអ្នករងគ្រោះនោះ ប៉ុន្តែក្រុងនានានៅក្នុងតំបន់ក៏កំពុងប្រឈមមុខនឹងបញ្ហានេះដែរ ហើយក្រុមមន្ត្រីមូលដ្ឋាននិយាយថា ពួកគេត្រូវការជំនួយថវិកាពីរដ្ឋាភិបាលបន្ថែមទៀតសម្រាប់ជួសជុលផ្លូវថ្នល់ និងខ្សែរថភ្លើងជាដើម។
ទឹកភ្លៀងដ៏ច្រើនលើសលប់ដែលមិនធ្លាប់មានបានធ្វើឲ្យតំបន់នានានៅភាគខាងជើងរដ្ឋ Queensland មានទឹកជំនន់កាលពីខែធ្នូ ប៉ុន្តែ៦០ភាគរយនៃផ្នែកផ្សេងទៀតរបស់រដ្ឋដ៏ធំទី២របស់អូស្ត្រាលីមួយនេះ កំពុងប្រឈមនឹងរងគ្រោះរាំងស្ងួត។ រដ្ឋនេះធំជាងរដ្ឋ Texas របស់សហរដ្ឋអាមេរិកដល់ទៅ២ដងកន្លះ។
តំបន់ខ្លះកំពុងទទួលរងគ្រោះពីភាពរាំងស្ងួតអស់រយៈពេល៧ឆ្នាំជាប់ៗគ្នា។ សម្រាប់កសិករជាច្រើនដែលរងគ្រោះដោយផ្ទាល់ពី «គ្រោះរាំងស្ងួតដែលគេស្គាល់ថា Big Dry» ដោយសារខ្វះទឹកភ្លៀងកំពុងធ្វើឲ្យពួកគេប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ ប្រាក់ចំណេញពីវិស័យកសិកម្មនៅក្នុងរដ្ឋ Queensland ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០១៩ ដែលនឹងប៉ះពាល់ដល់អាជីវកម្មជាច្រើននិងកសិកររាប់ពាន់គ្រួសារ ។ រោងចក្រផលិតគ្រាប់ធញ្ញជាតិ និងកសិដ្ឋានផលិតផលទឹកដោះគោត្រូវបានគេរំពឹងថានឹងរងគ្រោះខ្លាំងជាងគេ។
កាលពីខែសីហានាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានធ្វើទស្សនកិច្ចទៅកាន់តំបន់មួយចំនួនដែលរងគ្រោះដោយសារភាពរាំងស្ងួតនៅក្នុងរដ្ឋ Queensland និងបានសន្យាថា នឹងផ្តល់ថវិកាចំនួន៣ពាន់៥រយលានដុល្លារសម្រាប់ជួយសហគមន៍នេះឲ្យឆាប់ស្តារស្ថានភាពឡើងវិញ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត។ ប៉ុន្តែសហគមន៍មួយចំនួនចង់បានថវិកាបន្ថែមដើម្បីធ្វើឲ្យប្រសើឡើងនូវហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវថ្នល់ និងខ្សែរថភ្លើងនៅតាមតំបន់ដាច់ស្រយាល។
នៅក្នុងក្រុងកសិកម្មដាច់ស្រយាលឈ្មោះ Boulia ដែលមានចម្ងាយប្រមាណ១.៧០០គ.មពីក្រុង Brisbane លោកអភិបាលក្រុង Rick Brittonបានព្រមានថាគ្រោះរាំងស្ងួតអាចនឹងប៉ះពាល់ដល់កសិករជាច្រើន។ លោកអភិបាលក្រុង Rick Britton បាននិយាយថា «ប្រសិនបើយើងមានគ្រោះរាំងស្ងួតម្តងទៀតនោះ កសិដ្ឋានជាច្រើននឹងត្រូវបិទទ្វារ ហើយខ្ញុំមិនដឹងថាផលប៉ះពាល់ក្នុងរយៈពេលវែងនេះនឹងមានទំហំប៉ុនណានោះទេ។ វាមិនតិចតួចនោះទេ។ ប្រសិនបើគ្មានការផ្លាស់ប្តូររដូវនៅចន្លោះពីពេលនេះ រហូតដល់ខែមេសាទេនោះ ខ្ញុំអាចមើលឃើញថាអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មជាលក្ខណៈគ្រួសារនឹងអស់ទំនិញពីស្តុក គឺគ្មានអ្វីនៅសល់នោះទេ»។
រដ្ឋាភិបាលរដ្ឋ Queensland បានប្រកាសថា ឆ្នាំ២០១៩ នឹងក្លាយជាឆ្នាំនៃទេសចរណ៍ទៅកាន់តំបន់ដាច់ស្រយាល (Year of Outback Tourism) ដើម្បីជួយដល់សហគមន៍នានាដែលរងគ្រោះដោយសារភាពរាំងស្ងួត។
អូស្ត្រាលីជាប្រទេសដែលតែងតែជួបប្រទះគ្រោះធម្មជាតិធ្ងន់ធ្ងរ។ រលកកម្តៅនាពេលថ្មីៗនេះបានធ្វើឲ្យសីតុណ្ហភាពនៅរដ្ឋ Western Australiaឡើងដល់៤៩អង្សាសេ ខណៈមានខ្យល់ព្យុះបោកបក់តាមតំបន់ឆ្នេរនៅក្នុងតំបន់ Northern Territory។ ភ្លើងឆេះព្រៃក៏កើតមាននៅក្នុងក្រុង Hobart រដ្ឋTasmania ដែលបានបណ្តាលឲ្យមានផ្សែងដ៏គ្រោះថ្នាក់ផងដែរ។
កាលពីខែសីហាអាជ្ញាធរបានប្រកាសជាផ្លូវការថា គ្រោះរាំងស្ងួតបានកើតមាននៅទូទាំងរដ្ឋ New South Wales របស់អូស្ត្រាលី។
អូស្ត្រាលីគឺជាប្រទេសមានគ្រោះរាំងស្ងួតខ្លាំងបំផុតទី២នៅក្នុងពិភពលោក។ ទឹកភ្លៀងប្រចាំឆ្នាំជាមធ្យមមានចំនួនតិចជាង៦០០មីលីម៉ែត្រ គ្របដណ្តប់ជាង៨០%នៃផ្ទៃប្រទេសទាំងមូល៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ