កម្ពុជាកំពុងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយអាក់ខានប្រារព្ធពិធីបុណ្យប្រពៃណីជាតិមួយនេះអស់រយៈពេលបីឆ្នាំ ដោយសារផលវិបាកផ្សេងៗដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺកូវីដ១៩។
ពិធីបុណ្យអុំទូកនេះមានតាំងពីសម័យអង្គររហូតមក ហើយប្រជាពលរដ្ឋខ្មែរជាទម្លាប់បានប្រារព្ធធ្វើពិធីបុណ្យនេះ ដើម្បីធ្វើការប្រណាំងទូកដែលរចនាតាមបែបបុរាណសម័យ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។
នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ គេឃើញមានមនុស្សជាច្រើនចូលរួម និងទស្សនាការប្រណាំងទូក ហើយសំឡេងស្រែកអ៊ូអរក៏បានលេចឡើងចេញទូកកំពុងប្រណាំងដែលអមដោយកាយវិការរបស់កីឡករតាមទូកនីមួយៗដែលកំពុងអុំយ៉ាងញាប់ដៃលើដងទន្លេចតុមុខផងដែរ។
កំពុងអង្គុយទស្សនាការប្រណាំងទូកនៅច្រាំងទន្លេ ក្បែរព្រះបរមរាជវាំង លោក សែម វិចិត្រ អាយុ៦២ឆ្នាំ មកពីខេត្តក្រចេះ ប្រាប់វីអូអេថា លោកពិតជាមានអារម្មណ៍រីករាយយ៉ាងក្រៃលែងដែលបានអញ្ជើញមកពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញនៅឆ្នាំនេះ។ លោកបង្ហាញការដឹងគុណចំពោះរដ្ឋាភិបាលដែលបានរៀបចំពិធីបុណ្យជាតិនេះឡើងវិញ ក្រោយមិនបានប្រារព្ធអស់រយៈពេល៣ឆ្នាំមកហើយនោះ។
លោកថ្លែងថា៖ «ដល់ចាប់ផ្តើមបុណ្យជាលើកដំបូងនៅឆ្នាំ២០២៣ ខ្ញុំអបអរសាទរ និងថ្លែងអំណរគុណដល់អ្នកថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់»។
សម្រាប់លោក សែម វិចិត្រ លោកចង់ឲ្យមានការប្រារព្ធពិធីបុណ្យអុំទូកនេះជារៀងរាល់ឆ្នាំ ដោយមិនគួរមានការអាក់ខានណាមួយឡើយ ដោយលោកថា ពិធីបុណ្យនេះជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ លោកថ្លែងទៀតថា បើទោះបីជាមិនបានប្រារព្ធឡើងនៅរាជធានីភ្នំពេញក្តី ក៏គួរតែមានការប្រារព្ធនៅតាមបណ្តាខេត្តនានាផងដែរ។
លោកថ្លែងថា៖ «ពិសេសនៅទីក្រុងភ្នំពេញហ្នឹង យើងត្រូវតែធ្វើរៀងរាល់ឆ្នាំមិនឲ្យខានទេ អាហឹ្នងវាជាទំនៀមទម្លាប់ប្រវត្តិការតស៊ូរបស់ខ្មែរយើង ដែលរឿងសំខាន់លើកីឡាទូកងដែលជារបស់ជាតិខ្មែរយើងពីបរមបុរាណមក យើងមិនអាចបោះបង់ចោលបានទេ»។
ចំណែកប្រជាពលរដ្ឋមួយរូបទៀតដែលកំពុងអង្គុយសម្រាកពិសារអាហារថ្ងៃត្រង់ជាមួយក្រុមគ្រួសារ នៅពីមុខព្រះបរមរាជវាំង អ្នកស្រី អូក សាវី អាយុ២៥ឆ្នាំ មកពីក្រុងអរិយក្សត្រ ក៏មានអារម្មណ៍សប្បាយចិត្តជាខ្លាំងផងដែរ ដោយបានមកចូលរួមពិធីបុណ្យអុំទូកនេះ។ អ្នកស្រីលើកឡើងថា ពិធីបុណ្យអុំទូកឆ្នាំនេះមានលក្ខណៈខុសប្លែកពីពេលកន្លងទៅ ក្រោយកម្ពុជាបានធូរស្បើយពីជំងឺឆ្លងកូវីដ១៩។
អ្នកស្រីថ្លែងថា៖ «ដូចថាយើងទើបរួចពីកូវីដ អ៊ីចឹងមានអារម្មណ៍ថាប្លែក ហើយចង់ឲ្យប្រារព្ធរាល់ឆ្នាំ។ ដូចរាល់ឆ្នាំសប្បាយហើយមានអ្នកចូលរួមច្រើន»។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយពីលោក ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ពិធីបុណ្យអុំទូកបានកំពុងប្រារព្ធឡើងនៅបណ្តារាជធានីខេត្តនានាដែលមានដងទន្លេ និងបឹង ដើម្បីជាការអបអរ និងជាការទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តនៅទីកន្លែងទាំងអស់នោះ។
កាលពីឆ្នាំ២០១៩ ដែលជាឆ្នាំចុងក្រោយដែលកម្ពុជាបានរៀបចំពិធីបុណ្យអុំទូក កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៥លាន៨សែននាក់ ហើយក្នុងឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរក៏ត្រូវបានប៉ានស្មានថាអាចប្រហាក់ប្រហែលនឹង២០១៩ដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក។
លោកថ្លែងថា៖ «ជាការយល់ឃើញរបស់ខ្ញុំអាចថាប្រហាក់ប្រហែលគ្នានឹងតួរលេខ២០១៩ ព្រោះអាចថាយើងខានប្រារព្ធនូវព្រះរាជពិធីបុណ្យអុំទូកនេះ៣ឆ្នាំហើយ២០២០ ២០២១ ២០២២។ អ៊ីចឹងបងប្អូនប្រជាពលរដ្ឋរបស់យើង ក៏ដូចជាទេសចរហ្នឹងអាចដើរលេងកម្សាន្តច្រើន អាចខ្ទង់ប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ ដែរ»។
គួររំឭកថា កម្ពុជាបានខកខានមិនបានប្រារព្ធពិធីបុណ្យអុំទូកនេះអស់រយៈពេលបីឆ្នាំមកហើយគិតចាប់តាំង ២០២០ មក ដោយរដ្ឋាភិបាលបានលើកឡើងហេតុផលនៃបញ្ហាប្រឈមនានាដែលកើតចេញពីវិបត្តិកូវីដ១៩ ហើយកាលពីឆ្នាំ ២០២២ ការអាក់ខានប្រារព្ធពិធីនេះ គឺដោយសារកម្ពុជាបានធ្វើជាមា្ចស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន៕