ក្រសួងការពារប្រទេសស.រ.អា.មិនបានបើកប្រាក់រាប់សិបលានដុល្លារនៃជំនួយយោធាទៅឱ្យប្រទេសប៉ាគីស្ថាន ទេនៅក្រោយលោករដ្ឋមន្ត្រីការពារប្រទេសអាមេរិក Jim Mattis បានសម្រេចថារដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ មិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់ក្នុងការបង្ក្រាបបណ្តាញ Haqqani ដែលមានចំណងទាក់ទងជាមួយពួកតាលីបង់។
កាលពីថ្ងៃសុក្រ លោក Mattis បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅឯក្រសួងការពារប្រទេសថា «នេះគ្រាន់តែជាការស្ទង់ប៉ាន់មើលស្ថានភាពបច្ចុប្បន្ន។ វាមិនមែនជាគោលនយោបាយទេ។ វាជាការពិត»។
កាលពីអតីតកាល ស.រ.អា.ក៏បានប្រកែកមិនព្រមបង់ផ្នែកខ្លះនៃជំនួយយោធាឱ្យដល់ប្រទេសប៉ាគីស្ថានដែរដោយបានបង្ខាំងទុកប្រាក់បីរយលានដុល្លារកាលពីឆ្នាំទៅមិញ។ ប្រទេសប៉ាគីស្ថានបានទទួលប្រាក់៥៥០លានដុល្លារក្នុងចំនួនទឹកប្រាក់៩០០លានដុល្លារដែលមានការអនុញ្ញាតឱ្យប្រទេសនេះទទួលក្នុងឆ្នាំសារពើពន្ធ២០១៦។
សេចក្តីសម្រេចរបស់លោក Mattis មានផលប៉ះពាល់លើប្រាក់ចំនួន៥០លានដុល្លារដែលបានត្រូវកំណត់កាលពីពេលមុនសម្រាប់ផ្តល់ឱ្យប្រទេសប៉ាគីស្ថាន។
លោក Adam Stump អ្នកនាំពាក្យនៃក្រសួងការពារប្រទេសស.រ.អា.បាននិយាយថាលោក Mattis «មិនអាចបញ្ជាក់ថាប្រទេសប៉ាគីស្ថាន បានធ្វើសកម្មភាពគ្រប់គ្រាន់ប្រឆាំងនឹងបណ្តាញ Haqqani តាមការតម្រូវឱ្យមាននៅក្នុងច្បាប់នៃការអនុញ្ញាតខាងកិច្ចការពារជាតិហៅកាត់ថា NDAA ក្នុងឆ្នាំសារពើពន្ធ២០១៦ទេ៕