ក្រសួងការពារជាតិ​ច្រានចោល​ការ​ចោទ​ប្រកាន់​លើកទីពីរ​ពីការចូលពាក់​ព័ន្ធ​ក្នុងរដ្ឋ​ប្រហារ​នៅ​តួកគី

អ្នកធ្វើបាតុកម្មប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅតួកគីបានគ្រវីទង់ជាតិដ៏ធំមួយសម្បើមមួយនៅឯការជួបជុំមួយនៅថ្ងៃចន្ទនេះ។

ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​យ៉ាងខ្លាំង​ចំពោះ​សុន្ទរកថា​របស់​លោកប្រធានាធិបតី​តួកគី​ថា​កងកម្លាំង​សហរដ្ឋ​អាមេរិក​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​យោធា​មិន​បាន​សម្រេច​មួយ​ក្នុង​ប្រទេស​តួកគី។​

លោក​ Peter Cook ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ប្រាប់​ក្រុមអ្នករាយការណ៍​ព័ត៌មាន​កាលពីថ្ងៃសុក្រ​ថា៖

«ការលើកឡើង​ថា​មាន​អ្នកណាម្នាក់​នៅក្នុង​ក្រសួងនេះ​បាន​គាំទ្រ​ដល់​រដ្ឋ​ប្រហារ​ក្នុង​វិធីណាក៏ដោយ​គឺជា​រឿង​ហួសចិត្ត​មួយ‍»។​

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​រិះគន់​លោក​ឧត្តម​សេនីយ៍​របស់​សហរដ្ឋ​អាមេរិក​មួយ​រូប​គឺលោក​ Joseph Votel ​បន្ទាប់​ពី​លោក​ឧត្តម​សេនីយ៍​រូប​នោះ​បាន​សម្តែងការ​ព្រួយ​បារម្ភ​ពី​«ផលប៉ះពាល់​រយៈពេល​វែង‍»​ពី​រដ្ឋ​ប្រហារ​នេះ​មក​លើ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​កងយោធា​តួកគី។

លោក​ Erdogan ​បាន​និយាយ​ថា៖

«តើ​លោក​ឯងជាអ្នកណាគេ? សូម​ដឹងតែពីកន្លែង​របស់​លោក​ឯងបានហើយ! លោក​ឯង​កាន់ជើង​ពួក​អ្នករៀបចំធ្វើ​រដ្ឋ​ប្រហារ​ជាជាង​អរគុណ​រដ្ឋាភិបាល​ដែល​ទប់ស្កាត់​ការប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារទៅវិញ‍» ​។

លោក​ Votel ​ដឹកនាំ​បញ្ជាការ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក​ដែល​គ្រប់​គ្រង​លើ​ប្រតិបត្តិការ​យោធា​សហរដ្ឋ​អាមេរិក​នៅ​តំបន់​មជ្ឈិម​បូព៌ា។ លោក​ឧត្តម​សេនីយ៍​បាន​ចេញ​សេចក្តី ថ្លែងការណ៍​មួយ​កាលពីថ្ងៃ​សុក្រ​បដិសេធ​នូវ​«រាល់​សេចក្តី​រាយការណ៍​ណា‍»​ដែល​ថា​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ប្រទេស​តួកគីថា​ជា​«ព័ត៌មាន​មិនល្អ​និង​មិនត្រឹមត្រូវ​ទាំងស្រុង‍»៕